អតីតអ្នកបើករថយន្តឲ្យក្រុមហ៊ុនកាពីតូលដឹកអ្នកដំណើរ ស្នើនាយករដ្ឋមន្ត្រីជួយអន្តរាគមន៍ឲ្យយកពួកគេ៤៥នាក់បានចូលធ្វើការនៅកន្លែងដើមវិញ បន្ទាប់ពីភាគីក្រុមហ៊ុនបញ្ឈប់ពីការងារជាង១ឆ្នាំមកនេះ ដោយគ្មានដំណោះស្រាយ។
កាលពីខែកក្កដា ឆ្នាំ២០១៥ វិវាទការងារនៅក្រុមហ៊ុនកាពីតូលបានផ្ទុះឡើង។ ជម្លោះនោះ ភាគីក្រុមហ៊ុនបាន បញ្ឈប់បុគ្គលិកផ្នែកបើកបរយ៉ាងតិច៤៥នាក់។
បុគ្គលិកដែលក្រុមហ៊ុនបញ្ឈប់អះអាងថា ការបញ្ឈប់ពួកគេនេះ ថៅកែក្រុមហ៊ុនបានធ្វើឡើងតែប៉ុន្មានថ្ងៃ ប៉ុណ្ណោះ ក្រោយពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជូនតារាងរាយនាមផ្លូវការឬហៅថាបញ្ជីការ មកឲ្យក្រុមហ៊ុន ដើម្បីបញ្ជាក់ថា ពួកគេបានបង្កើតសហជីពស្របតាមច្បាប់ សម្រាប់ជំរុញលក្ខខណ្ឌការងារនៅក្នុងក្រុមហ៊ុនកាពីតូលនេះ។
តំណាងអ្នកតវ៉ាម្នាក់ក្នុងចំណោមអ្នកតវ៉ាជិត៤០នាក់ផ្សេងទៀត គឺលោក ប៉ិល វឿន ឲ្យអ្នកសារព័ត៌ដឹងមុនដាក់ញត្តិទៅមន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីនាថ្ងៃទី១៨ ខែវិច្ឆិកានេះថា ការដែលក្រុមហ៊ុនបញ្ឈប់ពួកគេកន្លងទៅ បុរសរូបនោះថា បានរំលោភច្បាប់ស្តីពីការងារ។
លោក ប៉ិល វឿន ឲ្យដឹងទៀតថា ជាង១ឆ្នាំមកនេះ ពួកគេបានប្តឹងទៅក្រសួងការងារក្រុមប្រឹក្សាអាជ្ញាកណ្តាល ស្វែងរកអន្តរាគមន៍ជួយរកដំណោះស្រាយ។ ប៉ុន្តែលោកថាដំណោះស្រាយនោះត្រូវជាប់គាំង។
បើតាមលោក ប៉ិល វឿន ការអូសបន្លាយរកដំដោះស្រាយនេះ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេដែលមានជីវភាពក្រីក្រស្រាប់។
លោកថា៖ «កត្តាទី១ កូនបាត់ការសិក្សា ទី២ កត្តាជីវភាពប្រចាំថ្ងៃ ដូចជាការបង់ថ្លៃទឹក ភ្លើង អាហារអូបចុកប្រចាំថ្ងៃ វាបាត់បង់ច្រើន។ អញ្ចឹងបានជាខ្ញុំមកនេះ ស្នើសុំឲ្យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គាត់ជួយអន្តរាគមន៍ ព្រោះគាត់ជាម៉ែជាឪរបស់ខ្ញុំ ស្នើសុំគាត់ ឲ្យគាត់ជួយជំរុញទៅក្រុមហ៊ុន ឲ្យយកពួកខ្ញុំចូលធ្វើការដូចដើមវិញ»។
លិខិតសុំអន្តរាគមន៍របស់អតីតអ្នកបើកបររថយន្តដែលដាក់ជូនទៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីនោះសរសេរថា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ កម្មករនិយោជិតបានបង្កើតសហជីព។ ពួកគេសរសេរថា ពេលនោះក្រុមហ៊ុនបានរើសអើងសហជីពពេញទំហឹង និងបញ្ឈប់ថ្នាក់ដឹកនាំចំនួន៥រូប នៅថ្ងៃទី១០ ខែកក្កដា ដោយថាក្រុមហ៊ុនត្រូវការកាត់បន្ថយបុគ្គលិក។
លិខិតដដែលបញ្ជាក់ថា ប៉ុន្តែការបញ្ឈប់តំណាងសហជីពទាំងនោះ ជំរុញឲ្យសមាជិកដទៃទៀតផ្ទុះការតវ៉ា រហូតក្រុមហ៊ុនបញ្ឈប់សមាជិកសហជីពរហូតដល់ទៅ៤៥នាក់។
អគ្គលេខាសហព័ន្ធសហជីពកម្មករវិស័យដឹកជញ្ជូនកម្ពុជា លោក អៀន គឹមហុង ដែលតាមករណីវិវាទនេះ អះអាងនៅកន្លែងដាក់ញត្តិថា ការយកហេតុផលផ្សេងៗ ដើម្បីជាលេស ចង់រំលាយសហជីពចេញពីក្រុមហ៊ុន លោកថា ជាទង្វើផ្ទុយនឹងច្បាប់។
បើតាម លោក អៀន គឹមហុង ភាពជាប់គាំងនៃការដំណោះស្រាយវិវាទនេះ លោកថាអាចមកពីការអនុវត្តច្បាប់នៅមានកម្រិត មិនអាចដាក់ទោសទណ្ឌអ្នកមានប្រាក់និងមានអំណាចបាន។
លោកថា៖ «រឿងកាពីតូលអូសបន្លាយមកដល់បច្ចុប្បន្ន ដោយសារតែមានមន្ត្រីរដ្ឋាភិបាលមួយចំនួន នៅពីក្រោយខ្នងគាត់កាងអញ្ចឹងទៅ ធ្វើឲ្យការដោះស្រាយហ្នឹងមានបញ្ហាជាមួយអ្នកបើកបរ។ ហើយទី២ទៀត គាត់[ក្រុមហ៊ុន]យកប្រព័ន្ធតុលាការហ្នឹង មកប្រើប្រាស់ចេញដីកា ដើម្បីគំរាមកំហែងធ្វើទុក្ខបុកម្នេញ អ្នកបើកបរមួយចំនួន ឲ្យពួកគាត់លះបង់ការតវ៉ា»។
បើតាមលោក អៀន គឹមហុង អតីតអ្នកបើកបរ៤៥នាក់ដែលត្រូវបានបណ្តេញចេញពីការងារ មាន៣៦នាក់ត្រូវក្រុមហ៊ុនប្តឹងទៅតុលាការ ដាក់សម្ពាធឲ្យពួកគេយល់ព្រមផ្តាច់កិច្ចសន្យានិងមន្ត្រីសហជីព របស់សហភាពការងារមួយចំនួន ដែលឃ្លាំមើលការអនុវត្តច្បាប់ ករណីនេះកំពុងជាប់បណ្តឹងនៅតុលាការ។
មាត្រា១២ នៃច្បាប់ស្តីពីការងារចែងថា និយោជក(ថៅកែ)មិនអាចយកលេស ដើម្បីបញ្ឈប់កម្មករនិយោជិតឬការដាក់ពិន័យឬការផ្តាច់កិច្ចសន្យាការងារ ដោយសារការបង្កើតសហជីពឬចូលជាសមាជិកសហជីពបានឡើយ។
ច្បាប់នោះចែងទៀតថា រាល់ការដាក់ទណ្ឌកម្មរបៀបនេះ ត្រូវចាត់ទុកជាមោឃៈ ហើយនិយោជកត្រូវពិន័យជាប្រាក់ទៅតាមការកំណត់របស់ច្បាប់។
ប៉ុន្តែសម្រាប់ភាគីក្រុមហ៊ុនកាពីតូលវិញ ធ្លាប់ប្រាប់VODថា ការបញ្ឈប់អ្នកបើកបរទាំងនោះ ក្រុមហ៊ុនថាដោយសារតែពួកគេបានដាក់ភ្ញៀវតាមផ្លូវ រំលោភបទបញ្ជាផ្ទៃក្នុង និងប៉ះពាល់ដល់ការប្រកួតប្រជែងរបស់ក្រុមហ៊ុន។
ទោះជាយ៉ាងណា ញត្តិរបស់ក្រុមតវ៉ាត្រូវមន្ត្រីខុទ្ទការល័យនាយករដ្ឋមន្ត្រី គឺលោក គង់ ចំរើន តម្រូវឲ្យកែតម្រូវពាក្យពេជន៍ខ្លះតាមបែបបទរដ្ឋបាល មុនទទួលយកសំណើសុំអន្តរាគមន៍នោះប្រគល់ទៅមន្ត្រីពាក់ព័ន្ធស្វែងរកដំណោះស្រាយ។
គួរំឭកថា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦ អតីតអ្នកបើកបរនេះយ៉ាងតិច១៤នាក់ បានរងរបួសធ្ងន់និងស្រាល នៅពេលពួកគេបើកយុទ្ធនាការតវ៉ាទ្រង់ទ្រាយធំមួយនៅមុខស្នាក់ការក្រុមហ៊ុនជិតផ្សារអូឫស្សី។
ប៉ុន្តែមនុស្សមួយក្រុមដែលគេស្គាល់ថាស្និតនឹងក្រុមហ៊ុនកាពីតូលនេះ ហើយបានប្រើដែកសរសៃ ញញួរ និងវត្ថុរឹងមួយចំនួនទៀត វាយទៅលើជនរងគ្រោះដែលតវ៉ា មិនត្រូវសមត្ថកិច្ចចាប់ខ្លួនមកផ្តន្ទាទោសទេ រហូតមកដល់ពេលនេះ បើទោះបីក្នុងហេតុការណ៍នោះជនរងគ្រោះថតបានរូបជនដៃដល់ក៏ដោយ។
ប៉ុន្តែក្រោយកើតហេតុភ្លាមៗ អាជ្ញាធរបានចាប់ខ្លួន អ្នកតវ៉ាពីរនាក់ ដែលរងរបួស ទៅដាក់ពន្ធនាគារទៅវិញ៕









