អ្នកវិភាគ និងអង្គការសង្គមស៊ីវិល បង្ហាញការយល់ឃើញថា ការដែលប៉ូលីសអាមេរិក បង្ក្រាបចលនាបាតុកម្មហិង្សា ក្រោយការបោះឆ្នោតនៅប៉ុន្មានថ្ងៃនេះ ពួកគេថា ជាគម្រូមួយ ដល់រដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគោរពគោលការណ៍ប្រជាធិបតេយ្យ ។
នៅសប្តាហ៍មុននេះ បេក្ខជនមកពីគណបក្សសាធារណរដ្ឋ របស់សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានឈ្នះការបោះឆ្នោត ជាប់ជាប្រធានាធិបតី។
តាមច្បាប់អាមេរិក លោក ដូណាល់ ត្រាំ នឹងចូលកាន់តំណែងនៅថ្ងៃទី២០ខែមករាឆ្នាំ២០១៧ខាងមុខនេះ ជំនួសប្រធានាធិបតីចាស់មកពីគណបក្សប្រជាធិបតេយ្យដែលកំពុងគ្រប់គ្រងអំណាច។
ប៉ុន្តែជ័យជំនៈ របស់លោក ត្រាំ នេះត្រូវបានអ្នកមិនគាំទ្រធ្វើបាតុកម្មប្រឆាំង រហូតក្រុមអ្នកតវ៉ាមួយចំនួនផ្ទុះហិង្សា បំផ្លាញទ្រព្យសម្បត្តិសាធារណមួយចំនួននៅតាមដងផ្លូវ។
តែប៉ូលីស អាមេរិក បានប្រើគ្រាប់បែកផ្សែងបាញ់ បំបែកក្រុមអ្នកតវ៉ាផ្ទុះហិង្សាទាំងនោះ រហូតឈានទៅចាប់ខ្លួនបាតុករជាង៣០០នាក់ គិតត្រឹមថ្ងៃអង្គារនេះ និងបាតុករ២នាក់ត្រូវបានរាយការណ៍មកថា បានស្លាប់។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា លើកឡើងថា ថ្វីត្បិតការបង្ក្រាបនោះ ធ្វើឲ្យបាតុករខ្លះស្លាប់ និងមួយចំនួនត្រូវចាប់ខ្លួនមែន ប៉ុន្តែលោកវិភាគថា យន្តការទប់ស្កាត់នោះមានចំនុចល្អច្រើន ដែល កម្ពុជាគួយកមកធ្វើជាមេរៀន សម្រាប់ពង្រឹងប្រជាធិបតេយ្យនៅកម្ពុជា ។
បើតាមលោក ឯម សុវណ្ណារ៉ា ទាំងកម្ពុជា ទាំងអាមេរិក ត្រូវប្រើកម្លាំង បំបែកដូចគ្នា បើការតវ៉ានោះផ្ទុះហិង្សាបំផ្លាញទ្រព្យសម្បតិ៍សាធាណៈ។
ប៉ុន្តែលោកឯម សុវណ្ណារ៉ា វិភាគថា អ្វីដែលអាជ្ញាធរកម្ពុជា គួយកជាគំរូ នោះគឺថា ប៉ូលីសអាមេរិក បានប្រើគ្រាប់បែកផ្សែង បំបែកក្រុមបាតុករ មិនប្រើគ្រាប់ពិតចាញ់រះទៅលើបាតុករ ដូចព្រឹត្តិការណ៍នៅផ្លូវវ៉េងស្រេង ក្រោយការបោះឆ្នោតឆ្នាំ២០១៣នោះទេ។
ម្យាងទៀត អ្នកវិភាគរូបនោះថា ការអនុវត្តច្បាប់របស់អាមេរិក បានចាប់តែជនដៃដល់ នៅកន្លែងកើតហេតុ លោកថា អាជ្ញាធរអាមេរិក មិនយកព្រឹត្តិការណ៍បង្ក្រាបនោះ លាភព៌ណគ្នា ទៅជារឿងនយោបាយ ហើយស្វែងរកចាប់ខ្លួន អ្នកដែលមិនបានប្រើហិង្សាសោះ ទៅដាក់ពន្ធនាគារដូចនៅកម្ពុជាទេ។
លោកថា៖«នៅសហរដ្ឋអាមេរិកគេគ្រាន់តែបង្ក្រាបដើម្បីបំបែកហ្វូងបាតុករ គេអត់ប្រើកាំភ្លើងទៅបាញ់ប្រហារ ប្រជាពលរដ្ឋទេ។ព្រោះកាលណាប្រហា ប្រហាប្រជាពលរដ្ឋគឺក្នុងន័យមួយសត្រូវ បើកាលណាគេប្រើគ្រាប់ទៅបាញ់គម្ទិច អាហ្នឹងដូចជាសត្រូវឈ្លានពាន ប្រទេស គេហៅថាសត្រូវផ្តួលរំលំរដ្ឋាភិបាល ឬរដ្ឋប្រហាអីគេប្រើកាំភ្លើងបាញ់តតាំងគ្នា ។
អានេះ ប្រជាពលរដ្ឋដៃទទេ ដូចនេះគេប្រើតែទឹក ឬក៏ផ្សែងដើម្បីបំបែកហ្វូងបាតុករ ជាមធ្យោបាយមួយ ជាសមិនផុតទេនៅស្រុកណាក៏គេប្រើដែរ បើសិនជាគេមិនអាចសម្របសម្រួលដោយសន្តិវិធីបាន នោះ»។
លោកបន្ថែមថា៖ព្រោះកន្លែងនេះ វាកាត់បន្ថយនូវវប្បធម៌គំគួន ឬគេហៅថាវប្បធម៌ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី អីនឹង យើងអាចកាត់បន្ថយបាន។
ប៉ុន្តែបើយើងអត់បានសិក្សាពីគេ ។ ឃើញគេបាតុកម្មដែរ ហើយឃើញគេបាតុកម្មនៅអាមេរិក ហើយនាំគ្នាថាបាតុកម្មនៅសហរដ្ឋអាមេរិកប្រទេសប្រជាធិបតេយ្យវាមិនល្អនោះ។
តាមពិតយើងគួសសើគេមានហិង្សា មានស្លាប់ ព្រោះបើប្រៀបភាគរយគេតិចណាស់។ មនុស្សគេជាង១០០លាននាក់ ហើយយើង១៥លាននាក់ យើងងាប់៧ទៅ៨នាក់ ច្រើនជាងហ្នឹង ។ អាហ្នឹងហើយដែលយើងគួគិតពិចារណានោះបាទ»។
កាលពីថ្ងៃទី១៥កក្កដាឆ្នាំ២០១៤បាតុករដែលគាំទ្រគណបក្សសង្គ្រោះជាតិ បានប៉ះទង្គិតជាមួយសន្តិសុខ ខណ្ឌដូនពេញ នៅពេលពួកគេព្យាយាមតវ៉ាឲ្យរដ្ឋាភិបាលបើកទីលានប្រជាធិបតេយ្យ ឲ្យបានស្តែងមតិឡើងវិញ អំឡុងជាប់គាំងនយោបាយក្រោយបោះឆ្នោត។
ក្រោយផ្ទុះហិង្សា សន្តិសុខខណ្ឌ ប្រមាណជា៤០នាក់ ត្រូវគេអះអាងថា បានរងរបួស។ ក្រោយមក សកម្មជន និងតំណាងរាស្ត្របក្សប្រឆាំងជាង១០នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន ចោទពីបទឧក្រិដ្ឋ បើទោះបីពួកគេប្តឹងជំទាស់ទៅតុលាការថា មិនបានប្រើហិង្សា វាយសន្តិសុខ ដែលរងរបួសទាំងនោះក៏ដោយ។
អគ្គលេខាធិការអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាCHRACលោក សួន ប៊ុនស័ក្តិ កត់សម្គាលប្រហាក់ប្រហែលដែរថា មុនការបង្ក្រាប អាជ្ញាធរអាមេរិក មានការអត់ធ្មត់ច្រើន ឯវិធីបំបែកវិញលោកថា គេប្រើឧស្ម័នបង្ហូរទឹកភ្នែក មិនប្រើគ្រាប់ពិត បាញ់រះទៅក្រុមអ្នកតវ៉ាដូចកម្ពុជាទេ។
លោក សួន ប៊ុនស័ក្តី លើកឡើងទៀតថា ឯវិធានការទប់ស្កាត់វិញ ប៉ូលីសអាមេរិក ទប់ស្កាត់តែបាតុករដែលផ្ទុះហិង្សាតែប៉ុណ្ណោះ មិនរារាំងដល់បាតុករ ដែលតវ៉ាដោយសន្តិវិធីទេ។
បើតាមមន្ត្រីការពារសិទ្ធិមនុស្សរូបនោះ ការសម្តែងមតិនៅកម្ពុជា ពេលខ្លះក្រុមអ្នកតវ៉ា ត្រូវបានបំបែកមុនពួកគេប្រមូលផ្តុំទៅទៀត។
ករណីនេះលោក សួន ប៊ុនស័ក្តិ បញ្ជាក់ថា រដ្ឋធម្មនុញ្ញកម្ពុជា បានធានាពេលលេញនូវសេរីភាពបញ្ចេញ មិនចាញ់ប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យមួយចំនួនទេ។ ប៉ុន្តែលោកថា អ្វី ដែលរដ្ឋាភិបាលកម្ពុជានូវតែរងការរិះគន់ពីការរំលោភសិទ្ធិមនុស្សនោះ គឺការអនុវត្តន៍ច្បាប់មិនស្មើភាពគ្នា ពិសេសអ្នកដែទាមទារសិទ្ធិការងារ និងអ្នកជំរុញឲ្យមានអភិបាលកិច្ច។
លោកថា៖«នៅពេលណាដែលមានការតវ៉ាទាមទារ ដោយសន្តិវិធី យើងឃើញថា មានការបង្ក្រាបយ៉ាងចាស់ដៃ ។ គឺបានសេចក្តីថា បង្ក្រាបកាន់តែច្រើននូវសេរីភាពបញ្ចេញមតិ នូវអ្វីដែលគេចង់ប្រាប់ទៅអាជ្ញាធររដ្ឋនឹងមិនសូវមានទេ។ ដូច្នេះបើយើងមើលជាទូទៅពីសេរីភាពបញ្ចេញមតិ អំពីអ្វីដែលគេចង់ប្រាប់ឲ្យដឹងពោពេញទៅដោយការបង្ក្រាប ជជាងស្តាប់ដើម្បីយកទៅដោះស្រាយ»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ មួយរូបទៀត គឺលោក សូ ចន្ថា វិភាគថា បទពិសោធមួយទៀតដែលកម្ពុជាគួ យកធ្វើជាមេរៀនសម្រាប់ជាប្រយោជន៍ជាតិ លោកថារដ្ឋាភិបាលគួពង្រឹងកអំណាចតុលាការ អំណាចស្ថាប័នធំៗដទៃទៀត រួមទាំង គ.ជ.ប ផងដែរ ឲ្យក្លាយជាស្ថាប័នឯករាជ្យពិតប្រាកដ ធានាការផ្ទេរអំណាចដោយសន្តិវិធី ក្រោយការបោះឆ្នោត ដូចនៅសហរដ្ឋអាមេរិក។
លោកថា៖«ដូច គជប នៅកម្ពុជា ជាដើមគួធ្វើអ្វីឲ្យគណបក្សនយោបាយនឹងមានទំនុកចិត្តខ្ពស់អាហ្នឹងឈានទៅដល់ចំនុចមួយនៃការផ្ទេរអំណាច ដោយសន្តិវិធី។ ហើយចំនុចមួយទៀតសំខាន់ដែរ មុនការបោះឆ្នោតមានការវាយប្រហារគ្នាខ្លាំងដែរ។
ក៏ប៉ុន្តែក្រោយពីលទ្ធផលចេញ ពួកគេបានស្វាគមន៍គ្នា ហើយចាត់ទុកគ្នាជាមិត្ត ចាត់ទុកគ្នាជាពលរដ្ឋអាមេរិកតែមួយ ពោលគឺមិនចាត់ទុកគ្នាជាសត្រូវទេ។ ប៉ុន្តែនៅកម្ពុជាយើងឃើញថា តាំងពីមុនបោះឆ្នោត រហូតដល់ការបោះឆ្នោតហើយយើងឃើញនូវតែមានការបែកបាក់គ្នា ហើយនៅតែចាត់ទុកគ្នាជាសត្រូវជានិច្ច»
សរុបជារួម អ្នកវិភាគអះអាងថា កម្ពុជាក៏ដូចប្រទេសនានាលើលពិភពលោកដែរ ត្រូវការចាំបាច់នូវកម្លាំងប្រដាប់អាវុធដែលមានជំនាញ សម្រាប់ទប់ស្កាត់ និងការពារសន្តិសុខសណ្តាប់ធ្លាប់សង្គម។
ប៉ុន្តែពួកគេថា កម្ពុជា ជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ គួយកបទពិសោធល្អៗពីប្រទេសដែលប្រកាន់ប្រជាធិបតេយ្យដូចគ្នា មកអនុវត្តដើម្បីសាមគ្គីជាតិ និងការអភិវឌ្ឍន៍ជាតិ។
ដូចជាការប្រើគ្រាប់បែកផ្សែងបំបែកបាតុកម្មហិង្សា មិនប្រើគ្រាប់ពិត បាញ់រះទៅលើក្រុមអ្នកតវ៉ា មិនត្រូវបង្កើតវប្បធម៌លាភពណ៌គ្នា ក្រោយហេតុផលនយោបាយ និងមិនត្រូវយកប្រព័ន្ធតុលាការ ធ្វើជាឧបករណ៍ សម្រាប់ដាក់សម្ពាធ និងគំរាកំហែង សេរីភាពញ្ចេញមតិជាដើម។