ក្នុងពិធីបុណ្យអុំទូកឆ្នាំនេះ មានទូកចូលរួមប្រណាំង ចំនួន ២៥៧ ទូក មកពីទូទាំងប្រទេស។ ប៉ុន្តែគណៈកម្មការទូកមូយចំនួនត្អូញត្អែរពីការខ្វះខាតការផ្គត់ផ្គង់ម្ហូបអាហារ និងទីជម្រក។ តែអាជ្ញាធរថា កំពុងជួយដោះស្រាយ។
គណៈកម្មការដឹកនាំទូកមកពីបណ្ដាលខេត្តមួយចំនួន អំពាវនាវឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ផ្ដល់ទីកន្លែងឲ្យក្រុមកីឡាករដែលមកប្រណាំងទូក ង នៅរាជធានីភ្នំពេញបានស្នាក់នៅសមរម្យក្នុងរយៈពេលបីថ្ងៃនេះ។
គណៈកម្មការដឹកនាំទូកមកពីខេត្តកណ្ដាល លោក ចាន់ ហេង ប្រាប់អ្នកសារព័ត៌មានវីអូឌីថា អាជ្ញាធរបានសង់តែរោងឲ្យពួកគាត់ ប៉ុន្តែមិនមានការផ្តល់សំភារៈឬម្ហូបអាហារទេ ខណៈពួកគេមិនសូវមានថវិកាចំណាយបន្ថែមទៀត។ លោកថា ថវិកាដែលបានមកគឺ ប្រជាពលរដ្ឋ ព្រះសង្ឃ នៅក្នុងភូមិបានរៃគ្នាជួយ និងក្រុមហ៊ុន LG បានជួយផ្ដល់ថវិកាខ្លះ ដល់កីឡាករ។ លោកបន្តថា កីឡាករម្នាក់បានទទួលថវិកាចំនួន ២០ ម៉ឺនរៀលក្នុងមួយថ្ងៃ ។
លោកថា៖ «ខ្ញុំមើលទៅឃើញទូកឧកញ៉ាមួយ ២០ លាន ៣០ លាន ហើយទូកគ្នាកសិករ ចំណាយតែ ៥ លានឲ្យក៏គ្នាអរណាស់ មិនចាំបាច់២០ ទៅ៣០លាន មកដោយកម្លាំងពិត ទឹកចិត្តពិត មកនេះគ្មានមកកុងនយោបាយអីទេ សុខចិត្តចោលស្រូវ ចោលស្រែក គោក្របីនៅផ្ទះ អានោះប្រពន្ធកូនខ្ចី នៅមក ដោយសារអី ដោយសារកម្លាំងចិត្តពិត»។
គណៈកម្មការទូកមកពីខេត្តព្រៃវែង លោក ជា យ៉ង លោកបានត្អូញត្អែរពីការលំបាកទាក់ទងទៅនឹងទីតាំង សម្រាប់ស្នាក់នៅ និងការចំណាយផ្សេងៗ គឺចេញដោយខ្លួនឯង ។
លោកថា៖ «វាពិបាកទីពីកន្លែងស្នាក់នៅ ពិបាកចូលពីអីចឹង ដូចយប់មិញជាក់ស្ដែង ពេលភ្លៀងមកដាក់ទឹក នាំគ្នាអង្គុយចំកុកទាល់ព្រឹកបាននាំគ្នាប្ដូរមកដាក់កន្លែងទួលវិញ ហើយការហូបចុកវានៅតែខ្វះខាត ប៉ុន្តែហេតុតែហៅថា កីឡាករ ចេះតែតស៊ូមក ដើម្បីឲ្យល្បីឈ្មោះនៅក្នុងភូមិយើង ។ បើតាមថា មកចង់បានអ្វីគឺអត់មានចង់បានអីទេ មកអត់បាន គ្រាន់តែបានហូបចុកគ្រប់គ្រាន់ប៉ុណ្ណឹងបានហើយ»។
គណៈកម្មការអ្នកដឹកនាំទូក ង មកពីខេត្ត កំពង់ចាម លោក ឈឹម ប៊ុនឡុង អំពាវនាវឲ្យឲ្យរដ្ឋាភិបាល យកចិត្តទុកដាក់ដល់កីឡាករទូកដែលមកពីខេត្ត ដូចជាផ្ដល់កន្លែងស្នាក់នៅឲ្យបានសមរម្យ មានបង្គន់អនាម័យ មានទឹក ប្រើប្រាស់ និងផ្ដល់ជាស្បៀងអាហារជាដើម។
លោកថា ៖ «សំណូមពរឆ្នាំក្រោយកុំឲ្យធ្វើចឹង គ្នារត់មួយយប់ លូវទូកដឹងស្បៀងនៅលើ ហើយកីឡារនៅ(ផ្សេង)វាពិបាកចឹង ចឹងសំណូមទៅរដ្ឋាភិបាលធ្វើយ៉ាងណា បើហៅទូកង មក សូមឲ្យជួយសម្រួលផង ទី១ សម្រួលកន្លែងនៅ ឲ្យបានសមរម្យទៅ ចេះមកជួយការពារផង»។
ពួកគាត់អះអាងថា កន្លែងដែលពួកគាត់ធ្វើរោងស្នាក់នៅនេះ គឺជួលគេក្នុងតម្លៃ ៥០ទៅ ៦០ ម៉ឺនរៀល ក្នុងរយៈពេលបីថ្ងៃ ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា មានប្រសាសន៍ថា អាជ្ញាធរបានកែលម្អប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតដល់អ្នកចូលរួមប្រណាំងទូកនិងសង់រោងជាជម្រក ប៉ុន្តែថាអាជ្ញាធរមិនមានលទ្ធភាពផ្តល់កន្លែងស្នាក់នៅល្អជាងនេះទេ។
ក្នុងពិធីបុណ្យអុំទូកចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែវិចិ្ឆកា មានទូកចូលរួមប្រណាំង ចំនួន ២៥៧ ទូក មកពីទូទាំងប្រទេស ។