ថៃ​គ្រោង​បញ្ជូន​រដ្ឋ​ធម្មនុញ្ញ​សុំ​ការ​អនុម័ត​ពី​រាជវាំង​ដើម្បី​ឆ្ពោះ​​ទៅ​រក​ការ​បោះ​ឆ្នោត​២០១៧

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចន្ទអូចា បានថ្លែងថា រដ្ឋាភិបាលយោធានឹងបញ្ជូនរដ្ឋធម្មនុញ្ញឲ្យទៅព្រះមហាក្សត្រនៅថ្ងៃនេះ ជាជំហានថ្មីមួយដែលគួរតែបើកផ្លូវដល់ការបោះឆ្នោតជាតិនៅឆ្នាំ២០១៧។ នេះដោយយោងតាមការផ្សាយរបស់ Reuters។

ប្រទេសថៃ បានស្ថិតក្រោមរបបយោធាចាប់តាំងពីរដ្ឋប្រហារយោធា កាលពីខែឧសភា ឆ្នាំ២០១៤កន្លងមក។ របបយោធា បានព្យាយាមធានាថា ការសោយទីវង្គតព្រះមហាក្សត្រ ភូមិបុល អាដុលយ៉ាតេជ កាលពីថ្ងៃទី១៣ ខែតុលាកន្លងមកនោះ នឹងមិនរារាំងដល់ផែនការផ្លាស់ប្ដូរប្រទេសទៅរករបបប្រជាធិបតេយ្យនោះឡើយ។

លោក ប្រាយុទ្ធ ដែលជាប្រមុខយោធាផងនោះ បានថ្លែងថា លោកបានចុះហត្ថលេខាលើរដ្ឋធម្មនុញ្ញនោះរួចហើយ បន្ទាប់ពីទទួលបានការគាំទ្រពីការធ្វើប្រជាមតិកាលពីខែសីហាកន្លងមក ហើយលោកនឹងបញ្ជូនវាទៅរាជវាំងនៅថ្ងៃនេះ។

របបយោធា បាននិយាយថា រដ្ឋធម្មនុញ្ញនេះ មានបំណងបញ្ចប់ការកើតឡើងម្ដងហើយម្ដងទៀតនៃរដ្ឋប្រហារ។ ប៉ុន្តែ ក្រុមអ្នករិះគន់ មានទាំងអ្នកនយោបាយមកពីគណបក្សធំៗ បានជំទាស់ទៅនឹងរដ្ឋធម្មនុញ្ញនេះ ហើយនិយាយថា វានឹងជួយពង្រឹងឥទ្ធិពលយោធានៅក្នុងឆាកនយោបាយជាច្រើនឆ្នាំទៅមុខទៀត។

ប្រទេសថៃកំពុងរៀបចំការឡើងសោយរាជ្យរបស់រាជ្ជទាយាទ មហា វិជ្ជរ៉ាឡុងកន នៅថ្ងៃទី០១ ខែធ្នូខាងមុខ។

នៅមុនការឡើងសោយរាជ្យសម្បត្តិនេះ លោក ប្រេម ទីនស៊ូឡាណុន អាយុ ៩៦ឆ្នាំ ដែលជាប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ បានកាន់តំណែងជារាជានុសិទ្ធិ។

យោងតាមច្បាប់ ព្រះមហាក្សត្រ ឬរាជានុសិទ្ធិ មានរយៈពេល ៩០ថ្ងៃ ដើម្បីអនុម័តលើរដ្ឋធម្មនុញ្ញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ