ក្រសួងសុខាភិបាលបានប្រកាសថា បុរសម្នាក់វ័យជាង៤០ឆ្នាំ រស់នៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម បានកើតជំងឺហ្ស៊ីកា ដែលនេះជាករណីទី១ហើយក្រសួងបានរកឃើញកើតមានសម្រាប់ឆ្នាំ២០១៦នេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកាលពីថ្ងៃទី១៨ខែវិច្ឆិកា បញ្ជាក់ថា ដំបូងឡើយ បុរសវ័យ ៤៤ ឆ្នាំនេះបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមកាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៦ ក្នុងស្ថានភាពសង្ស័យថាមានជំងឺគ្រុនឈាម។ លោកត្រូវបាន ក្រុមគ្រូពេទ្យធ្វើតេស្តឈាមរកវីរុសគ្រុនឈាម ប៉ុន្តែលទ្ធផលបានបញ្ជាក់ថាអវិជ្ជាមាន មានន័យថាលោកមិនមានជំងឺគ្រុនឈាមនោះទេ។
ក្រោយមក លោកត្រូវបានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាធ្វើតេសរកវីរុសហ្ស៊ីការវិញម្តង និងទទួលបានលទ្ធផលបញ្ជាក់ថាលោកមានផ្ទុកវីរុសហ្ស៊ីកា។
តាមរបាយការណ៍របស់ក្រសួងសុខាភិបាល វីរុសហ្ស៊ីកាបានចាប់ផ្តើមមានវត្តមាននៅប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០៧មកម្លេះ ហើយត្រូវបានក្រសួងសុខាភិបាល បញ្ជាក់ថាមានចំនួន ៨ករណីរួចមកហើយ ពោលគឺក្នុងកំឡុងឆ្នាំ ២០០៧ ដល់ ឆ្នាំ ២០១០ ចំនួន ៧ ករណី និងមួយករណីទៀតរកឃើញនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅខេត្តកំពង់ចាមនេះ៕