តុលាការបង្គាប់ឲ្យលោក​ សម រង្ស៊ី បង់ប្រាក់២៥លានរៀលរឿងរិះគន់ Facebook លោក ហ៊ុន សែន

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ បានប្រកាសសាលក្រមកំបាំងមុខ បង្គាប់ឲ្យ មេដឹកនាំបក្សប្រឆាំងដែលកំពុងនិរទេស លោក សម រង្ស៊ី បង់ប្រាក់សរុប២៥លានរៀល ក្នុងសំនុំរឿង រិះគន់ហ្វេសប៊ុក លោក ហ៊ុន សែន។

តំណាងលោកនាយករដ្ឋមន្ត្រី គឺលោក សោម សឿន ជាមន្ត្រីខុទ្ទការល័យគណបក្សប្រជាជនកម្ពុជា បានប្តឹងលោក សម រង្ស៊ី ពីបទបរិហាកេរ្តិ៍ជាសាធារណ ទារសំណងជម្ងឺចិត្ត២០លានរៀល។

លោក សោម សឿន ដែលជាដើមបណ្តឹង បានចោទប្រកាន់ លោក សម រង្ស៊ី ថាកាលពីថ្ងៃទី៩ខែមិនាឆ្នាំ២០១៦ លោក សម រង្ស៊ី បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុក ចោទ លោក និងលោកនាយករដ្ឋមន្ត្រីថា បានទិញអ្នកគាំទ្រ ឬអ្នក Like ក្លែងក្លាយ ដើម្បីប្រាប់ទៅសាធារណជនថា ខ្លួនមានប្រជាប្រិយភាព ។

លោក សោម សឿន ចាត់ទុកថា ការលើកឡើង របស់លោក សម រង្ស៊ី នេះធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់កិត្តិយសថ្នាក់ដឹកនាំ និងរូបលោកជាប្រធានក្រុមការងារផ្នែកគ្រប់គ្រងគេហទំព័រ របស់គណបក្សប្រជាជនកម្ពុជា។

ក្រោយបញ្ចប់សវនាការ កាលពីព្រឹកមិញ ចៅក្រមជំនុំជម្រះ លោក អ៊ឹម វណ្ណៈ ប្រកាសសាលនៅរសៀលថ្ងៃដដែលនេះដោយបង្គាប់ឲ្យលោក សម រង្ស៊ី បង់ប្រាក់១០លានរៀលចូលថវិកាជាតិ និង១៥លានរៀលទៀតឲ្យទៅដើមបណ្តឹង ដោយចៅក្រមអះអាងថា លោក សម រង្ស៊ី មានចេតនាមិនល្អ ក្នុងការទម្លាក់កំហុស ដាក់លោក សោម សឿន និងថាធ្វើឲ្យប៉ះពាល់ដក់កិត្តិយស របស់ថ្នាក់ដឹកនាំ។

លោកមេធាវី សំ សុគង់ ដែលការពារក្តីឲ្យលោក សម រង្ស៊ី មិនបានទៅស្តាប់ការប្រកាសសាលក្រមនោះ ទេ តែលោកបានឲ្យVODដឹងតាមទូរស័ព្ទថា សាលក្រមនោះ មិនបានផ្តល់យុត្តិធម៌ឲ្យកូនក្តីលោកទេ ហើយថានឹងប្តឹងករណីនេះទៅតុលាការជាន់ខ្ពស់ ស្វែងរកយុត្តិធម៌បន្ថែម។

លោកថា៖«ការសម្រេចសេចក្តីនេះ មិនបានផ្តល់យុត្តិធម៌ដល់កូនក្តីខ្ញុំទេ ដោយសាតែយើងពិនិត្យមើលភស្តុតាងនានានៅក្នុងសវនាការ មិនមានលក្ខណគ្រប់គ្រាន់ ដើម្បីចោទប្រកាន់កូនក្តីខ្ញុំពីបទបរិហាកេរ្តិ៍ជាសាធារណ ទេ។ ហើយដោយសាលាក្រុងនេះសម្រេចអញ្ចឹងហើយ ក្រុមមេធាវីនឹងដាក់ពាក្យប្តឹងទៅសាលាឧទ្ធរណ៍នៅពេលឆាប់ៗនេះបាទ »។

ចំណែកលោក សម រង្ស៊ី ដែលដែលកំពុងនីរទេសខ្លួននោះ ក៏បានបង្ហោះឯកសារ ជាភស្តុតាង មួយចំនួន នៅលើបណ្តាញសង្គម របស់លោក នៅថ្ងៃតុលាការបើកសវនាការនេះដែរ។

លោកសម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុកលោកថា៖«លោកមិនខ្វល់ពីពាក្យបណ្តឹងនេះទេ ហើយលោកនៅតែហ៊ានអះអាងថា លោក ហ៊ុន សែន ប្រើមន្ត្រីនិងបុគ្គលិក ក្រោមឱវាទគាត់ឲ្យបង្កើតគណនី Facebook ក្លែងក្លាយដើម្បីផ្តល់ “Like” ក្លែងក្លាយឲ្យទៅទំព័រ Facebook របស់គាត់ ហើយគាត់ក៏បានទិញ “Like” ក្លែងក្លាយ យ៉ាងសន្ធឹកសន្ធាប់ពីច្រើនប្រទេសទូទាំងពិភពលោក ដើម្បីបង្អួតពីប្រជាប្រិយភាពក្លែងក្លាយរបស់គាត់»។

លោក សម រង្ស៊ីបន្តថា៖« បន្ទាប់មកទៀតលោក ហ៊ុន សែន ក៏យកប្រជាប្រិយភាពក្លែងក្លាយរបស់គាត់នេះ មកសំអាងដើម្បីធ្វើជាមូលដ្ឋាននយោបាយ ក្នុងការបង្ក្រាបអ្នកដែលហ៊ាននិយាយទិតៀនគាត់»។

លោក សោម សឿន ជាដើមបណ្តឹងបានឲ្យអ្នកសារព័ត៌មានដឹង ក្រោយប្រកាសសាលក្រមនេះថា តុលាការបានផ្តល់យុត្តិធម៌ឲ្យរូបលោក និងនាយករដ្ឋមន្ត្រី។

ប៉ុន្តែលោកបានបន្តរិះគន់ លោក សម រង្ស៊ី ដូចនេះថា៖«ក្រោយពីគាត់បានលេងហ្វេសប៊ុកចាញ់ប្រៀបសម្តេចតេជោ  ដែលគាត់ធ្លាប់មានរហ័សនាមថា ជានាយករដ្ឋមន្ត្រីហ្វេសប៊ុក គាត់ត្រូវបាត់បង់តំណែងនាយករដ្ឋមន្ត្រីហ្វេសប៊ុក គាត់ស្រែកឡំាប៉ា ដើម្បីលុបលាងភាពអាម៉ាស របស់គាត់ទេ ។ ក៏ដូចជាគាត់ធ្លាប់ឡាំប៉ាក្រោយពេលចាញ់ឆ្នោត៤អាណត្តិកន្លងមក »។

អ្នកស្រាវជ្រាយពីការអភិវឌ្ឍន៍សង្គម លោក បណ្ឌិត មាស នី បង្ហាញការខកចិត្តទៅលើមេដឹកនាំទាំងពីដែលលោកថា មិនគិតដោះស្រាយបញ្ហជាតិធំៗ បញ្ហាអត់ការងារធ្វើរបស់ប្រជាពលរដ្ឋ និងបញ្ហាមួយចំនួនទៀត តែមេដឹកនាំ បែរជាងាកមកឈ្លោះគ្នារឿងលេងហ្វេសប៊ុកនេះទៅវិញ។

លោកថា៖«ល្បែងនេះជាល្បែងសម្រាប់ក្មេងស្ទាវ លេងហ្វេសប៊ុក ។ ដល់អញ្ចឹងអ្នកនយោបាយខ្មែរយកមកលែងខ្ញុំមិនយល់ដែរ ពីចរិករបស់ពួកគាត់ ឥឡូវនេះវាលែងជាចាស់ទុំ វាទៅជាលេងយូទៅក្មេងទៅៗ ។យើងមើលដំណើការបោះឆ្នោតនៅសហរដ្ឋអាមេរិកមើល គេដេញដោយគ្នា គេរកចំនុចខ្សោយគ្នារៀងខ្លួន ហើយដល់ថ្ងៃបោះឆ្នោតគេទៅបោះឆ្នោតទាំងអស់គ្នា ហើយហីលឡារី គ្លិនតុន និងត្រាំ[បេក្ខជនប្រធានាធិបតិអាមេរិក ]គ្នានៅលើវេទិការទៀត ។

អញ្ចឹងការចាប់ដៃគ្នាវាជានិមិត្តរូបសាមគ្គីភាពរបស់គេ ទោះបីជាគេមានគណបក្សនយោបាយនៅផ្សេងគ្នាក៏ដោយ»។

លោក សម រង្ស៊ី បាននិរទេសខ្លួនម្តងទៀតនៅចុងឆ្នាំ២០១៥ ដើម្បីគេចចេញពីការតាមចាប់ខ្លួន បន្ទាប់តុលាការសើរើបណ្តឹងចាស់ ជាមួយអតីតរដ្ឋមន្ត្រីក្រសួងការបរទេសលោក ហោណាំហុង ។

ប៉ុន្តែមុន និរទេសលោក សម រង្ស៊ី ធ្លាប់ប្រកាសជាសាធរណថា បើគណបក្សសង្គ្រោះជាតិឈ្នះការឆ្នោត នៅឆ្នាំ២០១៨ លោកថា គណបក្សនេះនឹងធ្វើកំណែទម្រប់ប្រព័ន្ធតុកាការមុនគេ ដើម្បីធានាយុត្តិធ៌មសង្គម។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ