អ្នកឃ្លាំមើលការបោះឆ្នោត អះអាងថា ព្រះសង្ឃភាគច្រើន នឹងបោះបង់សិទ្ធិបោះឆ្នោត ដោយសារតែ មានភាពស្មុគស្មាញក្នុងការបំពេញបែបទរដ្ឋបាលខណៈរដ្ឋាភិបាលមិនធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានមុនការ ចុះឈ្មោះបោះឆ្នោត។
ការចុះធ្វើបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦នេះ គជប តម្រូវឲ្យពលរដ្ឋត្រូវមានអត្តសញ្ញាណប័ណ្ណជាឯកសារគោល បើពុំនោះទេអ្នកគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវបំពេញបែបទ ធ្វើលិខិតបញ្ជាក់អត្តសញ្ញាណ សម្រាប់បម្រើឲ្យកិច្ចការបោះឆ្នោត ដែលលិខិតបញ្ជាក់នោះ ត្រូវចេញដោយអាជ្ញាធរមូលដ្ឋាន ។
ប៉ុន្តែសម្រាប់ព្រះសង្ឃវិញ រដ្ឋាភិបាលមិនបានធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាជាតិខ្មែរឲ្យទេ។ កត្តានេះ អ្នកឃ្លាំមើលការបោះឆ្នោត អះអាងថា ជាការបង្កការលំបាកដល់ព្រះសង្ឃ ក្នុងការបំពេញកាតព្វកិច្ចជាពលរដ្ឋ ចូលរួមក្នុងការសម្រេចចិត្តជ្រើសរើសមេដឹកនាំ តាមបែបប្រជាធិបតេយ្យ។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត និចហ្វិច លោក សំ គន្ធាមី បានឲ្យ VOD ដឹងនៅថ្ងៃទី១៤ខែវិច្ឆិកា នេះថា ចំនួនព្រះសង្ឃដែលបាននិមន្តទៅចុះឈ្មោះបោះឆ្នោតនៅតែមានចំនួនតិចតួចបំផុត បើទោះបីជាមានការជំរុញពី គជប ។
បើតាមអ្នកឃ្លាំមើលការបោះឆ្នោតរូបនោះ កត្តាដែលព្រះសង្ឃភាគច្រើន មិននិមន្តទៅចុះឈ្មោះបោះឆ្នោត លោកថា អាចមកពីការធ្វើលិខិតបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត ជំនួសអត្តសញ្ញាណប័ណ្ណ នេះបានបង្កការលំបាកដល់ព្រះសង្ឃ ។
លោកថា៖« ចំនួននៅតែជាកម្រិតមួយទាបដែលស្ថិតក្នុងការព្រួបារម្ភ ។ ព្រោះអីពិបាកឯកសារណាព្រះសង្ឃ ។ លោក [ព្រះសង្ឃ] អត់មានអត្តសញ្ញាណប័ណ្ណផងហ្នឹង ដឹងអញ្ចឹងគេអាចរើសអើង ។ មេឃុំ អីឃើញព្រះសង្ឃទៅធ្វើលិខិតបញ្ជាក់អត្តសញ្ញាណហ្នឹង ចេះថាលោកធ្វើនយោបាយធ្វើអីអញ្ចឹង វាជួបការលំបាកអញ្ចឹង ។ តាមពិតវាអត់ត្រូវទេ លោក[មកចុះឈ្មោះ]»មកជ្រើសរើសមេដឹកនាំតើ លោកមិនមែនធ្វើនយោបាយឯណា?»។
មន្ត្រីកម្មវិធីអង្កេតជាន់ខ្ពស់ នៅអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល លោក កង សាវាង្ស ឲ្យដឹងប្រហាក់ប្រហែលដែរថា ពីចំនួនព្រះសង្ឃដែលបាននិមន្តទៅបោះឆ្នោតគិតចាប់ពីថ្ងៃចុះឈ្មោះដំបូង រហូតមកដល់ថ្ងៃជិតបិទបញ្ចប់ នេះ មានចំនួនតិចតួចបំផុត បើប្រៀបធៀបនឹងចំនួនព្រះដែលគង់នៅតែវត្តអារាមនានា។
បើតាមលោក កង សាវាង្ស បញ្ហាចំបងដែលជំរុញឲ្យព្រះសង្ឃបោះបង់សិទ្ធិបោះឆ្នោត គឺភាពសាំញ៉ាំនៃការបំពេញឯកសារជំនួសអត្តសញ្ញាណប័ណ្ណដើម្បីបានចុះឈ្មោះនិងឆន្ទៈនយោបាយ។ លោកពន្យល់បែបនេះ៖«ព្រះសង្ឃគេ [ក្រសួងមហាផ្ទៃ]អត់បានចេញអត្តសញ្ញាណប័ណ្ណឲ្យលោកទេ ដល់ពេលអញ្ចឹងទៅពេលលោក ត្រូវទៅចុះឈ្មោះបោះឆ្នោត ព្រះអង្គចាំបាច់ត្រូវនិមន្តទៅបញ្ជាក់អត្តសញ្ញាណ ។ ដល់អញ្ចឹងត្រូវលោក រកសាក្សី លោកត្រូវទៅធ្វើសៀវភៅគ្រួសារ ។
បញ្ហាទាំងអស់នេះហើយ ពេលខ្លះ ធ្វើឲ្យលោកស្មុគស្មាញធ្វើឲ្យលោកពិបាក ។ មិនត្រឹមប៉ុណ្ណឹងទេ លោកត្រូវទៅបញ្ជាក់ពីចៅអធិការអីផ្សេងទៀត។
ហើយព្រះចៅអធិការខ្លះនឹងត្រូវឲ្យបង់ប្រាក់ទៀតនេះបើតាមព័ត៌មាន ដែលយើងដឹង។រឿងមួយទៀតទាក់ទិននឹងថាព្រះសង្ឃមិនឲ្យចូលរឿងនយោបាយ ដល់អញ្ចឹងទៅ មានពុទ្ធបរិស័ទខ្លះប្រើពាក្យហ្នឹង។ ដល់អញ្ចឹងទៅលោក ខ្វល់ខ្វាយ ហើយខ្ចិលខ្វល់រឿងអស់ហ្នឹង»។
កាលពីចុងខែមុន សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតERA បានធ្វើបធ្វើសន្នីសិទសារព័ត៌មាន បង្ហាញពីភាពមិនប្រក្រតីមួយចំនួន ក្នុងដំណើការចុះឈ្មោះបោះឆ្នោតកន្លងមកនេះ ទាក់ទិននឹងការបង្កការលំបាកដល់ព្រះសង្ឃ ដែលបានទៅចុះឈ្មោះបោះឆ្នោត និងបានបង្ហាញក្តីបារម្ភពីចំនួនថយចុះយ៉ាងគំហុកនៃអ្នកទៅចុះឈ្មោះបោះឆ្នោត។
ក្នុងសន្និសិទនោះ សមជិកERAនិងជានាយកប្រតិបត្តិអង្គការខុមហ្វ្រែល លោក គល់ បញ្ញា អះអាងដែរថាយុទ្ធនាការចុះផ្សព្វផ្សាយព័ត៌មានស្តីពីការបោះឆ្នោតកន្លែងខ្លះត្រូវបានអាជ្ញាធររារាំង និងថាគ្មានការលើកទឹកចិត្តពី គជប ពីការជំរុញឲ្យព្រះសង្ឃទទួលបានព័ត៌មានពីដំណើការចុះឈ្មោះនេះ។
ប៉ុន្តែនៅថ្ងៃទី១២ខែវិច្ឆិកា គជប បានចេញលិខិតអំពាវនាវថ្មីទៀត ជំរុញឲ្យពលរដ្ឋដែលមានអាយុគ្រប់បោះឆ្នោត ទៅចុះឈ្មោះឲ្យបានគ្រប់គ្នា រួមទាំងព្រះសង្ឃផង។
មន្ត្រីទទួលបន្ទុកកិច្ចការបោះឆ្នោត គណបក្សសង្គ្រោះជាតិ លោកស្រី ម៉េង សុធាវី អះអាងថា ចំនួនព្រះសង្ឃដែលនិមន្តទៅចុះឈ្មោះបោះឆ្នោតនៅមានចំនួនតិច។ លោកស្រីថា ករណីនេះអាចមកការយល់ខុសគ្នា រវាងច្បាប់រដ្ឋ និងច្បាប់សាសនា។
លោកស្រីថា៖«ក្នុងការចុះព្រះនាមបោះឆ្នោតហ្នឹងមានចំនួនតិចតួចទេ។ ហើយការប្រជុំនៅថ្ងៃទី១១ខែវិច្ឆិកាថ្មីៗនេះ គជប ក៏បានលើកពីបញ្ហាព្រះសង្ឃនេះដែរ ។
ហើយគជប ក៏បានធ្វើសេចក្តីអំពាវនាវដែរ ។ ហើយក្នុងនោះយើងក៏បានឃើញសង្ឃប្រកាស[សម្តេចសង្ឃធ្វើសេចក្តីប្រកាស] សុំបិណ្ឌបាតព្រះសង្ឃកុំឲ្យនិមន្តទៅចុះព្រះនាមបោះឆ្នោតហ្នឹង ។
សង្ឃប្រកាសហ្នឹងផ្ទុយនឹងសេចក្តីអំពាវនាវ របស់ គជប ដោយផ្អែកថា ព្រះសង្ឃជាបុគ្គលសាសនា[បុគ្គលឯករាជ្យ] តាមធ៌មវិន័យសាសនា ។ តែបើយើងនិយាយពីផ្លូវច្បាប់យើងវិញ គឺយើង[ច្បាប់]អត់មានប្រកាន់បែបហ្នឹងទេគឺថា ប្រជាពលរដ្ឋគ្រប់រូបដែលមានសញ្ជាតិខ្មែរហ្នឹង បូករួមទាំងព្រះសង្ឃផងក៏ជាពលរដ្ឋដែរ។
ហេតុដូច្នេះហើយព្រះសង្ឃក៏ជាពលរដ្ឋដែលមានសិទ្ធិជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋាន ឬក៏ថ្នាក់ដឹកនាំប្រទេសជាតិ របស់ខ្លួនដែរ»។
ករណីនេះមេដឹកនាំប្រឆាំង លោក សម រង្ស៊ី និងលោក កឹម សុខា ក៏បានផ្ញើសារនយោបាយ ជំរុញឲ្យពលរដ្ឋដែលមានអាយុគ្រប់បោះឆ្នោត រួមទាំងព្រះសង្ឃផង ឲ្យទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា ខណៈការចុះឈ្មោះនៅសល់តែ១៦ថ្ងៃប៉ុណ្ណោះគិតត្រឹមថ្ងៃចន្ទនេះ។
នៅលើគេហទំព័រ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោកកឹម សុខា បានសរសេរថា៖» ខ្ញុំព្រះករុណា ខ្ញុំបាទ យល់ឃើញថា ទោះបីជាមានឧបសគ្គ ឆ្លងកាត់ ការលំបាកយ៉ាងណាក៏ដោយ ក្នុងនាមជាពលរដ្ឋខ្មែរ បងប្អូនជនរួមជាតិ គួរតែព្យាយាមឲ្យអស់ពីលទ្ធភាព បំពេញកាតព្វកិច្ច ទៅចុះឈ្មោះបោះឆ្នោត ដើម្បីឲ្យបងប្អូនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មីនេះ ទើបបងប្អូនអាច ទៅបោះឆ្នោត ដើម្បីសម្រេចជោគវាសនា អនាគតខ្លួនយើង គ្រួសារយើង សង្គមយើង និងប្រទេសជាតិយើងបាន។
បើតាមព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកនៃបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ធ្លាប់ប្រាប់VODថា ព្រះសង្ឃនៅទូទាំងប្រទេស មានជាង៥ម៉ឺនអង្គ ក្នុងនោះមានព្រះសង្ឃប្រមាណជា២ម៉ឺនអង្គប៉ុណ្ណោះ ដែលបាននិមន្តទៅចុះឈ្មោះបោះឆ្នោតរួចហើយ។









