បាតុកម្មប្រឆាំងនឹងជ័យជម្នះរបស់ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានឈានដល់សប្ដាហ៍ទីពីរហើយនៅថ្ងៃនេះ ដោយនិស្សិតរាប់ពាន់នាក់ បានស្រែកថា “មិនមែនជាប្រធានាធិបតីរបស់ខ្ញុំទេ” បន្ទាប់ពីពួកគេដើរចេញពីសាលារៀននៅទូទាំងប្រទេស។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
បាតុកម្មថ្មីៗនេះ បានកើតឡើង ខណៈដែលក្រុមអ្នករិះគន់ បានវាយប្រហារលើទៅលោក ត្រាំ ដែលបានជ្រើសរើសមនុស្សស្ដាំនិយមជ្រុល លោក Stephen Bannon ធ្វើជានាយកយុទ្ធសាស្ត្ររបស់លោក ដោយអ្នករិះគន់ជាច្រើនព្រួយបារម្ភថា ការសម្រេចបែបនេះ អាចជំរុញឲ្យចលនាជាតិនិយមស្បែកស កាន់តំណែងកំពូលៗនៅសេតវិមាន។
Los Angeles Unified School District ប៉ាន់ប្រមាណថា សិស្សចំនួន ៤ពាន់នាក់ បានដើរចេញពីសាលារៀននៅទូទាំងទីក្រុងមួយនេះ ដើម្បីតវ៉ាជំទាស់ទៅនឹងប្រធានាធិបតីជាប់ឆ្នោតរូបនេះ ដែលបានឃោសនាថា នឹងបណ្ដេញជនអន្តោរប្រវេសន៍គ្មានឯកសារចេញពីអាមេរិក និងកសាងជញ្ជាំងព្រំដែនរវាងអាមេរិក និងប្រទេសម៉ិកស៊ិក។
ក្រុមមន្ត្រីនៅ Seattle Public School បាននិយាយថា សិស្សប្រហែល ៥ពាន់នាក់ បានដើរចេញពីវិទ្យាល័យ និងអនុវិទ្យាល័យចំនួន ២០កន្លែង នៅថ្ងៃនេះ។ តួលេខនេះ គឺស្មើនឹងសិស្សប្រហែល ១០ភាគរយនៅទីក្រុងនេះ។
អាជ្ញាធរនៅទីក្រុង Portland ទីក្រុង Oregon ទីក្រុង Montgomery រដ្ឋម៉ារីឡែន និងតំបន់សាន់ហ្វ្រាន់ស៊ីស្កូ បាននិយាយថា យុវជនក្មេងៗរាប់រយនាក់ បានដើរដង្ហែក្បួនបាតុកម្មផងដែរ។
មនុស្ស ១ម៉ឺននាក់ បានដើរក្បួននៅតាមទីក្រុងនានា ចាប់ពីទីក្រុងញូវយ៉ក រហូតដល់ទីក្រុងឡូសអែនជឺឡែស នៅក្នុងបាតុកម្មដោយសន្តិវិធី ចាប់តាំងពីលោក ត្រាំ បានទទួលជ័យជម្នះលើអ្នកស្រី ហ៊ីលឡារី គ្លីនតុន កាលពីសប្ដាហ៍មុន៕









