អ្នកស្រី គ្លីនតុន បន្ទោស​នាយក FBI ធ្វើ​ឲ្យ​អ្នកស្រី​បរាជ័យ

អ្នកស្រី ហ៊ីលឡារី គ្លីនតុន (រូបភាពពីទីភ្នាក់ងារReuters)

អ្នកស្រី ហ៊ីលឡារី គ្លីនតុន បានបន្ទោសទៅលើនាយក FBI លោក James Comey ចំពោះបរាជ័យរបស់អ្នកស្រី នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីថ្ងៃអង្គារកន្លងមកនេះ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

បើតាម Reuters អ្នកស្រី គ្លីនតុន បានបន្ទោសទៅលើលោក James Comey ដូច្នេះ អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយក្រុមអ្នករៀបចំយុទ្ធនាការរបស់អ្នកស្រី នៅថ្ងៃនេះ។

អ្នកស្រី គ្លីនតុន សុទ្ធតែនាំមុខនៅក្នុងការស្ទង់មតិសាធារណៈថ្នាក់ជាតិ នៅមុនការបោះឆ្នោតកាលពីថ្ងៃទី៨ ខែវិច្ឆិកានេះ។ ផ្ទុយទៅវិញ បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានឈ្នះការបោះឆ្នោតទៅវិញ ដែលធ្វើឲ្យភ្ញាក់ផ្អើលនៅទូទាំងសហរដ្ឋអាមេរិក និងជំរុញឲ្យមានការតវ៉ាយ៉ាងធំធេង។

អ្នកស្រី គ្លីនតុន ពុំសូវបង្ហាញខ្លួនជាសាធារណៈនោះឡើយ ចាប់តាំងពីពេលអ្នកស្រី បានថ្លែងសុន្ទរកថា ទទួលស្គាល់បរាជ័យកាលពីថ្ងៃទី៩ ខែវិច្ឆិកានេះ។

នៅថ្ងៃអាទិត្យនេះ អ្នកស្រី គ្លីនតុន បានប្រាប់អ្នកគាំទ្រថា ក្រុមអ្នកស្រីបានព្រាងលិខិតមួយច្បាប់ នៅមុនការបោះឆ្នោត ហើយលិខិតរបស់លោក Comey បានបង្ហាញថា ជាចំណុចផ្លាស់ប្ដូរ។ អ្នកស្រីថា ការសម្រេចចិត្តរបស់លោក Comey ក្នុងការសើរើករណីអ៊ីម៉ែលឯកជនរបស់អ្នកស្រីឡើងវិញ បានបំផ្លាញការគាំទ្រនៅតំបន់ភាគកណ្ដាលអាមេរិក។

លោក Comey បានបញ្ជូលលិខិតមួយច្បាប់ទៅសភាតែប៉ុន្មានថ្ងៃមុនការបោះឆ្នោតប៉ុណ្ណោះ ដោយលោកប្រកាសថា លោកនឹងចាប់ផ្ដើមស៊ើបអង្កេតថា តើអ្នកស្រី គ្លីនតុន បានធ្វើលេចធ្លាយព័ត៌មានសម្ងាត់ឬទេ នៅពេលអ្នកស្រីបានប្រើប្រាស់អ៊ីម៉ែលផ្ទាល់ខ្លួន អំឡុងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាមេរិកពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២កន្លងមក។

លោក Comey បានប្រកាសមួយសប្ដាហ៍ក្រោយមកថា លោកបានត្រួតពិនិត្យលើអ៊ីម៉ែលទាំងនោះហើយ ហើយនៅតែជឿថា អ្នកស្រី គ្លីនតុន មិនបានប្រព្រឹត្តខុសនោះឡើយ ប៉ុន្តែ វាបានប៉ះពាល់ទៅដល់ទិដ្ឋភាពនយោបាយរួចទៅហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ