សមត្ថកិច្ចឃាត់ខ្លួន អគ្គនាយករង អាជ្ញាធរជាតិអប្សរា ករណីកាប់ឈើក្រញូង​ក្នុងតំបន់អង្គរធំ

សមត្ថកិច្ចនគរបាលខេត្ដសៀមរាប នៅព្រឹកថ្ងៃពុធនេះ បានឃាត់ខ្លួនអគ្គនាយករង នៃអាជ្ញាធរជាតិអប្សរាមួយរូប និងមន្ដ្រីមួយរូប ដោយអះអាងថា ពួកគេទាំងនោះ ជាប់ពាក់ព័ន្ធនឹងការកាប់ឈើក្រញូងមួយដើមនៅតំបន់អង្គរ កាលពីថ្ងៃទី៦ខែវិច្ឆិកានេះ។

ការឃាត់ខ្លួននេះគឺបន្ទាប់ពី លោក ឈរ ថាណាត អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា បានសរសេរលិខិតទទួលកំហុសរបស់ខ្លួនកាលពីរសៀលថ្ងៃទី៨ខែវិច្ឆកាម្សិលមិញ ជុំវិញការកាប់ដើមឈើដ៍កម្រមួយដើមនោះ នៅក្នុងតំបន់ឧទ្យានអង្គរ គ្មានការអនុញ្ញាតពីអគ្គនាយក។

អភិបាលរងខេត្ដសៀមរាប ទទួលបន្ទុកបរិស្ថាន លោក គឹម ឆៃហៀង ប្រាប់VODថា អគ្គនាយករង រូបនោះ និងមន្ដ្រីមួយរូបទៀតជាប្រធានផ្នែកការិយាល័យគ្រប់គ្រងព្រៃឈើ គឺលោក ចេវ ផល ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន នៅម៉ោង១០ព្រឹកថ្ងៃទី០៩ខែវិច្ឆិកានេះ និងកំពុងសាកសួរនៅស្នងការនគរបាលខេត្ដសៀមរាប។លោកបញ្ជាក់ថា៖ យើងធ្វើការស្រាវជ្រាវទៅឃើញថាគាត់ទាំងពីររូបនេះបានបញ្ជានិងចុះអនុវត្ដកាប់គល់ក្រញូងនៅក្នុងតំបន់អង្គរ។ចំលើយដំបូងដែលពលរដ្ឋដែលឃើញនឹងភ្នែក ប៉ុន្ដែយ៉ាងណានោះស្រេចសមត្ថកិច្ចធ្វើការស្រាវជ្រាវបន្ដមកដល់ថ្ងៃនេះមិនទាន់បានចោទប្រកាន់គាត់ទេ។

VODមិនអាចទាក់ទងស្នងការដ្ឋាននគរបាល ខេត្ដសៀមរាបលោក សត ណាឌី ដើម្បីសាកសួរបានភ្លាមៗនៅឡើយទេ ដោយលោកមិនលើកទូរសព្ទ។

ក្រោយពីកាប់ដើមឈើប្រណិតនោះមួយថ្ងៃ ប្រធាននាយកដ្ឋានផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរាលោក ឡុង កុសល បានបដិសេធ ការចោទប្រកាន់នេះ ដោយលោកថា ដើមឈើប្រណិតនេះ ត្រូវបានជនមិនស្គាល់មុខលួចកាប់បំផ្លាញ កាលពីល្ងាចទី៤ខែវិច្ឆិកាអស់ទំហំមុខកាត់៤តឹក នៅសល់មុខពីរតឹក ទើបមន្ដ្រីអាជ្ញាធរជាតិអប្សរា សម្រេចកាត់ផ្ដាច់បន្ថែម ដោយបារម្ភខ្លាចដើមឈើនោះ ដួលរលំបង្កគ្រោះថ្នាក់ដល់មនុស្សជាយថាហេតុ ប៉ុន្ដែលោកមិនបានជូនដំណឹងដល់ពលរដ្ឋជាមុនឡើយ។ លោកបន្ដថា៖វាចឹងអត់មានថាធ្វើឡើងដើម្បីទៅកាត់អាហ្ចឹងយកទៅលក់ដូរដើម្បីផលចំណេញអត់មានទេអាហ្នឹងដើម្បីបញ្ជៀសពីគ្រោះថ្នាក់ម៉្យាងយើងដឹងស្រាប់ហើយវានៅសល់តែពីរតឹកហ្នឹងទុកម៉េចបាក់បាត់បង់ជីវិតមនុស្សបាត់បង់ទ្រព្យសម្បត្ដិហ្នឹងខឹងអាជ្ញាធរជាតិអប្សរាទៀតឡូវហើយ។

ប៉ុន្ដែប្រជាពលរដ្ឋរស់នៅភូមិក្បែដើមឈើនោះ អះអាងថា ការច្រានចោលរបស់អាជ្ញាធរជាតិអប្សរានេះ គ្រាន់ជាល្បិច ស្វាស៊ីបាយលាបមាត់ពពែប៉ុណ្ណោះ ដោយថា នៅតំបន់នោះគ្មានជនខិលខូចណាម្នាក់ហ៊ានលួចកាប់បំផ្លាញដើមឈើនៅតំបន់អង្គរបានឡើយ ដោយសារមានអ្នកជំនាញគ្រប់គ្រងព្រៃឈើរបស់អាជ្ញាធរជាតិអប្សរាយាមកាមយ៉ាងតឹងតែងបំផុត។ពួកគេសម្ដែងការសោកស្ដាយដើមឈើដែលមានតម្លៃដ៍មហាសាលមួយដើមនោះ ដោយទទួចឲ្យសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការស្វែងរកចាប់ជនខិលខូចផ្ដន្ទាទោសតាមច្បាប់ និងរក្សាទុកដើមឈើដ៍មានតម្លៃនេះនៅកន្លែងសុវត្ថិភាព។

ទោះជាយ៉ាងណា សកម្មជនបរិស្ថាន និងជាស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្ដិធម៌សង្គម ព្រះតេជគណ ប៊ុត ប៊ុនតិញ  បានបង្ហោះសារតាមបណ្ដាញសង្គមរបស់ព្រះអង្គថា ឈើក្រញូងដែលរងការកាប់បំផ្លាញកាលពីថ្ងៃទី៦ខែវិច្ឆកានោះ អាជ្ញាធរនឹងយកទៅឆ្លាក់ជារូបព្រះបដិមាតំកល់នៅវត្ដមួយក្បែរនោះ ដើម្បីឲ្យពលរដ្ឋធ្វើទីសក្ការៈបូជា៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ