សកម្មជនមួយចំនួននៅសហគមន៍បុរីកីឡាដែលសកម្មក្នុងការធ្វើយុទ្ធនាការអាវខ្មៅសុំដោះលែងអ្នកជាប់ឃុំនោះបានធ្វើពិធីបែបសាសនា ដើម្បីសុំឲ្យដោះលែងអ្នកជាប់ឃុំនិងទាមទាររកយុត្តិធម៌ជូនលោក កែម ឡី។
សកម្មជនដីធ្លីនៅសហគមន៍បុរីកីឡាប្រមាណ២០នាក់នៅថ្ងៃចន្ទ ទី៧ វិច្ឆិកានេះ បានធ្វើពិធីបែបសាសនា ដោយនិមន្តព្រះសង្ឃជិត១០អង្គមកសូត្រមន្ត ដើម្បីសុំឲ្យមានការដោះលែងអ្នកមន្រ្តីសិទ្ធិមនុស្សអាដហុក៤រូប មន្រ្តី គ.ជ.ប អ្នកស្រី ទេព វន្នី និងរកយុត្តិធម៌ជូន លោក កែម ឡី ផងដែរ។
នៅក្នុងពិធីនោះពួកគេបាននាំគ្នាអុជធូប បង្ហោះប៉េតប៉ោង និងតាំងរូបថតលោក កែម ឡី រូបថតមន្រ្តីសិទ្ធិមនុស្ស និងអ្នកស្រី ទេព វន្នី ដោយឲ្យព្រះសង្ឃសូត្រមន្តប្រោះទឹកសុំសេចក្តីសុខនិងដោះលែងអ្នកទាំងនោះមានសេរីភាពវិញ។ ប៉ុន្តែយ៉ាងណា ការប្រមូលម្តុំគ្នាជួបជុំធ្វើពិធីបែបសាសនារបស់អ្នកភូមិនៅព្រឹកថ្ងៃនេះ មិនឃើញមានមន្រ្តីអាជ្ញាធរមករារាំងដូចពេលមុនៗនោះទេ។
គួរលឹកថា សកម្មជនដីធ្លីនៅសហគមន៍បុរីកីឡានិងសហគមន៍បឹងកក់ តែងតែនាំគ្នាធ្វើយុទ្ធនាការអាវខ្មៅរៀងរាល់ថ្ងៃចន្ទ ដើម្បីដោះសុំលែងអ្នកជាប់ឃុំនិងរកយុត្តិធម៌ជូនលោក កែម ឡី។ ប៉ុន្តែសម្រាប់សហគមន៍បឹងកក់នៅថ្ងៃចន្ទនេះបានផ្អាក់ធ្វើ ដោយថាសមាជិករបស់ពួកគេមួយចំនួនជាប់រវល់។
ថ្ងៃចន្ទ ទី៧ ខែវិច្ឆិកានេះ ជាសប្តាហ៍ទី២៧ហើយ ដែលសកម្មជនដីធ្លី សង្គមស៊ីវិល និងប្រជាពលរដ្ឋធ្វើយុទ្ធនាការអាវខ្មៅ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប មន្ត្រី គ.ជ.ប លោក នី ចរិយា សកម្មជនបឹងកក់អ្នកស្រី ទេព វន្នី និងទាមទារឲ្យរកយុត្តិធម៌ករណីសម្លាប់ លោក កែម ឡី៕









