ឌុម កែវដា ​​​​​​​​​​​​ក្លាយជា​​ម្ចាស់ខ្សែ​ក្រវាត់​អន្តរជាតិ​ផ្លូវការ

ឌុម កែវដា ម្ចាស់ខ្សែក្រវាត់ក្នុងព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់អន្តរជាតិខារ៉ាបាវ

នៅទីបំផុតកីឡាករ ឌុម កែវដា បានក្លាយជាម្ចាស់ខ្សែក្រវាត់សម្រាប់ប្រភេទទម្ងន់៦៣,៥គីឡូក្រាមក្នុងព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់អន្តរជាតិខារ៉ាបាវ ដែលមានកីឡាករខ្មែរ៤នាក់ និងថៃ៤នាក់ប្រកួតប្រជែងគ្នា។ នេះជាការប្រកួតដែលបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីររសៀលថ្ងៃសៅរ៍ទី៥ ខែវិច្ឆិកា។

លោក ញាណ សុធី អ្នករៀបចំការប្រកួតប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍បានអះអាងថា ព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់អន្តរជាតិនេះ មានការចូលរួមដោយកីឡាករកម្ពុជា៤រូប និងកីឡាករមកពីទីក្រុងបាងកកចំនួន៤រូប។ កីឡាករទាំង៨នេះ លោកថាមានការប្រកួតគ្នាយ៉ាងស្វិតស្វាញដោយកីឡាករថៃទាំង៤ត្រូវប្រកួតជាមួយកីឡាករកម្ពុជាខ្វែងគ្នា ដោយមិនឲ្យប៉ះគ្នានោះទេ។ ប៉ុន្តែសម្រាប់ការបូកពិន្ទុគឺក្រុមកីឡាករខាងខ្មែរសរុបពិន្ទុខាងខ្មែរ ហើយកីឡាករថៃបូកពិន្ទុសរុបខាងថៃ។

លោកថាក្នុងក្រុមកីឡាករកម្ពុជា ឌុម កែវដា បានឈរចំណាត់ថ្នាក់លេខ១ ហើយកីឡាករខាងថៃគឺកីឡាករ Pha Yalek ជាអ្នកឈរចំណាត់ថ្នាក់លេខ១។ អ៊ីចឹងហើយការប្រកួតនៅវគ្គចុងបញ្ចប់គឺកីឡាករទាំងពីរបានឡើងប្រកួតគ្នាដណ្ដើមយកខ្សែក្រវាត់ជើងឯក។ លោកបានពន្យល់ថា ការប្រកួតជាលក្ខិណៈអន្តរជាតិដែលទើបបញ្ចប់នេះ មិនមែនជាលើកទី១នោះទេ ដោយសារតែកាលពីខែសីហាកន្លងទៅ ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ក៏បានបញ្ចប់ការប្រកួតបែបនេះមួយលើកផងដែរ ដោយគ្រាន់តែព្រឹត្តិការណ៍នោះ ត្រូវបានរៀបចំដោយក្រុមហ៊ុនមួយផ្សេងទៀត។

លោកថាព្រឹត្តិការណ៍អន្តរជាតិកាលពីលើកទី១ របស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ កាន់ពានដោយកីឡាករ មឿន សុខហ៊ុច បន្ទាប់ពីបានវាយឈ្នះកីឡាករថៃដូចគ្នានឹង ឌុម កែវដា នៅក្នុងពេលនោះ។

លោក ញាណ សុធី បន្តថាកីឡាករ ឌុម កែវដា មកពីក្លឹបម្កុដរាជសីហ៍ និងកីឡាករ Pha Yalek មកពីប្រទេស។ កីទ្បាករទាំងពីរបានឡើងប្រកួតគ្នាយ៉ាងស្វិតស្វាញបំផុត ដោយម្នាក់ៗសុទ្ធតែចង់ដណ្ដើមយកចំណាត់ថ្នាក់លេខ១ ដើម្បីគ្រងតំណែងជាម្ចាស់ខ្សែក្រវាត់។

លោកនិយាយថា៖ «សម្រាប់ការប្រកួតដែលមានកីឡាករបរទេសចូលរួមដើម្បីដណ្ដើមខ្សែក្រវាត់ជាលក្ខណៈអន្តរជាតិចឹង យើងធ្វើបាន២លើកហើយ តែសម្រាប់ការប្រកួតជាអន្តរជាតិរបស់ក្រុមហ៊ុនខារ៉ាបាវគឺជាលើកទី១ អ៊ីចឹងហើយទើបខ្ញុំយល់ថា ឌុម កែវដា គាត់ឈ្នះខ្សែក្រវាត់លើកហ្នឹងក៏មិនអន់ជាងមឿន សុខហ៊ុច ដែលឈ្នះខ្សែក្រវាត់ជើងឯករបស់ក្រុមហ៊ុនស្រាប៊ៀកម្ពុជាមុនហ្នឹងទេ!»

លោកថា ឌុម កែវដា ទទួលបានខ្សែក្រវាត់ជើងឯកជាលក្ខណៈអន្តរជាតិមួយ ពានមួយ និងទឹកប្រាក់ចំនួន២០លានរៀល ឬស្មើនឹង៥ពាន់ដុល្លារ ក្នុងពេលដែលកីឡាករថៃ Pha Yalek ដែលបានត្រឹមចំណាត់ថ្នាក់លេខ២ ទទួលបានពានកិត្តិយសមួយ និងទឹកប្រាក់ចំនួន១២លានរៀល ឬស្មើនឹង៣ពាន់ដុល្លារដូចគ្នានឹងការប្រកួតអន្តរជាតិដែលទូរទស្សន៍អាស៊ីអាគ្នេយ៍បានបញ្ចប់កាលមុន។

លោកថាព្រឹត្តិការណ៍នេះមិនមានចំណាត់ថ្នាក់លេខ៣ និងលេខ៤នោះទេ ដោយសារតែការប្រកួតជើងឯកជាលក្ខណៈអន្តរជាតិ គឺទូរទស្សន៍អាស៊ីអាគ្នេយ៍ និងសហព័ន្ធកីឡាប្រដាល់មិនមានគោលការណ៍ជ្រើសយកចំណាត់ថ្នាក់ក្រៅពី១ និងលេខ២នោះឡើយ។ លោក ញាណ សុធី បន្តថាក្រោយពេលទទួលបានតំណែងជើងឯក កីឡាករ ឌុម កែវដា នឹងត្រូវរៀបចំអោយប្រកួតជាលក្ខណៈការពារខ្សែក្រវាត់អន្តរជាតិក្នុងរយៈពេល៣ទៅ៦ខែក្រោយជាមួយនឹងកីឡាករថៃ ឬបរទេសណាម្នាក់ ដើម្បីលើកមុខលើកមាត់របស់កីឡាកររូបនេះក្រោយពេលឈ្នះជើងឯក។

កីឡាករ ឌុម កែវដា បានអះអាងថានេះជាលើកទី១ដែលលោកទទួលបានកៅអីជើងឯកអន្តរជាតិ ហើយលោកក៏រំពឹងច្រើនដែរថាជ័យជម្នះដែលខ្លួនទទួលបាន នឹងរុញអោយលោកបានក្លាយជាកីឡាករជួរមុខម្នាក់នៅក្នុងពិភពប្រដាល់។ លោកត្រូវគេឃើញទទួលបានសំឡេងទះដៃយ៉ាងកងរំពង បន្ទាប់ពីបានប្រកាសថាឈ្នះពានជើងឯកនៅវគ្គចុងក្រោយ។ កីឡាករថៃ Pha Yalek ក៏បានទទួលស្គាល់ពីការបរាជ័យរបស់ខ្លួនផងដែរ ដោយគ្រាន់តែខាងគណកម្មការប្រដាល់ប្រកាសថាកីឡាករខ្មែរឈ្នះ គឺលោកបានលើកដៃកីឡាករឌុម កែវដា អោយឈ្នះ ដែលបង្ហាញថាលោកពេញចិត្តនឹងលទ្ធផលនោះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ