ក្រសួងបានឲ្យដឹងថា ពលករខ្មែរទៅធ្វើការតាមទូកនេសាទថៃជិត២០នាក់ ត្រូវបានសមត្ថកិច្ចឥណ្ឌូនេស៊ីចាប់ឃាត់ខ្លួន បន្ទាប់ពីឆ្លងចូលនេសាទខុសច្បាប់នៅដែនទឹកនៃប្រទេសឥណ្ឌូនេស៊ីកាលពីជាង៣ខែមុន នៅមិនទាន់អាចវិលត្រលប់មកប្រទេសកំណើតវិញនៅឡើយ ដោយរង់ចាំការកំណត់អត្តសញ្ញាណ។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៧ វិច្ឆិកាម្សិលមិញ ក្រសួងការបរទេសបានឲ្យដឹងថា ពលរដ្ឋខ្មែរចំនួន១៨នាក់ត្រូវបានអាជ្ញាធរប្រទេសឥណ្ឌូនេស៊ីឃាត់ខ្លួនកាលពីថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៦ បន្ទាប់ពីចូលនេសាទខុសច្បាប់ក្នុងដែនទឹកប្រទេសនេះនៅកោះរីអាវ (Riau) នៅមិនទាន់អាចវិលត្រលប់មកប្រទេសកម្ពុជាវិញនៅឡើយ ដោយថារង់ចាំសម្ភាសន៍ជាមួយអ្នកដែលនៅសេសសល់២នាក់ទៀត ដែលត្រូវបានអាជ្ញាធរប្រទេសនោះស្នើទុករង់ចាំធ្វើសាក្សី ដើម្បីកាត់ទោសម្ចាស់ទូក។
បើតាមសេចក្តីប្រកាសព័ត៌មាននោះ ពួកគេទាំងនោះមានអាយុចាប់ពី១៧ទៅ៥៨ឆ្នាំមកពីខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កំពត និងកំពង់ធំ បានចូលទៅថៃនៅចុងខែមិថុនា ត្រូវបានម្ចាស់ទូកនេសាទថៃនាំទៅនេសាទនៅប្រទេសម៉ាឡេស៊ី ដោយធ្វើការ១៥ម៉ោងក្នុងមួយថ្ងៃ និងផ្តល់ប្រាក់ខែចាប់ពី៥ពាន់បាតឬប្រមាណជា១៤០ដុល្លារក្នុងមួយខែ ហើយត្រូវបានអាជ្ញាធរទឹកឥណ្ឌូនេស៊ីឃាត់ខ្លួនជាមួយទូកនសាទកាលពីខែកក្កដា ខណៈពេលដែលចូលក្នុងដែនទឹកប្រទេសនេះដោយខុសច្បាប់៕