យោធិនពិការ និងនិវត្តន៍ជន ដែលទទួលប្រាក់ឧបត្ថម្ភពីរដ្ឋតាមធនាគារឯកជនបានត្អូញត្អែរពីនីតិវិធីនៃការបើកប្រាក់ខែរបស់ខ្លួនថាពួកគេត្រូវរង់ចាំយូរ និងខាតប្រាក់កាសក្នុងការឡើងមកបើកប្រាក់ម្តងៗ ដោយស្នើឲ្យរដ្ឋាភិបាលផ្តល់ជាប័ណ្ណATM ជំនួសវិញ។
យោធិនពិការជើងឆ្វេងត្រឹមភ្លៅម្នាក់លោក គុជ សង្វា បានប្រាប់វីអូឌីថា លោកត្រូវរង់ចាំយូររាល់ពេលមកបើកប្រាក់ឧបត្ដម្ភម្តងៗ ហើយមានថ្ងៃខ្លះកូនគាត់ត្រូវខាតរៀនមួយថ្ងៃផងព្រោះរវល់ជូនលោករង់ចាំការបើប្រាក់ខែនេះ។
លោកថា « ខ្ញុំត្រូវរង់ចាំយូរ និងខាតពេលវេលា ហើយខ្ញុំមានកូនតូចត្រូវដាំបាយទឹកឲ្យកូន។ ខ្ញុំចង់សំណូមពរឲ្យរដ្ឋាភិបាលជួយ ធ្វើកាត ATM ឲ្យពួកខ្ញុំដើម្បីងាយស្រួលក្នុងការបើកប្រាក់ឧបត្ថម្ភ»។
ដូចគ្នានេះដែរមន្រ្តីប៉ូលីសចូលនិវត្តន៍ លោក រឹម សុធី អាយុ៦២ បានលើកឡើងថាប្រាក់ឧបត្ថម្ភប្រចាំខែរបស់លោកមិនអាចបើកនៅតាមខេត្តបានទេ គឺត្រូវឡើងមកបើកនៅធនាគារកាណាឌីយ៉ានៅរាជធានីភ្នំពេញ ដែលធ្វើឲ្យលោកមានការលំបាក និងខាតបង់ប្រាក់កាសច្រើនក្នុងការធ្វើដំណើរទៅមក។
លោកថា «បើកតាមសៀវភៅក្រហមដែលគេចែកឲ្យយើងហ្នឹងណា! ដល់បើកតាមហ្នឹងយើងជួបការលំបាកដែរ ដូចយើងចេញទៅរកស៊ីឯណាឆ្ងាយ ចេញទៅតាមខេត្តអីទៅពេលយើងទៅចាំចម្ការគេអី ដូច្នេះអត់ផ្តល់ការងាយស្រួយឲ្យយើង ដូច្នេះវាមានផលលំបាកខ្លាំងណាស់ដែរហ្នឹងណា ល្មមយើងជិះឡានធ្វើសោហ៊ុយទៅមកហ្នឹងវាអស់ ៣ទៅ៤ម៉ឺនពីលើទៀត» ។
លោកបន្ថែមថា « យឺតយ៉ាវណាស់! ទម្រាំបានបើក ជួនកាលពីរថ្ងៃអីវិននោះ មកខាតសោហ៊ុយ ហើយមកឈរចាំតាមលេខរៀងទៀត។ វេទនាណាស់បងអើយ! ជិត១០ឆ្នាំ ៥ទៅ៦ឆ្នាំហើយ» ។
អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា បានឲ្យដឹងថាក្រសួងកំពុងពិនិត្យទៅលើលទ្ធភាពផ្តល់ប័ណ្ណATM ដល់យុទ្ធជនពិការ និងនិវត្តន៍ជននេះហើយ។ លោកថាក្រសួង និងភាគីពាក់ព័ន្ធកំពុងសិក្សា ដើម្បីឲ្យប្រាកដថាការផ្តល់ប្រាក់ឧបត្តម្ភនេះបានទៅដល់ដៃសាម៉ីខ្លួនពិតប្រាកដ។
លោកថា « ដោយសារតែយើងសិក្សាទៅឃើញមានហានិភ័យមួយចំនួន ពាក់ព័ន្ធនូវការផ្តល់ជូនប័ណ្ណATMនេះ អញ្ចឹងហើយឥឡូវនេះយើងកំពុងតែរកមើលនីតិវិធីណាដែលធ្វើឲ្យមានភាពប្រសើរឡើង សម្រាប់ដែលយើងធ្វើការផ្តល់ជូននិវត្តន៍ជន ឬក៏អតីតយុទ្ធជនទៅ ដើម្បីឲ្យច្បាស់ថាមានតែគាត់ទេដែលអាចប្រើប្រាស់ប័ណ្ណហ្នឹងបាន »។
គួរបញ្ជាក់ផងដែរថាការបើកប្រាក់សម្រាប់យុទ្ធជនពិការ និងនិវត្តន៍ជនត្រូវបានរដ្ឋសម្រេចផ្ទេរទៅតាមធនាគារវិញកាលពីឆ្នាំ២០១២ បន្ទាប់ពីមានការរអ៊ូររទាំពីនីតិវិធីស្មុគស្មាញនៃការបើកប្រាក់ខែ ហើយយុទ្ធជនពិការមួយចំនួនថាប្រាក់ខែរបស់ពួកគេខ្លះបានបាត់នៅពេលដែលពួកគេបើកនៅតាមមន្ទីរសង្គមកិច្ចខេត្ត៕