លោក សម រង្ស៊ី ប្រាប់លោក ហ៊ុន សែន ឲ្យរករឿង​ម្ចាស់​គេហទំព័រនៅសហរដ្ឋអាមេរិក ករណីក្លែង​ឯក​សារ​ព្រំដែន​

(រូបឆ្វេង) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំអតីត​បក្សប្រឆាំង​នៅកម្ពុជា (រូបស្តាំ)

មេដឹកនាំបក្សប្រឆំាងប្រាប់ទៅលោកហ៊ុន សែន ឲ្យតវ៉ាឬរករឿងអ្នករៀបចំគេហទំព័រមួយនៅសហរដ្ឋអាមេរិក មុនចោទលោក ហុង សុខហួរ ថា ក្លែងបន្លំឯកសារសន្ធិសញ្ញាកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩។

លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០១៥ គឺធ្វើឡើងពីរថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញបញ្ជាឲ្យចាប់ខ្លួន ដោយចោទថាក្លែងឯកសារសន្ធិសញ្ញាកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩។

ស្របពេលតុលាការប្រកាសសាលក្រម ករណី សមាជិកព្រឹទ្ធសភា បក្សប្រឆាំងនៅថ្ងៃនេះ លោក សម រង្ស៊ី បានសរសេរលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី ០៧ វិច្ឆិកា ២០១៦នេះមានខ្លឹមសារថា ការចោទប្រកាន់និងចាប់ខ្លួនលោក ហុង សុខហួរ ដាក់ពន្ធនាគារ ពាក់ព័ន្ធនឹងរឿងបង្ហោះឯកសារសន្ធិសញ្ញាកម្ពុជា-វៀតណាម នៅលើហ្វេសប៊ុករបស់លោក(សម រង្ស៊ី)កាលពីថ្ងៃ ១១ សីហា ២០១៥ នោះ ជារឿងអយុត្តិធម៌ ដោយលោកថា ឯកសារនោះ លោក ហុង សុខហួរ បានដកស្រង់ចេញពីគេហទំព័រមួយឈ្មោះ www.worldkhmerradioonline.com (ព័ត៌មានទំព័រលម្អិត http://www.worldkhmerradioonline.com/…/03/traity-197918feb.…) ដែលមានទីតាំងនៅសហរដ្ឋអាមេរិ ដែលត្រូវបានម្ចាស់គេហទំព័រនោះ បង្ហោះតាំងពីថ្ងៃ ១៧ មិនា ២០១៣ ។

លោក សម រង្ស៊ី ថា មុននឹង លោក ហ៊ុន សែន និងតុលាការ ចោទប្រកាន់សមាជិកព្រឹទ្ធសភា ហុង សុខហួរ មកពីគណបក្សសម រង្ស៊ី លោកថា អ្នកទំាងនោះ គួរតែរករឿងគេហទំព័រ www.worldkhmerradioonline.com នៅសហរដ្ឋអាមេរិក ជាមុនសិន៖ «សូមលោក ហ៊ុន សែន និងតុលាការនៅប្រទេសកម្ពុជា ទៅតវ៉ារករឿងអ្នកដែលរៀបចំគេហទំព័រនោះ នៅសហរដ្ឋអាមេរិក តាំងពីយូរឆ្នាំមកហើយ មុននឹងមករករឿងលោក ហុង សុខហួរ ពេលនេះនៅប្រទេសកម្ពុជា»។

លើពីនេះទៀត លោក សម រង្ស៊ី ថាដើមចមដែលនំាឲ្យលោក ហ៊ុន សែន និងតុលាការចោទប្រកាន់លោក ហុង សុខហួរ រឿងបង្ហោះសន្ធិសញ្ញា រវាងសាធារណរដ្ឋប្រមានិតកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ចុះថ្ងៃ ១៨ កុម្ភៈ ១៩៧៩ ដែលលើកឡើងពីការ “រំលាយ” ព្រំដែនរវាងប្រទេសទាំងពីរ លោក សម រង្ស៊ីថា ប្រហែលជាការបកប្រែខុសពីភាសាមួយ ទៅភាសាមួយ ពោលការប្រើពាក្យមួយម៉ាត់នេះ ក្នុងមាត្រា៤ នេះ បានជម្រុញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យចោទប្រកាន់លោក ហុង សុខហួរ ពីបទក្បត់ជាតិ ហើយបញ្ជាឲ្យគេចាប់ខ្លួន។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា ករណីលោក ហុង សុខ ហួរ ដកស្រង់ឯកសារពីគេហទំព័រដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងបកប្រែក្លែងឯកសាររឿងព្រំដែនកម្ពុជា-វៀតណាមបង្ហោះនោះ លោកថា ជាបទល្មើសជាក់ស្តែង។ ដោយឡែកលោកថា រឿងម្ចាស់គេហទំព័រនៅសហរដ្ឋអាមេរិកដែលលោក ហុង សុខហួរ ដកស្រង់នោះ រដ្ឋាភិបាលនឹងបន្តពិនិត្យតាមផ្លូវច្បាប់ ក្រោយពីចាត់វិធានការលើលោក ហុង សុខហួរ៖«»។

គួរបញ្ជាក់ថា លោក ហុង សុខហួរ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស តាមការចោទប្រកាន់៣ករណី គឺ បទក្លែងឯកសារសាធារណៈ ការប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

នៅម៉ោង២រសៀលថ្ងៃនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមផ្តន្ទាទោសលោក ហុង សុខហួរ ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ