យោធា​ភូមា​ថា ​អំពើ​ហិង្សា​នៅ​រដ្ឋ​រ៉ាក់ឃី​សម្លាប់​មនុស្ស​ជិត​៧០​នាក់

យោធាភូមា បានឲ្យដឹងថា កម្លាំងសន្តិសុខភូមា បានសម្លាប់មនុស្សជិត ៧០នាក់ ចាប់តាំងពីគ្រប់គ្រងទៅលើរដ្ឋរ៉ាក់ឃីនកាលពីខែមុន ដោយបន្ថែមថា ព័ត៌មានស្ដីពីមហន្តរាយដ៏ធំធេងនៅតំបន់នោះ គឺជាព័ត៌មានខុសឆ្គង។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

AFP បានបន្តថា ទាហាន បានសម្រុកចូលទៅក្នុងរដ្ឋជាប់ព្រំដែនជាមួយប្រទេសបង់ក្លាដែសមួយនេះ ចាប់តាំងពីមានការវាយប្រហារដ៏បង្ហូរឈាមទៅលើប៉ុស្តិ៍នៅតាមព្រំដែន កាលពីថ្ងៃទី៩ ខែតុលាកន្លងមកនេះ។ រដ្ឋរ៉ាក់ឃីន គឺជាស្រុកកំណើតរបស់ក្រុមជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា។

ការប៉ះទង្គិចគ្នា បានកើនឡើងកាលពីចុងសប្ដាហ៍កន្លងមកនេះ នៅពេលទាហានបានសម្លាប់មនុស្សជាង ៣០នាក់ នៅក្នុងការប្រយុទ្ធរយៈពេល ២ថ្ងៃ ដែលពួកយោធាបានប្រើកាំភ្លើងយន្តនៅលើឧទ្ធម្ភាគចក្រជាលើកដំបូង។

ការស្វែងរកជនវាយប្រហារ បាននាំទៅរកការសម្លាប់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាចំនួន ៦៩នាក់ និងចាប់ខ្លួន ២៣៤នាក់ នៅចន្លោះថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា។ នេះផ្អែកតាមព័ត៌មានបង្ហោះចូលក្នុងបណ្ដាញសង្គមហ្វេសប៊ុកពីសំណាក់បញ្ជាការដ្ឋានកងទ័ពកាលពីល្ងាចម្សិលមិញ។

ទាហានភូមាបានគ្រប់គ្រងយ៉ាងតឹងរឹងទៅលើព័ត៌មានអំពីប្រតិបត្តិការបស់ពួកគេនៅតំបន់នោះ ហើយបានបដិសេធទៅនឹងរបាយការណ៍នានារបស់ក្រុមសកម្មជន ដែលថា ទាហានកំពុងសម្លាប់ជនស៊ីវិល រំលោភស្ត្រី និងបំផ្លិចបំផ្លាញផ្ទះសម្បែង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ