មន្រ្តីអង្គការសង្គមស៊ីវិលឲ្យដឹងថា នៅតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាជាប្រទេសមួយដែលងាយរងគ្រោះជាងគេពីការប្រែប្រួលអាកាសធាតុ ដោយសារផែនការបញ្រ្ចៀបការប្រែប្រួលអាកាសធាតុរបស់រដ្ឋាភិបាលទៅលើឲ្យប្រជាពលរដ្ឋមិនបានច្បាស់លាស់។
នាយកប្រតិបត្តិអង្គការ NGO Forum លោក តឹក វណ្ណារ៉ា មានប្រសាសន៍ក្នុងសិក្ខាសាលាស្តីពីការប្រែប្រួលអាកាសធាតុនៅថ្ងៃទី៨ វិច្ចិកានេះថា ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ កម្ពុជាបានជួបគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់ជាបន្តបន្ទាប់ ដែលបណ្តាលឲ្យបាត់បង់ជីវិតមនុស្ស ធនធាន និងខាតបង់ផ្នែកសេដ្ឋកិច្ចយ៉ាងច្រើនទៀត។
លោកថាបញ្ហានេះ ដោយសារពលរដ្ឋមានចំណេះដឹងទាបទាក់ទិនការបន្សាំការប្រែប្រួសអាកាសធាតុ ហើយម្យ៉ាងទៀតរដ្ឋាភិបាលមិនមានយន្តការច្បាស់លាស់ក្នុងការដាក់ផែនការបញ្ច្រៀបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍ជាតិ។
លោក តឹក វណ្ណារ៉ា បន្តថា ដើម្បីទប់ទល់នឹងបញ្ហាប្រែប្រួលអាកាសធាតុ រដ្ឋាភិបាលចាំបាច់ត្រូវផ្តល់នូវថវិកា បច្ចេកវិទ្យា សមត្ថភាព និងអនុវត្តគោលនយោបាយច្បាប់ឲ្យបានច្បាស់លាស់។
លោកបន្ថែមថា៖ «ចំនុចទី១ គឺការកសាងសមត្ថភាពប្រជាជននិងអ្នកពាក់ព័ន្ធយល់ដឹងសិន[ប្រែប្រួសអាសធាតុ] ទី២ការកសាងទាក់ទងគោលនយោបាយថា តើយើងអនុវត្តគោលនយោយដូចម្តេច ទី៣គឺលំហូរថវិកា បច្ចេកទេសឲ្យដល់ទិដ្ឋភាពទាំងអស់ ទី៤ការអនុវត្តច្បាប់ មានទិដ្ឋភាព ទាំងបួនហ្នឹងនឹងមានការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាជួយកាត់បន្ថយការប្រែប្រួសអាកាសធាតុហ្នឹងបានល្អប្រសើរនៅក្នុងប្រទេសកម្ពុជាយើង»។
លោកបន្តថា បច្ចុប្បន្នកម្ពុជាមិនទាន់មានកញ្ចប់ថវិកាណាមួយ ដើម្បីធ្វើការទៅលើការប្រែប្រួលអាកាសធាតុនោះទេ គឺប្រើប្រាស់តែថវិកាជំនួយនិងកម្ចីពីក្រៅប្រទេសប៉ុណ្ណោះ។
អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថាន លោក ខៀវ បូរិន ទទួលស្គាល់ថា កម្ពុជាពិតជាងាយរងគ្រោះដោយសារការប្រែប្រួសអាកាសធាតុ ដោយលោកថាកន្លងមកកម្ពុជាមិនទាន់បានគិតពីការបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុនេះ។
តែយ៉ាងណាលោកថា ពេលនេះរដ្ឋាភិបាលបាននិងកំពុងគិតគូរពីបញ្ហានេះហើយ ដោយកំពុងរៀបចំផែនយុទ្ធសាស្រ្តទប់ទល់ការប្រែប្រួលអាកាសធាតុនិងកម្មវិធីគាំទ្រការបន្សាំនឹងការប្រែប្រួលអាកាសធាតុ។
លោកបន្ថែមថា៖ «ដោយយើង[រដ្ឋាភិបាល]អត់បានរៀបចំខ្លួនចំពោះការប្រែប្រួលអាកាសធាតុហ្នឹង ដូចជាសមត្ថភាព ថវិកា តែឥលូវយើងទើបតែមានផែនការដាក់បញ្ចូលការប្រែប្រួលអាកាសធាតុហ្នឹងទៅក្នុងក្រសួងចំនួន១៤ហើយ»។
តាមរបាយការណ៍សិក្សារបស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាឲ្យដឹងថា ចាប់ពីឆ្នាំ២០០៣រហូតដល់ឆ្នាំ២០១៣ ប្រទេសកម្ពុជាបានទទួលហិរញ្ញប្បទានសរុបចំនួន៦៥៥,៦លានដុល្លារពីគម្រោងពាក់ព័ន្ធនឹងអាកាសធាតុ ដើម្បីទប់ទល់ការប្រែប្រួលអាកាសធាតុ ដែលក្នុងនោះ៦៤%នៃទឹកប្រាក់នេះ គឺជាជំនួយឥតសំណងនិង៣៦%ទៀតគឺជាកម្ចីសម្បទាន។
របាយការណ៍ដដែលបញ្ជាក់ថា ក្នុងចំណោមទឹកប្រាក់ដែលប្រទេសកម្ពុជាប្រមូលបានមានទឹកប្រាក់ចំនួន៣៣៨,៨លានដុល្លារ ត្រូវបានប្រើប្រាស់រួចហើយ និងទឹកប្រាក់ចំនួន៣១៦,៨លានដុល្លារទៀត នឹងត្រូវប្រើប្រាស់សម្រាប់រយៈពេលប្រាំពីរឆ្នាំបន្ទាប់ទៀត គឺចាប់ពីឆ្នាំ២០១៤រហូតដល់ឆ្នាំ២០២០៕









