មន្ដ្រីទេសចរណ៍ខេត្ដសៀមរាប អះអាងថា ភ្ញៀវទេសចរជាតិនិងអន្ដរជាតិ ទស្សនាកំសាន្ដនាពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នាខេត្ដសៀមរាប នៅឆ្នាំ២០១៦នេះ មានប្រមាណ១១ម៉ឺននាក់។
ប្រធានមន្ទីរទេសចរណ៍ខេត្ដសៀមបលោក ង៉ូវ សេងកាក់ ឲ្យ VOD ដឹងតាមបណ្ដាញសង្គម(ឆាត)នៅព្រឹកថ្ងៃចន្ទនេះថា ភ្ញៀវទេចរណ៍ជាតិចំនួន៨ម៉ឺននាក់ និងអន្ដរជាតិប្រមាណ៣ម៉ឺននាក់ បានមកលេងខេត្តសៀមរាម ដែលលោកថា បើប្រៀបធៀប កាលពីឆ្នាំ២០១៥កើនឡើងជាង៣១,៣៧ភាគរយ។
អ្នកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការកាពារសិទ្ធិមនុស្សលីការដូខេត្ដសៀមរាបលោក ចៅ ល័ក្ខវណ្ណា មានប្រសាសន៍ថា ការរៀបចំពិធីនេះបានល្អប្រសើរជាងឆ្នាំមុន ប៉ុន្ដែអាជ្ញាធរខេត្ដសៀមរាប មិនគួរ ឲ្យក្រុមហ៊ុនយកចំណីផ្លូវសាធារណៈដាក់ជាកន្លែងអង្គុយផឹកគ្រឿងស្រវឹងនោះទេ ដោយថា ធ្វើប៉ះពាល់ដល់ការធ្វើដំណើរកំសាន្ដនាពេលរាត្រី ខណៈរថយន្ដធំៗធ្វើចរាចរក្បែនោះដែរ។ ជាមួយគ្នានោះ លោកថា ចំណីអាហារមួយចំនួនដែលដាក់តាំងពិពណ៌នាថ្ងៃពិធីបុណ្យអុំទូកនោះ ហួសសុពលភាពនិងខ្វះអនាម័យ ដែលលោកថាមន្ដ្រីជំនាញមិនបានពិនិត្យឲ្យបានត្រឹមត្រូវ ធ្វើឲ្យប៉ះពាល់ដល់សុខភាពពលរដ្ឋ។
ស្នងការរងនគរបាលខេត្ដសៀមរាបលោក ឡាច សាវិន មានប្រសាសន៍ថា កម្លាំងសមត្ថកិច្ចជាង៧០០នាក់ ដែលក្នុងនោះមានប៉ូលិសចរាចរណ៍ជាង២០០នាក់ ផងដែរ បានដាក់ពង្រាយតាមគោលដៅផ្សេង ដើម្បីការសន្ដិសុខសុវត្ថិភាព និងសម្រួលសណ្ដាប់ធ្នាប់ជូនពលរដ្ឋនៅក្នុងពិធីបុណ្យអុំទូក នៅខេត្តទេសចរណ៍នេះ។ លោកបន្ត៖ ពេលមានបញ្ហាអីកើតឡើងគឺយើងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធអំពើល្មើសផ្សេងៗយើងសុំឲ្យពលរដ្ឋទាក់ទងមកប៉ូលិសដែលយើងបានដាក់លេខទូរស័ព្ទរួចហើយ។
គណកម្មការបុណ្យ ឲ្យដឹងថា កម្មវិធីប្រណាំងទូក«ង»នៅថ្ងៃ១៣ខែវិច្ឆកា ឆ្នាំ២០១៦នាខេត្ដសៀមរាប មានទូកចំនួន២៨ទូក ដែលស្មើនឹង១៤គូរក្នុងនោះមានទូកនារីមួយគូរផងដែរ៕









