ប៉ូលិស​ឥណ្ឌូនេស៊ី​ចាប់​ខ្លួន​មនុស្ស​១០​នាក់​ករណី​បាតុកម្ម​ហិង្សា

រូបភាពនៃការបង្ក្រាបក្រុមបាតុកម្ម(រូបភាពពីទីភ្នាក់ងារ Channel News Asia)

ទីភ្នាក់ងារព័ត៌មានអន្តរជាតិ បានផ្សាយថា ប៉ូលិសឥណ្ឌូនេស៊ី បានចាប់ខ្លួនមនុស្ស ១០នាក់ ដែលត្រូវបានគេគិតថា បានបង្កអំពើហិង្សានៅឯមហាបាតុកម្មប្រឆាំងនឹងអភិបាលក្រុងគ្រីស្ដ ដែលត្រូវបានចោទថាបានប្រមាថសាសនាអ៊ីស្លាម។

ហេតុការណ៍នេះ បាននាំឲ្យដំណើររបស់ប្រធានាធិបតី ចូកូ វីដូដូ ទៅកាន់ប្រទេសអូស្ត្រាលី ត្រូវបានពន្យាពេលកាលពីថ្ងៃម្សិលមិញនេះ។

លោក វីដូដូ បានប្រឈមនឹងការរិះគន់ចំពោះបរាជ័យក្នុងការគ្រប់គ្រងលើក្រុមជ្រុលនិយម ដែលបានប្ដេជ្ញាប៉ុន្មានសប្ដាហ៍មកហើយថា នឹងនាំមនុស្សរាប់ម៉ឺននាក់ចុះធ្វើបាតុកម្មនៅតាមដងផ្លូវនៅទីក្រុងហ្សាកាតា ហើយអំឡុងបាតុកម្មកាលពីថ្ងៃសុក្រកន្លងមក ការិយាល័យប្រធានាធិបតី បាននិយាយថា លោក វីដូដូ កំពុងត្រួតពិនិត្យគម្រោងផ្លូវរថភ្លើងនៅព្រលានយន្តហោះ។

នៅឯសន្និសីទសារព័ត៌មានថ្ងៃសុក្រកន្លងមក លោក វីដូដូ បានបន្ទោសទៅលើ “អ្នកនយោបាយ” ចំពោះការបញ្ឆេះកំហឹងមហាជនប្រឆាំងនឹងអភិបាលក្រុងហ្សាកាតា លោក Basuki Tjahaja Purnama ដែលនឹងឈរឈ្មោះជាថ្មីសម្រាប់ការបោះឆ្នោតនៅខែកុម្ភៈឆ្នាំក្រោយនេះ ដោយត្រូវប្រកួតប្រជែងនឹងជនមូស្លីម ២រូបទៀត។

តំណែងអភិបាលក្រុងហ្សាកាតា គឺជាតំណែងដ៏មានអំណាច ហើយលោក វីដូដូ ក៏ធ្លាប់កាន់តំណែងជាអភិបាលក្រុងហ្សាកាតាផងដែរ មុននឹងលោកក្លាយជាប្រធានាធិបតី ២ឆ្នាំមុន។

លោក វីដូដូ គ្រោងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោកទៅកាន់អូស្ត្រាលីនៅថ្ងៃទី៦ ដល់ថ្ងៃទី៨ វិច្ឆិកា ធ្វើជាមូលដ្ឋានសម្រាប់កែលម្អទំនាក់ទំនងឡើងវិញ ដោយផ្ដោតទៅលើកិច្ចសហការផ្នែកសេដ្ឋកិច្ច និងដែនសមុទ្រ និងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងចលានបះបោរអ៊ីស្លាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ