ថៃបិទច្រករបៀងមួយចំនួនដោយមិនឲ្យ​ខ្មែរនាំកសិផលទៅលក់នៅខេត្តស្រះកែវ​

មន្ត្រីអង្គការសង្គមស៊ីវិលបានឲ្យដឹងថា ថៃបានបិទច្រករបៀងប្រហែលជា៤កន្លែង ដោយថាមិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរនាំកសិផលចូលទៅលក់នៅក្នុងខេត្តស្រះកែវ ដែលជាទឹកដីប្រទេសថៃនោះទេ ខណៈប្រជាជនប្រទេសថៃកំពុងកាន់ទុក្ខការសោយទិវង្គត់ស្តេចពួកគេ។

អ្នកសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តបន្ទាយមានជ័យ លោក ភុន ឈិន បានប្រាប់VODនៅថ្ងៃអង្គារនេះថា អាជ្ញាធរថៃបានបិទច្រករបៀងកាលពីម្សិលមិញ ចាប់ពីបឹងត្រកួន ដល់ម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ លោកថាការបិទច្រករបៀងនោះ ធ្វើឡើងស្របពេលដែលស្តេចថៃភូមិបុល អាដុលយ៉ាតេជ សោយទិវង្គត  ហើយថៃមិនចង់ឲ្យប្រជាពលរដ្ឋខ្មែរយកកសិផល ជាពិសេសបន្លែទៅលក់នៅក្នុងខេត្តស្រះកែវដូចសព្វដងនោះទេ។

នៅពេលសួរថា ហេតុអ្វីបានជាពលរដ្ឋខ្មែរមិនលក់កសិផលនៅប្រទេសកម្ពុជា ចំាបាច់យកទៅលក់នៅប្រទេសថៃធ្វើអ្វី? លោក ភុន ឈិន ឆ្លើយយ៉ាងខ្លីថា ដោយសារទីផ្សារលក់កសិផលនៅកម្ពុជាមិនទាន់ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅឡើយ៖ «និយាយដូចអត់និយាយ វាអត់មានអ្វីក្រៅពីជំរើស យើងធ្វើម៉េច បង្កើតការងារនិងទីផ្សារក្នុងស្រុកឲ្យបានច្រើន តែយើងនិយាយឲ្យបានតែធូពោះទេ វាដូចជា វាគ្មានន័យសម្រាប់ឲ្យយោបល់ទៅមន្ត្រីរដ្ឋទំាងអស់នោះទេ»។

លោក ភុន ឈិន បន្តថាជារៀងរាល់ថ្ងៃប្រជាពលរដ្ឋខ្មែរជាច្រើនគ្រួសារបាននំាគ្នាឆ្លងដែនទៅខេត្តស្រះកែវ ប្រទេសថៃពីព្រឹកនិងត្រឡប់មកវិញនៅពេលល្ងាច ដើម្បីយកកសិផលរបស់ខ្មែរលក់ សម្រាប់រកប្រាក់ផ្គត់ផ្គង់គ្រួសារ។

យ៉ាងណាក៏ដោយអភិបាលខេត្តបន្ទាយ លោក សួន បវរ មានប្រសាសន៍ថា ច្ររបៀងខុសច្បាប់នៅតាមព្រំដែននៅខេត្តបន្ទាយមានជ័យទំាងអស់ ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បញ្ជាឲ្យបិទ ខណៈភាគីថៃក៏បិទមិនឲ្យដំណើរការដូចគ្នា។ លោកថា រីឯច្រកព្រំដែនស្របច្បាប់ចំនួន៣នៅបើកដំណើរការរួមមាន ច្រកបឹងត្រកួន ច្រកម៉ាឡៃ និងច្រកព្រំដែនអន្តរជាតិ។ ចំណែក កសិផលរបស់ប្រជាពលរដ្ឋមួយចំនួននៅក្បែរព្រំដែនកម្ពុជា/ថៃ ក្នុងខេត្តបន្ទាយមានជ័យ លោក សួន បវរ ថា មិនមានបញ្ហាប្រឈមទេ ពោលរដ្ឋាភិបាលបានយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋផងដែរ៖«ឥឡូវនេះ វាដូចអត់មានបញ្ហាចោទទេ រឿងទីផ្សារ គឺនៅចរាចរណ៍ធម្មតា តម្លៃក៏សមរម្យ បើមានបញ្ហាដូចកន្លងមកគឺយើងដោះរឿងស្រូវលក់មិនចេញ រឿងស្អីៗគឺយើងដោះ រហូតដល់រដ្ឋាភិបាល បង្កើតកម្មវិធីពិសេសជួយដោះថែមទៀត ប៉ុន្តែឥឡូវនេះវាអត់មានបញ្ហារឿងទីផ្សារ ថាវាស្ទះ វាស្អីទេ»។

គួររំលឹកថាកាលពីថ្ងៃទី១៨ ខែកញ្ញា កសិករប្រមាណ១ពាន់នាក់នៅស្រុកសង្កែ ខេត្តបាត់ដំបង បាននាំគ្នាចាក់ស្រូវប្រមាណ៣០០គីឡូក្រាមបិទផ្លូវជាតិលេខ៥ ដើម្បីតវ៉ាទាមទារឲ្យរដ្ឋាភិបាលជួយដោះស្រាយរកទីផ្សារសម្រាប់លក់ស្រូវរបស់ពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ