លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មនៅព្រឹកនេះ លើអ្នកវិភាគមួយចំនួនដែលលើកឡើងថា មានមេដឹកនាំផ្តាច់ការមួយចំនួននៅលើពិភពលោក បង្ហាញជំហរគាំទ្រលោក ត្រាំ បេក្ខជនប្រធានាធិបតីអាមេរិក ថាជាមនុស្សដែលមិនយល់ពីនយោបាយ។
កាលពីថ្ងៃទី៤ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា បើបេក្ខជនប្រធានាធិបតីលោក ដូណល ត្រាំ ឈ្នះ នឹងធ្វើឲ្យពិភពលោកមានសន្តិភាព ព្រោះលោក ត្រាំ ជាអ្នកជំនួញ។
ក្រោយការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី មានប្រព័ន្ធផ្សព្វផ្សាយទាំងជាតិនិងអន្តរជាតិផ្សាយថា មានមេដឹកនាំផ្តាច់ដែលប្រកាសជំហរគាំទ្រលោក ត្រាំ ក្នុងនោះរួមមានលោក Robert Mugabe មេដឹកនាំហ្ស៊ីមប៉ាវេ លោក Kim Jong-un មេដឹកនាំកូរ៉េខាងជើង លោក Vladimir Putin មេដឹកនាំរុស្ស៊ី និងលោក ហ៊ុន សែន មេដឹកនាំកម្ពុជា។
នៅក្នុងពិធីចែកសញ្ញាបត្រនៅព្រឹកនេះ លោក ហ៊ុន សែន ហៅអ្នកដែលរិះគន់មេដឹកនាំគាំទ្រលោក ត្រាំ ជាមេដឹកនាំផ្តាច់ការនោះថា ជាអ្នកវិភាគមិនយល់ពីនយោបាយ។ លោក ហ៊ុន សែន ថាជាការយល់ឃើញរបស់លោក បើលោក ត្រាំ ឈ្នះនោះ នឹងអាចគ្រប់គ្រងស្ថានការណ៍ពិភពលោកជាមួយចិនបាន ហើយធ្វើឲ្យដំណើរការសេដ្ឋកិច្ចមានការរីកចម្រើន។
ការបោះឆ្នោតនៅសហរដ្ឋអាមេរិក នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៨ ខែវិច្ឆិកាស្អែកនេះ។ ទោះយ៉ាងលទ្ធផលស្ទង់មតិនៅតែបង្ហាញថា ការគាំទ្របេក្ខជនទាំងពីរនេះមានភាពប្រហាក់ប្រហែលគ្នា៕