នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ កំពុងរងប្រតិកម្មពីក្នុងជួរដឹកនាំរបស់ខ្លួនថា មេដឹកនាំនេះដាក់ប្រទេសលក់ ក្រោយពេលលោកទៅបំពេញទស្សនកិច្ចនៅចិន ហើយបង្ហាញពីការរឹតចំណងមិត្តភាពភ្ជាប់ដោយជំនួយ៣៤ពាន់លានដុល្លារ។
ការព្រួយបារម្ភនេះ គឺជាក្តីបារម្ភជាខ្លាំងចំពោះការមិនទុកចិត្តគ្នា ក្នុងចំណោមពលរដ្ឋម៉ាឡេស៊ីដើមកំណើតចិន និងក្រុមម៉ាឡេស៊ីមូស្លីមភាគច្រើន ដែលជាក្រុមគាំទ្របក្សកាន់អំណាចបក្សរួបរួមជាតិម៉ាឡេស៊ីតែមួយ(UMNO)។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោក ណាជីប បានច្រានចោលភ្លាមៗពីក្តីកង្វល់និងរិះគន់ទាំងនេះ បន្ទាប់ពីលោកទៅបំពេញទស្សនកិច្ចនៅចិន៦ថ្ងៃនៅចិន។ ក្នុងដំណើរទស្សនកិច្ចនេះ ចិននិងម៉ាឡេស៊ីបានចុះកិច្ចព្រមព្រៀងនិងអនុស្សរណៈយោគយល់គ្នាចំនួន១៤។
កាលពីថ្ងៃសុក្រទី៤ ខែវិច្ឆិកា លោក ណាជីប ថ្លែងថា ការបារម្ភខ្លាចលក់ប្រទេសនោះគឺជារឿងមិនអាចទាល់តែសោះនិងមិនត្រឹមត្រូវទេ។
ការពង្រឹកកិច្ចសហប្រតិបត្តិការជាលើកដំបូងក្នុងការការពារប្រទេសជាមួយចិននេះ គឺម៉ាឡេស៊ីក៏បានចុះកិច្ចព្រមព្រៀងទិញនាវាជើងទឹកពីចិនចំនួន៤គ្រឿងផងដែរ។
ការទៅបំពេញទស្សនកិច្ចរបស់លោក ណាជីប ធ្វើឡើងស្របពេលដែលប្រធានាធិបតីហ្វីលីពីនលោក រ៉ូទ្រីហ្គោ ឌូទើតេ ប្រកាសផ្តាច់ខ្លួនចេញពីអាមេរិកនិងចុះហត្ថលេខាជាមួយចិនខ្ចីលុយប្រមាណ២៤ពាន់លានដុល្លារ។
ក្រុមប្រឹក្សាភិបាលរបស់បក្សដឹកនាំប្រទេសនិងជារដ្ឋមន្ត្រីសហព័ន្ធលោក Shahidan Kassim ថ្លែងថាថ្នាក់ដឹកនាំបក្ស UMNO ផ្សេងៗទៀតរំពឹងថា លោក ណាជីប នឹងបកស្រាយឆាប់ៗនេះ ករណីបក្សព្រួយបារម្ភថាចិនកាន់តែមានឥទ្ធិពលលើប្រទេសម៉ាឡេស៊ី។
លោក Shahidan ថ្លែងថារាល់ការសម្រេចទាំងនេះគឺមានទាំងការគាំទ្រនិងការជំទាស់ ប៉ុន្តែលោកថាការសម្រេចត្រូវធ្វើឡើងតាមគោលនយោបាយ៕