តុលាការដាក់ទោស​លោក ហុង សុខហួរ ៧ឆ្នាំករណី​ក្លែងបន្លំឯកសារព្រំដែនកម្ពុជា-វៀតណាម

សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ

សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្តន្ទាទោសលោក ហុង សុខហួរ ចំនួន៧ឆ្នាំពាក់ព័ន្ធនឹងសំណុំរឿងដែលរដ្ឋាភិបាលចោទថា បានក្លែងបន្លំឯកសារសន្ធិសញ្ញាកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩។

លោក ហុង សុខហួរ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស តាមការចោទប្រកាន់៣ករណី គឺបទក្លែងឯកសារសាធារណៈ ការប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

នៅរសៀលថ្ងៃចន្ទ ទី៧ ខែវិច្ឆិកានេះ ចៅក្រម រស់ ពិសិដ្ឋ បានប្រកាសសាលក្រម ដោយពុំមានវត្តមានជនជាប់ចោទ (លោក ហុង សុខហួរ) និងក្រុមមេធាវីការពារក្តី ថាតុលាការបានសម្រេចផ្តន្ទាទោសលោក ហុង សុខហួរ លើបទចោទចំនួន៣ខាងលើ និងទុកពេលឲ្យក្រុមមេធាវីនិងជនជាប់ចោទ មានសិទ្ធិប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍តាមច្បាប់កំណត់។

តំណាងរាស្ត្រគណបក្សជំទាស់ លោក សុន ឆ័យ ដែលចូលស្តាប់ការប្រកាសសាលក្រមនៅថ្ងៃនេះ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា មិនមានរឿងអ្វីចំឡែកទេ ដោយលោកចាត់ទុកការសម្រេចរបស់តុលាការផ្តន្ទាទោសលោក ហុង សុខហួរ ៧ឆ្នាំ ធ្វើឡើងក្រោមហេតុផលនយោបាយ។ លោកមើលឃើញថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាមានភាពទន់ខ្សោយនៅឡើយ។

លោកថា៖ «ការកាត់ទោសនេះ ជាថ្មីម្តងទៀត គឺបង្ហាញអំពីភាពទន់ខ្សោយនៃប្រព័ន្ធតុលាការនៅក្នុងប្រទេសកម្ពុជាយើង តុលាការដែលតំណាងឲ្យយុត្តិធម៌ ហើយពុំបានផ្តល់យុត្តិធម៌ ហើយមិនមែនតែករណីលោក ហុង សុខហួរ តែម្នាក់ទេ វាមានករណីនយោបាយមួយចំនួនកន្លងទៅ ក៏មិនបានផ្តល់យុត្តិធម៌ឲ្យ ហើយក្រៅពីរិះគន់ថាតុលាការខ្មែរពុករលួយនោះ តុលាការយើងក៏មានការចោទប្រកាន់ថាជាតុលាការបំរើអំណាចនយោបាយក្នុងប្រទេស»។

នៅថ្ងៃនេះដែរ មេដឹកនាំបក្សប្រឆំាងលោក សម រង្ស៊ី បានសរសេរលើហ្វេសប៊ុករបស់លោកប្រាប់ទៅលោក ហ៊ុន សែន ឲ្យតវ៉ាឬរករឿងអ្នករៀបចំគេហទំព័រមួយនៅសហរដ្ឋអាមេរិកឈ្មោះថា www.worldkhmerradioonline.com ដែលមានទីតាំងនៅសហរដ្ឋអាមេរិកមុននឹងចោទប្រកាន់លោក ហុង សុខហួរ ថាប្រព្រឹត្តបទល្មើសជាក់ស្តែង។

លោកថា ៖«សូមលោក ហ៊ុន សែន និងតុលាការនៅប្រទេសកម្ពុជា ទៅតវ៉ារករឿងអ្នកដែលរៀបចំគេហទំព័រនោះនៅសហរដ្ឋអាមេរិក តាំងពីយូរឆ្នាំមកហើយ មុននឹងមករករឿងលោក ហុង សុខហួរ ពេលនេះនៅប្រទេសកម្ពុជា»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា ករណីលោក ហុង សុខ ហួរ ដកស្រង់ឯកសារពីគេហទំព័រដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនិងបកប្រែក្លែងឯកសាររឿងព្រំដែនកម្ពុជា-វៀតណាមបង្ហោះនោះ លោកថាជាបទល្មើសជាក់ស្តែង។ ដោយឡែកលោកថា រឿងម្ចាស់គេហទំព័រនៅសហរដ្ឋអាមេរិកដែលលោក ហុង សុខហួរ ដកស្រង់នោះ រដ្ឋាភិបាលនឹងបន្តពិនិត្យតាមផ្លូវច្បាប់ ក្រោយពីចាត់វិធានការលើលោក ហុង សុខហួរ។

លោកថា៖ «យើងនឹងពិនិត្យអ្នកដែលប្រព្រឹត្តជាក់ស្តែងសិន អ្នកដែលយកឯកសារមកផ្សព្វផ្សាយ អ្នកដែលក្លែងឯកសារ អ្នកដែលញុះញង់តាមរយៈឯកសារ បើសិនណាដែលករណីដែលច្បាប់អនុញាត នឹងពិនិត្យតាមក្រោយទៀត»។

បើតាមលោក សម រង្ស៊ី ថាដើមចមដែលនំាឲ្យលោក ហ៊ុន សែន និងតុលាការចោទប្រកាន់លោក ហុង សុខហួរ រឿងបង្ហោះសន្ធិសញ្ញារវាងសាធារណរដ្ឋប្រមានិតកម្ពុជានិងសាធារណរដ្ឋសង្គមនិយមវៀតណាម ចុះថ្ងៃ១៨ កុម្ភៈ ១៩៧៩ ដែលលើកឡើងពីការ “រំលាយ” ព្រំដែនរវាងប្រទេសទាំងពីរ លោក សម រង្ស៊ី ថាប្រហែលជាការបកប្រែខុសពីភាសាមួយទៅភាសាមួយ ពោលការប្រើពាក្យមួយម៉ាត់នេះក្នុងមាត្រា៤នេះ បានជម្រុញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យចោទប្រកាន់លោក ហុង សុខហួរ ពីបទក្បត់ជាតិ ហើយបញ្ជាឲ្យគេចាប់ខ្លួន ខណៈបច្ចុប្បន្ននេះ លោក ហុង សុខហួរ កំពុងជាប់ពន្ធនាគារព្រៃសជាង១ឆ្នាំហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ