មន្ត្រីសកម្មជនការពារសិទ្ធិមនុស្សម្នាក់ជាជនជាតិអង់គ្លេស បានរត់ចេញពីប្រទេសថៃនៅព្រឹកថ្ងៃចន្ទនេះ ដោយនិយាយថា បារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន រួមទាំងបញ្ហាច្បាប់និងការរីករាលដាលនៃការបំពារបំពានពីក្រុមហ៊ុនជាច្រើន ដែលបានធ្វើសកម្មភាពបំពានទាំងងងឹតងងុលខុសប្រក្រតី។
អ្នកការពារសិទ្ធិមនុស្សរូបនោះ ឈ្មោះ Andy Hall។ លោក Hall បានធ្វើការផ្នែកការពារសិទ្ធិពលករចំណាកស្រុកនៅក្នុងប្រទេសថៃ រយៈពេល១១ឆ្នាំហើយ។ នៅពេលថ្មីៗនេះ លោកប្រឈមនឹងការចាប់ឃុំខ្លួននិង រងបណ្តឹងផ្សេងៗពីក្រុមហ៊ុន ករណីដែលលោករិះគន់ពីការប្រើពលកម្មដោយបង្ខំ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោក Andy Hall ថ្លែងប្រាប់រ៉យទ័រមុនពេលលោកចាកចេញពីថៃថា ស្ថានភាពសិទ្ធិមនុស្សបច្ចុប្បន្ន គឺមិនល្អទេ។ លោកថា លោកធ្វើការងារការពារសិទ្ធិពលករចំណាកស្រុកជាមួយក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសថៃ ប៉ុន្តែមួយរយៈកាលចុងក្រោយនេះ លោកទទួលរងការគំរាមកំហែងខ្លាំង បន្ទាប់ពីលោករិះគន់ពីការរំលោភសិទ្ធិពលករ។
ចាប់តាំងពីពួកយោធាធ្វើរដ្ឋប្រហារឡើងកាន់តំណែងតាំងពីឆ្នាំ២០១៤មក ថៃរងការរិះគន់ច្រើនពីសហគមន៍អន្តរជាតិពីការរំលោភសិទ្ធិមនុស្ស៕