៦ខែបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានដាក់ឲ្យប្រើច្បាប់ស្តីពីសហជីព ភាគីពាក់ព័ន្ធនៅតែមិនទាន់ឯកភាពគ្នានៅឡើយ ដោយនៅតែស្នើឲ្យមានការកែសម្រួលមាត្រាខ្លះនៃច្បាប់នេះ។
ក្នុងសន្និសីទស្តីពីការពិនិត្យមើលច្បាប់សហជីពក្នុងរយៈពេល៦ខែនៅថ្ងៃនេះ ភាគីពាក់ព័ន្ធកត់សំគាល់ថាច្បាប់នេះមិនទាន់ឆ្លើយតបបានទៅនឹងតម្រូវការ និងជួយទៅដល់ភាគីវិវាទបានគ្រប់គ្រាន់នៅឡើយ ដែលក្នុងនោះភាគីសហជីពថាច្បាប់មួយនេះវាបានធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍ជាច្រើនរបស់កម្មករថែមទៀតផង។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករលោក ប៉ាវ ស៊ីណា មានប្រសាសន៍ថាចាប់តាំងពីច្បាប់នេះបានបង្កើតរហូតមកដល់ពេលនេះក្រុមសហជីពនៅមិនទាន់អាចចុះបញ្ជីការបាននៅឡើយទេដែលផ្ទុយពីការលើកឡើងមុនច្បាប់នេះអនុម័ត ហើយការឲ្យតំណាងប្តឹងជំនួសឲ្យកម្មករដែលជាមិនមែនជាសមាជិកខ្លួនក៏ត្រូវបានច្បាប់នេះហាមឃាត់ដែរ ដែលលោកចាត់ទុកថាច្បាប់នេះបានធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់កម្មករជាខ្លាំង។
លោកមានប្រសាសន៍ថា « ខ្ញុំលើកឧទាហរណ៍ខ្លីមួយដែលសហព័ន្ធខ្ញុំទទួលបានពាក្យបណ្តឹងពីកម្មករហើយគាត់អត់ចេះអក្សរទេ ហើយគាត់ត្រូវបានក្រុមហ៊ុនបញ្ឈប់។ នៅពេលយើងមកជូយគាត់ហើយសួរគាត់តើគាត់ត្រូវគេបញ្ឈប់ពេលណា កិច្ចសន្យាគាត់របៀបមិច ឥឡូវទទួលបានមិច គាត់អត់ដឹងទេ។… តែពេលដែលយើងទៅក្រសួងៗគេមិនឲ្យយើងតំណាងដល់ពួកគាត់តែ គឺគេតម្រូវឲ្យរូបគាត់ឆ្លើយខ្លួនឯងនឹងតវ៉ាក្តីខ្លនឯងតែម្តង ខ្ញុំសួរបើគាត់អត់ចេះអក្សរតើគាត់ទៅបកស្រាយប្រាប់ក្រសួងថានិយោជកកេងប្រវាញគាត់នោះ តើគាត់បកស្រាយរបៀបមិច? បើគាត់បាត់បង់សិទ្ធិសូម្បីតែស្វែងរកតំណាងខ្លួនឯងទៅការពារមិនបានផងហ្នឹង! » ។
អគ្គលេខាធិការនៃសហព័ន្ធនិយោជក លោក សុខ ឡោ ថ្លែងថា ចាប់តាំងពីកិច្ចពិភាក្សាដំបូងនៃការបង្កើតច្បាប់នេះរហូតដល់ច្បាប់នេះចេញមកអនុវត្តន៍ សហព័ន្ធនិយោជកក៏មានការមិនពេញចិត្តដូចគ្នាទៅលើមាត្រាមួយចំនួន ដែលទាក់ទងទៅនឹងលក្ខខណ្ឌក្នុងការបង្កើតសហជីព និងលក្ខណៈសម្បត្តិនៃសហជីពជាដើម។ តែទោះជាយ៉ាងណាលោកថាច្បាប់សហជីពនេះគ្រាន់តែជាចំណុចមួយដែលសហព័ន្ធនិយោជកត្រូវប្រឈមប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា « ខាងនិយោជកគឺមានបញ្ហាច្រើន ដែលមានទំហំធំធេងជាងច្បាប់សហជីពតែមួយ ហើយខ្ញុំគិតថាយើងគួរតែមើលទៅលើរូបភាពធំទាំងអស់គ្នាថាតើបញ្ហារួមជាបញ្ហាអីគេ ដើម្បីឲ្យពួកយើងបានគិតគូរបើសិនជាមិនអាចចាត់វិធានការទេគឹគិតគូរទាំងអស់គ្នា ប្រទេសកម្ពុជាគឺជាប្រទេសមូយដែលពេលនេះគឺមានកម្លាំងក្មេងៗច្រើន បញ្ហាដែលត្រូវប្រឈមរបស់យើងគឺបញ្ហាការងារ » ។
នាយកប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សលោកស្រី វ៉ាន ហឺលី យល់ថាគ្មានអ្វីដែលល្អឥតខ្ចោះនោះទេបូករួមទាំងច្បាប់ដែលរៀបចំហើយក៏ត្រូវមានការកែសម្រួលខ្លះទៅតាមបរិបទសង្គមផងដែរ។ លោកស្រីបន្ថែមថាសម្រាប់ច្បាប់សហជីពនេះឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធមនុស្សចង់ឲ្យមានការពិភាក្សាគ្នាបន្ថែមរកចំនុចខ្វះខាតក្នុងការដាក់ជូនរដ្ឋាភិបាលក្នុងការពិចារណា និងកែលំអរ។
អ្នកស្រីថ្លែងតាមអ្នកបកប្រែថា « សូមឲ្យលោកលោកស្រីទាំងអស់ចូលរួមនូវសិក្ខាសិលារបស់យើងនូវថ្ងសនេះ នូវការនាំមកនូវទិន្និន័យ ពីការិយាល័យឬក៏បទពិសោធន៍ផ្ទាល់ខ្លួន ហើយនឹងផ្តល់នូវព័ត៌មានត្រលប់ផ្សេងៗ ទៅដល់អជ្ញាធរដើម្បីជួយដល់ការអនុវត្តន៍ឲ្យមានភាពប្រសើរឡើងនៃច្បាប់សហជីព រាប់ទាំងអនុសាសន៍ផ្សេងៗដែលយើងត្រូវកែលំអរដែលយើងត្រូវការ ក៏ដូចជាការងអនុវត្តន៍ផ្សេងៗនៃច្បាប់នេះផងដែរ» ។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក អ៊ិត សំហេង ធ្លាប់បានថ្លែងក្នុងពេលដែលលោកឡើងអ្នកការពារសេចក្តីព្រាងច្បាប់សហជីពនេះថា ការស្នើឲ្យកែប្រែ និងលុបចោលនូវមាត្រាមួយចំនួននៃច្បាប់នេះ គឺពុំមានភាពចាំបាច់ឡើយ ដោយខ្លឹមសារ និងមាត្រាដែលបានចែងមានភាពពេញលេញក្នុងការការពារផលប្រយោជន៍ទាំងកម្មករនិយោជិត និងនយោជក។ លោកបន្ថែមថា ការអនុម័តច្បាប់នេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋសភាក្នុងការធានាសេរីភាពអង្គការវិជ្ជាជីវៈ និងសុខដុមណីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ។
គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពីសហជីពដែលមាន១៧ជំពូក ១០០ មាត្រា ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី៤ ខែមសា ដោយគ្មានសំឡេងគាំទ្រពីបក្សប្រឆាំង៕