អាជ្ញាធរព្រំដែនថៃ បានបញ្ជូនពលករខ្មែរចំនួន១៦៥នាក់ ត្រឡប់មកកាន់ម្ពុជាវិញ បន្ទាប់ពីអ្នកទាំងនោះរងការចោទប្រកាន់ថាបានចូលទៅស្នាក់នៅ និងធ្វើការដោយខុសច្បាប់ក្នុងដីថៃ។
យោងតាមការចុះផ្សាយលើគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ក្នុងចំណោមពលករ១៦៥នាក់នោះ មានស្រី៦៥នាក់ ត្រូវបានតម្រួតថៃចាប់បញ្ជូនមកតាមច្រកព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ម្សិលមិញ និងបានប្រគល់ជូននគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិដូង ដើម្បីចាត់វិធានការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការឆ្លងកាត់ព្រំដែនខុសច្បាប់បន្ដទៀត។ លើសពីនេះ អាជ្ញាធរកម្ពុជាបានរៀបចំរថយន្ដក្រុងដើម្បីឲ្យពួកគេធ្វើដំណើរត្រឡប់ទៅស្រុកវិញផងដែរ។
បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ការសម្រេចបញ្ជូនពលករខ្មែរទាំងនោះ គឺដោយសារពួកគេមានការប្រឈមហានិភ័យខ្លាំង ដូចជា ទទួលរងការបាញ់សម្លាប់ ការចាប់ដាក់គុក ធ្វើទារុណកម្ម និងពលករខ្លះទៀត រងការចាញ់បោក និងកេងកម្លាំងពលកម្មពីសំណាក់មេខ្យល់ខ្មែរ និងមេខ្យល់ថៃ ពិសេសការឃុបឃិតគ្នាពីសំណាក់សមត្ថកិច្ចការពារព្រំដែនកម្ពុជា-ថៃ ដើម្បីសម្រួលឲ្យពួកគេឆ្លងកាត់ព្រំដែនទៅធ្វើការនៅថៃជាដើម។
ពាក់ព័ន្ធករណីនេះដែរ VOD បានទាក់ទងទៅលោក សុខ ផល អគ្គនាយកអន្ដោប្រវេសន៍ដើម្បីសុំព័ត៌មានបន្ថែម ប៉ុន្ដែលោកថាកំពុងជាប់ប្រជុំ។ ចំណែក លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា និយាយថាលោកនៅមិនទាន់ក្ដាប់ព័ត៌មាននេះបាននៅឡើយ៕