មេធាវីការពារក្តីសុំឲ្យតុលាការទម្លាក់បទចោទលើមេឃុំគណបក្សប្រឆាំង

មេឃុំរបស់គណបក្ស សម រង្ស៊ី ក្នុងខេត្តកំពង់ចាម លោក ស៊ាង ចែត

សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១១ វិច្ឆិកានេះ បានបើកសវនាការមេឃុំរបស់គណបក្ស សម រង្ស៊ី លោក ស៊ាង ចែត ក្នុងសំណុំរឿងសូកប៉ាន់សាក្សី ពាក់ព័ន្ធអ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ហើយសវនាការនេះនឹងប្រកាសសាលក្រមនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ។

នៅក្នុងសវនាការនៅថ្ងៃនេះ មេធាវីការពារក្តីលោក ស៊ាង ចែត គឺលោក ហែម សុជាតិ បានសុំឲ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ ដោយថាកូនក្តីលោកមិនបានសូកប៉ាន់សាក្សីនោះទេ។

លោកបន្ថែមថា៖ «តាមចំលើយរបស់លោក ស៊ាង ចែត កូនក្តីខ្ញុំ គឺទាំងឆ្លើយនៅ ACU ឆ្លើយនៅឯយ្យាការ ឆ្លើយនៅចៅក្រមស៊ើបសួរ ក៏ដូចជាឆ្លើយនៅសវនាការម៉ិញនេះ គឺគាត់ថាលុយចំនួន២លានដែលគាត់ទទួលបានពីក្រៅប្រទេសយកមកនេះ គឺឲ្យម្តាយស្រីមុំទេ គឺមិនមែនឲ្យស្រីមុំទេ គឺឲ្យម្តាយស្រីមុំឈ្មោះ ស៊ាង លន ដោយហេតុថា ស្រីមុំ នៅពេលអត់មានការងារធ្វើ ដូច្នោះម្តាយនៅឯទីរួមខេត្តដែលជាអ្នកក្រីក្រ គាត់អាចនឹងអត់មានអ្វីផ្គត់ផ្គងជីវភាព អញ្ចឹងអ្នកមនុស្សធម៌នៅក្រៅប្រទេស គេក៏បានរៃអង្គាស់គ្នាបានទឹកប្រាក់ចំនួន២លានរៀលយកឲ្យម្តាយស្រីមុំ អញ្ចឹងគឺឃើញថាលោក ស៊ាង ចែត អត់មានការសូកប៉ាន់សាក្សីអីទេ»។

លោក ហែម សុជាតិ បន្តថា ម្តាយស្រីមុំ ឈ្មោះ ស៊ាង លន ក៏បានឆ្លើយប្រាប់ទៅចៅក្រមស៊ើបសួរដែរថា លុយដែលលោក ស៊ាង ចែត ទទួលបានពីក្រៅស្រុកចំនួន២លានរៀលនោះ គឺបានប្រគាល់ឲ្យអ្នកស្រី មិនមែនឲ្យកូនស្រីរបស់គាត់ឈ្មោះស្រីមុំទេ។

លោកបន្ថែមថា៖ «ហើយលោកស្រី ស៊ាង លន ទៀតដែលបានមកឆ្លើយនៅមុខចៅក្រមស៊ើមសួរនេះ ក៏ដូចជាក្រឡាបញ្ជីដែលបានអានក្នុងបន្ទប់សវនាការ លុយដែលលោក ស៊ាង ចែត ទទួលបានពីក្រៅស្រុក២លានរៀល គឺប្រគល់ឲ្យគាត់[ម្តាយស្រីមុំ]ទេ ប្រគល់មកឲ្យលោកស្រី ស៊ាង លន ទេ គឺមិនមែនឲ្យមកស្រីមុំទេ គឺគាត់បានបញ្ជាក់ច្បាស់ហើយ អញ្ចឹងនិយាយជារួមមកលោក ស៊ាង ចែត គឺអត់សូកប៉ាន់ស្រីមុំអីទេ ហើយគាត់ក៏អត់បាននិយាយពាក្យថា ស្រីមុំត្រូវនិយាយខុសពីការពិតចេះមួយចុះមួយក៏អត់ដែរ»។

លោកមេធាវី ហែម សុជាតិ បន្តថា បើយោងតាមអង្គហេតុដែលដេញដោលក្នុងសវនាការនិងភស្ភុតាងខាងលើនេះ ច្បាប់មិនអាចចោទប្រកាន់លោក ស៊ាង ចែត បានទេ ហើយតុលាការត្រូវទម្លាក់ចោលការចោទប្រកាន់នេះ។

លោក ស៊ាង ចែត បានស្រែកប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់សវនាការពេលដែលឆ្មាំពន្ធធនាគារនាំខ្លួនឡើងឡានទៅឃុំវិញថា តុលាការនឹងដោះលែងឲ្យលោកមានសេរីភាពវិញនៅថ្ងៃប្រកាសសាលក្រម ដោយថា លោកមិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ។

លោកបន្ថែមថា៖ «ខ្ញុំសង្ឃឹមច្រើននៅថ្ងៃខាងមុខ ថ្ងៃ៥ហ្នឹង ព្រោះខ្ញុំមិនបានសូកប៉ាន់អ្វីនោះទេ»។

មេឃុំរបស់គណបក្ស សម រង្ស៊ី ក្នុងខេត្តកំពង់ចាម លោក ស៊ាង ចែត ត្រូវអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ទៅតាមចម្លើយនៅក្នុងលិខិតចំហរបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលបានចោទលោកមេឃុំរូបនេះថា បានបញ្ចុះបញ្ចូលលួងលោមឲ្យនាងនិយាយកុហកសមត្ថកិច្ច អំពីរឿងទំនាក់ទំនងស្នេហាលួចលាក់ជាមួយ លោក កឹម សុខា ដោយសន្យាថានឹងជួយឲ្យនាងបានទៅរស់នៅក្រៅប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ