កូរ៉េ​ខាង​ត្បូង​ដាក់​ពង្រាយ​ប៉ូលិស​រាប់​ពាន់​នាក់​មុន​មហា​បាតុកម្ម​នៅ​ល្ងាច​ថ្ងៃ​នេះ

ក្រុមសមត្ថកិច្ច​ដែលបានដាក់ពង្រាយ​នៅទីក្រុងសេអ៊ូ(រូបភាពពីទីភ្នាក់ងារChannel News Asia)

ប៉ូលិសកូរ៉េខាងត្បូងរាប់ពាន់នាក់ ត្រូវបានគេរាយការណ៍មកថា ត្រូវបានដាក់ពង្រាយនៅថ្ងៃនេះ នៅមុនផែនការមហាបាតុកម្ម ដែលទាមទារឲ្យប្រធានាធិបតី អ្នកស្រី Park Geun-hye ចុះចេញតំណែង ជុំវិញរឿងអាស្រូវពុករលួយ។

ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា អ្នកស្រី Park បានថ្លែងសុំទោសតាមទូរទស្សន៍ទាំងទឹកភ្នែកកាលពីថ្ងៃម្សិលមិញក៏ដោយ ហើយអ្នកស្រីបានយល់ព្រមឲ្យគេស៊ើបអង្កេតជាផ្លូវការចំពោះអំពើពុករលួយនោះ។ ប៉ុន្តែ ទោះបីជាយ៉ាងនេះក្ដី ក៏ក្រុមបាតុករប្រហែល ៤ម៉ឺននាក់ ត្រូវបានគេរំពឹងថានឹងចេញធ្វើបាតុកម្មនៅកណ្ដាលទីក្រុងស៊េអូល។

ប៉ូលិសបានដាក់បម្រាមទៅក្រុមបាតុករ មិនឲ្យដើរដង្ហែក្បួនតាមដងផ្លូវនោះឡើយ ដោយព្រួយបារម្ភពីការកកស្ទះចរាចរណ៍ ប៉ុន្តែ ក្រុមបាតុករនឹងព្យាយាមដង្ហែក្បួនទៅកាន់វិមានខៀវរបស់ប្រធានាធិបតី ហើយប៉ូលិស ២ម៉ឺននាក់ ត្រូវបានគេដាក់ពង្រាយនៅទីក្រុងមួយនេះ។

ក្នុងសុន្ទរកថាថ្លែងតាមទូរទស្សន៍ទៅកាន់ប្រជាជនកាលពីថ្ងៃម្សិលមិញ អ្នកស្រី Park បានថ្លែងថា រឿងអាស្រូវពាក់ព័ន្ធនឹងមិត្តភក្តិយូរឆ្នាំរបស់អ្នកស្រី គឺអ្នកស្រី Choi Soon-Sil នោះ គឺជាកំហុសរបស់អ្នកស្រី ប៉ុន្តែ អ្នកស្រីបានបដិសេធសេចក្ដីរាយការណ៍នានា ដែលភ្ជាប់អ្នកស្រី និងអ្នកស្រី Choi ទៅនឹងជំនឿអរូបិយ។

ការស៊ើបអង្កេតជាផ្លូវការមួយ គឺផ្ដោតទៅលើការចោទថា អ្នកស្រី Choi អាយុ ៦០ឆ្នាំ បានប្រើប្រាស់ទំនាក់ទំនងរបស់អ្នកស្រីជាមួយអ្នកស្រី Park ដើម្បីកំហែងយកប្រាក់ដ៏ច្រើនពីក្រុមហ៊ុនក្នុងស្រុក បញ្ចូលទៅក្នុងមូលនិធិមួយដែលអ្នកស្រី Choi បានបង្កើតឡើង។

អ្នកស្រី Choi ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍កន្លងមក ក្រោមការចោទប្រកាន់ពីបទឆបោក និងរំលោភអំណាច ប៉ុន្តែ កំហឹងមហាជន បានផ្ដោតខ្លាំងទៅលើការចោទថា អ្នកស្រីបានលូកលាន់ក្នុងកិច្ចការរដ្ឋ និងចូលមើលឯកសារសម្ងាត់របស់ជាតិ ខណៈដែលអ្នកស្រីមិនមានតំណែងផ្លូវការ ឬការយល់ព្រមណាមួយនោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ