តុលាការជាន់ខ្ពស់ឲ្យបន្តឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សនិងមន្ត្រី​ គ.ជ.ប

សាលាឧទ្ធរណ៍បានសម្រេចឲ្យបន្តឃុំខ្លួន អ្នកការពារសិទ្ធិមនុស្ស៤នាក់នៅសមាគមអាដហុកនិងម្នាក់ទៀតជាមន្ត្រី គ.ជ.ប ដូចសាលាដំបូង ដោយសំអាងថា បើឲ្យអ្នកទាំងនោះនៅក្រៅឃុំ អាចនឹងបង្កការលំបាកដល់ដំណើរនីតិវិធីរបស់តុលាការថ្នាក់ក្រោម។

កាលពីខែមុនសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឲ្យបន្តឃុំខ្លួនមន្ត្រីការពារសិទ្ធិមនុស្សនិងមន្ត្រី គ.ជ.ប បន្តទៀតដោយថា ការឃុំខ្លួន៦ខែកន្លងផុតទៅ តុលាការនៅមិនទាន់រកភស្តុតាងដាក់បន្ទុកបាន ក្នុងសំនុំរឿងសូកប៉ាន់សាក្សី ។

អ្នកការពារសិទិ្ធមនុស្ស ដែលតុលាការឲ្យបន្តឃុំខ្លួននោះ មានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា លោកស្រី លឹម មុន្នី នៅសមាគមអាដហុកនិងម្នាក់ទៀត ជាអគ្គលេខាធិការរង គ.ជ.ប គឺលោក នី ចរិយា។

នៅថ្ងៃទី១១ ខែវិច្ឆិកានេះ សាលាឧទ្ធរណ៍បានបើកសវនាការបិទទ្វារមិនអនុញ្ញាតិឲ្យអ្នកសារព័ត៌ជាតិនិងអន្តរជាតិ ព្រមទាំងអ្នកអង្កេតការណ៍ ឲ្យបានចូលស្តាប់ក្នុងអង្គសវនាការ ដែលជំនុំជម្រះករណីបណ្តឹងសុំនៅក្រៅឃុំ ប្រឆាំងទាស់នឹងសាលក្រមរបស់សាលដំបូងនោះទេ។

ក្រោយបញ្ចប់សាវនាការពេញមួយព្រឹក មេធាវីមួយរូបដែលការពារក្តីអ្នកឃ្លាំមើលសិទ្ធិមនុស្ស លោក សំ សុគង់ អះអាងថា ប្រធានចៅក្រមក្នុងអង្គជំនុំជម្រះលោក សួស សំអាត បានប្រកាសច្រានចោលបណ្តឹងរបស់មេធាវី ដែលសុំឲ្យកូនក្តីនៅក្រៅឃុំ។

លោកថា៖ «ខ្ញុំយល់ឃើញថា បើពិនិត្យពីការលើកឡើងរបស់សាលាឧទ្ធរណ៍ មិនទាន់មានលក្ខណៈត្រឹមត្រូវនិងផ្តល់យុត្តិធម៌សម្រាប់កូនក្តីខ្ញុំទេ ដោយថាកូនក្តីបានលើកឡើងក្នុងសវនាការ គឺគាត់មានភស្តុតាងនិងមានលក្ខខណ្ឌមួយចំនួន គួរណាតុលាការពិចារណាលក្ខខណ្ឌទាំងអស់នៅឲ្យបាននៅក្រៅឃុំ»។

បើតាមលោក សំ សុគង់ ប្រធានចៅក្រមលោក សួស សំអាត អះអាងថា សំនុំរឿងសូកប៉ាន់សាក្សីនេះជាបទឧក្រិដ្ឋ។ ជនជាប់ចោទអាចសហការជាមួយអ្នកជាប់ចោទដទៃទៀត បំផ្លាញភស្តុតាង ខណៈសាលាដំបូងកំពុងបើកការស៊ើបអង្កេតបន្តលើសំនុំរឿងនេះ។

ចំណែកមន្ត្រីការពារសិទ្ធិមនុស្សដែលរងការចោទប្រកាន់ពេលឆ្មាំពន្ធនាគារវាយខ្នោះដៃបញ្ចូលក្នុងរថយន្តរៀបដឹកទៅពន្ធនាគារវិញ បានស្រែកថា ការសម្រេចក្តីរបស់ចៅក្រមជាការសម្រេចមួយក្រោមឥទ្ធិពលនយោបាយ។

ពួកគេថា៖ «ការបន្តឃុំខ្លួនខ្ញុំបន្តទៀតនេះ ខ្ញុំយល់ថាជាការរំលោភសិទ្ធិ សេរីភាព របស់នាងខ្ញុំ។ អ្នកដែលចាប់មន្ត្រីសិទ្ធិមនុស្សដាក់គុក មានតែពួកផ្តាច់ការទេ។ បើសិនជាតុលាការឯករាជ្យ ពួកខ្ញុំត្រូវរួចខ្លួនហើយបាទ។ ប៉ុន្តែខ្ញុំយល់ថា តុលាការស្ថិតក្រោមសម្ពាធអ្នកនយោបាយ»។

មន្ត្រីការពារសិទ្ធិមនុស្សទាំង៥រូបនោះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនកាលពីចុងខែមេសា ឆ្នាំ២០១៦ ខណៈស្ថានការនយោបាយកំពុងឡើងកម្តៅ។ គិតត្រឹមថ្ងៃសុក្រនេះ មន្ត្រីការពារសិទ្ធិមនុស្សទាំងនោះ ជាប់ពន្ធនាគារជិត៧ខែហើយ។

បើទោះបីជាលោក ហ៊ុន សែន ធ្លាប់អះអាងច្រើនដងថា ការចាប់ឃុំខ្លួនមន្ត្រីការពារសិទ្ធិមនុស្សនេះជាវិធានការច្បាប់ក៏ដោយ ប៉ុន្តែមជ្ឈដ្ឋានជាតិនិងអន្តរជាតិថា នូវតែរិះគន់ថារដ្ឋាភិបាលបានលូកដៃចូលក្នុងប្រព័ន្ធយុត្តិធម៌ ធ្វើឲ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជានិងថាបានគំរាមកំហែងសេរីភាពបញ្ចេញមតិ ដែលមានធានាដោយរដ្ឋធម្មនុញ្ញ។

យ៉ាងនេះក្តី មេធាវីការក្តីអះអាងថាសំនុំរឿងនេះ ពួកគេនឹងប្តឹងសាទុក្ខទៅតុលាការកំពូលបន្តទៀត ដោយថាដើម្បីស្វែងរកយុត្តិធម៌ជូនកូនក្តី បើទោះបីពួកគេថាមានជំនឿតិចតួចលើប្រព័ន្ធតុលាការក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ