រដ្ឋអាជ្ញាកូរ៉េខាងត្បូង បានសម្រុកចូលក្នុងការិយាល័យក្រុមហ៊ុន Samsung Electronics នៅថ្ងៃនេះ ជាផ្នែកមួយនៃការស៊ើបអង្កេតទៅលើរឿងអាស្រូវនយោបាយ ពាក់ព័ន្ធនឹងប្រធានាធិបតី អ្នកស្រី ផាក ហ្គឹនហេ និងមិត្តភក្តិជិតស្និទ្ធរបស់អ្នកស្រី ដែលត្រូវបានគេចោទថាបានប្រើប្រាស់ឥទ្ធិពលមិនសមរម្យ លូកលាន់ក្នុងកិច្ចការរដ្ឋ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
រដ្ឋអាជ្ញាម្នាក់ បានប្រាប់ Reuters ថា ការឆែកឆេរនេះ មានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពាក់ព័ន្ធនឹងអ្នកស្រី ឆយ ស៊ុនស៊ីល មិត្តភក្តិប្រធានាធិបតី ប៉ុន្តែ រដ្ឋអាជ្ញារូបនោះ បដិសេធផ្ដល់ព័ត៌មានលម្អិត។
ទីភ្នាក់ងារព័ត៌មានកូរ៉េ Yonhap បានរាយការណ៍ថា ក្រុមរដ្ឋអាជ្ញារកំពុងស្វែងរកថា តើក្រុមហ៊ុន Samsung ពិតជាបានផ្ដល់ជំនួយហិរញ្ញវត្ថុខុសប្រក្រតីណាមួយទៅដល់កូនស្រីរបស់អ្នកស្រី ឆយ ឬយ៉ាងណា។
ក្រុមហ៊ុន Samsung ដែលកំពុងប្រឈមមុខនឹងការខាតបង់ប្រាក់ចំណេញ ៥.៤ពាន់លានដុល្លារដោយសារការប្រមូលយកទូរស័ព្ទ Galaxy Note 7 របស់ខ្លួននោះ បាននិយាយថា ក្រុមរដ្ឋអាជ្ញាបានទៅទស្សនាការិយាល័យរបស់ខ្លួន ប៉ុន្តែ បានបដិសេធធ្វើអត្ថាធិប្បាយបន្ថែម។
តំណែងប្រធានាធិបតី អ្នកស្រី ផាក បានរងការវាយប្រហារដោយសារតែរឿងអាស្រូវពាក់ព័ន្ធនឹងអ្នកស្រី ឆយ ដែលត្រូវបានគេចោទថា បានប្រើប្រាស់ទំនាក់ទំនងជិតស្និទ្ធរបស់អ្នកស្រីជាមួយប្រធានាធិបតី ដើម្បីលូកលាន់កិច្ចការរដ្ឋ និងប្រើប្រាស់ឥទ្ធិពលនៅក្នុងវិស័យកីឡា និងសហគមន៍វប្បធម៌៕