ហង្ស ម៉ានីតា ​ប្រកាស​​បរិច្ចាគ​​ប្រាក់​​រង្វាន់​​​ដល់​​​​មន្ទីរ​ពេទ្យអង្គរ

កញ្ញា ហង្ស ម៉ានីតា​ (រូបថត៖ វង្ស សុម៉ាលីន)

ភ្លាមៗបន្ទាប់ពីឈ្នះពានរង្វាន់ជាកញ្ញាឯកចំណាត់ថ្នាក់លេខ៣ ឬ 2nd Runner Up  បេក្ខភាពរបស់កម្ពុជាគឺនាង ហង្ស ម៉ានីតា បានប្រកាសថាខ្លួននឹងបរិច្ចាគប្រាក់រង្វាន់ដែលនឹងទទួលបានពីកម្មវិធី Miss Tourism Metropolitan International  2016  ឬការប្រកួតកញ្ញាឯកទេសចរណ៍អន្តរជាតិ មួយចំណែកទៅដល់មន្ទីរកុមារអង្គរ។ យ៉ាងណាមិញ នាងមិនទាន់កំណត់ថានឹងគ្រោងប្រគល់ចំនួនប៉ុន្មាននៅឡើយទេ ដោយសារតែនាងមិនទាន់ដឹងថារង្វាន់ដែលខ្លួនទទួលបានមានចំនួនប៉ុន្មាន។

បេក្ខនារីតំណាងអោយប្រទេសកម្ពុជារូបនេះ បានអះអាងថាគឺជាលើកទី១ដែលនាងសម្រេចចិត្តដាក់ពាក្យប្រលងកញ្ញាឯកទេសចរណ៍ ហើយក៏បានទទួលចំណាត់ថ្នាក់ជាបន្តបន្ទាប់ទាំងការប្រកួតតំណាងអោយកម្ពុជាក្នុងស្រុក រហូតដល់ជ័យលាភីជាកញ្ញាឯកលេខ៣ជាអន្តរជាតិ។

នាងថាខ្លួនទើបតែរៀនចប់ទី១២ និងបានបោះជំហានចូលមហាវិទ្យាល័យប៉ុណ្ណោះ ហើយដោយសារតែការស្រឡាញ់សិល្បៈ និងមានការជំរុញទើបនាងសម្រេចចិត្តចូលប្រកួត។ នាងថាខ្លួនអាចនិយាយភាសាអង់គ្លេសបានស្ទាត់ដូចគ្នាភាសាកំណើត ដោយសារតែនាងទទួលបានការសិក្សាជ្រៅជ្រះតាំងពីកម្រិតទាប ហើយអាចមកពីហេតុផលនេះទើបនាងទទួលបានជោគជ័យជាប់រហូត។

នាងមានគម្រោងចេញមុខផ្សព្វផ្សាយពីប្រទេសកម្ពុជា តាមរយៈចំណាត់ថ្នាក់លេខ៣របស់ខ្លួនដែលទើបទទួលបានកាលពីយប់ថ្ងៃទី១៨ វិច្ឆិកា ដើម្បីអោយពិភពលោកកាន់តែស្គាល់ពីប្រទេសកម្ពុជា ជាពិសេសពីសក្តានុពលនៃវិស័យទេសចរណ៍ និងវប្បធម៌របស់ប្រជាជនទាំងមូល។

ក្រៅពីទទួលបានម្កុដ នាងថាខ្លួនក៏ទទួលបានប្រាក់រង្វាន់ផងដែរ ដោយនាងនឹងយកមួយចំណែកទៅប្រគល់ជូន មន្ទីរពេទ្យកុមារអង្គរក្នុងខេត្តសៀមរាប ដោយសារតែនាងយល់ថាស្ថានភាពនៅទីនោះក៏មិនខុសពី មន្ទីរពេទ្យគន្ធបុប្ផា។

នាងនិយាយថា«សម្រាប់នាងខ្ញុំ គឺខ្ញុំបានទៅ(ទស្សនកិច្ច)មន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាប នាងខ្ញុំគិតថានាងខ្ញុំនឹងបរិច្ចាគមួយផ្នែកទៅជួយមន្ទីរពេទ្យហ្នឹង ប៉ុន្តែអត់ទាន់កំណត់ថាជួយប៉ុន្មានៗទេ ចាំមើលប្រាក់រង្វាន់ដែលខ្ញុំទទួលបានសិន!»។

លោក Tan Sri Datuk Danny Ooi  ប្រធានការប្រកួតកញ្ញាឯកទេសចរណ៍អន្តរជាតិប្រចាំឆ្នាំ២០១៦បានអះអាងថា រាល់កញ្ញាឯកទាំងអស់ដែលទទួលបានចំណាត់ថ្នាក់ពីលេខ១ដល់លេខ៥ នឹងត្រូវទទួលបានប្រាក់រង្វាន់ដោយឡែកពីគ្នា បន្ថែមពីលើកិត្តិយស និងម្កុដដែលពួកនាងទទួលបាន។

យ៉ាងណាមិញ លោករក្សាសិទ្ធិមិនបង្ហាញពីតួលេខប្រាក់រង្វាន់ដែលពួកនាងបានទទួលនោះទេ ដោយលោកបញ្ជាក់ថា នោះជាលក្ខណ្ឌរបស់កម្មវិធី។

កញ្ញាទាំង៥រូបរួមមានថៃ ហ្វីលីពីន កម្ពុជា កូស្ដាករីកា និងចិន ដែលទទួលបានជ័យលាភី លោកថានឹងមានបេសកកម្មជាច្រើននៅតាមបណ្ដាប្រទេសជាច្រើនពេញរយៈពេលមួយឆ្នាំ ដើម្បីធ្វើកិច្ចការសង្គម និងដើម្បីផ្សព្វផ្សាយទេសចរណ៍។

នេះជាការប្រកួតកញ្ញាឯកទេសចរណ៍អន្តរជាតិលើកទី១០ ដោយលោកបញ្ជាក់ថាហេតុផលជ្រើសយកប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺភាពល្បីល្បាញនៃប្រាសាទអង្គរ និងការរីកចំរើន។

លោកថាការជម្រើសយកកម្ពុជាធ្វើជាម្ចាស់ផ្ទះ កញ្ញាឯកតំណាងប្រទេសមកពីខាងក្រៅទាំង៤០រូបត្រូវបានដឹកនាំអោយទស្សនកិច្ចនៅប្រាសាទអង្គរ ទស្សនកិច្ចមន្ទីរពេទ្យកុមារអង្គរ ទស្សនាព្រះបរមរាជវាំង ទស្សនាវត្តភ្នំ ទស្សនាសារមន្ទីរជាតិ និងតំបន់សំខាន់ៗជាច្រើនទៀត អមដោយលក្ខណ្ឌតម្រូវអោយបេក្ខនារីយល់ដឹងពីវប្បធម៌ និងអរិយធម៌ខ្មែរមុនពេលប្រកួតផ្ដាច់ព្រ័ត្រ។

លោកថាការប្រកួតបវរកញ្ញាទេសចរណ៍អន្តរជាតិនេះ បេក្ខនារីចូលប្រកួតក្រៅពីមានរូបសម្រស់ស្រស់ស្អាត ដាច់ខាតត្រូវតែចេះភាសាបរទេសស្ទាត់ជំនាញ និងចំណេះដឹងទូទៅជ្រៅជ្រះ ដោយត្រូវមានភាពវៃឆ្លាតនោះផង។

គួរបញ្ជាក់ថាការប្រកួត បវរកញ្ញាទេសចរណ៍អន្តរជាតិចំណាត់់លេខ១ ឬ កញ្ញាឯកបាន ទៅលើបេក្ខនារី Amanda Charleen  មកពីប្រទេសថៃ ចំណាត់ថា្នក់លេខ២ ឬ 1st Runner Up  បានទៅបេក្ខនារី Janela Joy Cuaton មកពីប្រទេសហ្វីលីពីន  ចំណាត់ថ្នាក់លេខ៣ ឬ 2nd Runner up  បានទៅលើបេក្ខនារី ហង្ស ម៉ានីតា របស់ប្រទេសកម្ពុជា។ ចំណាត់ថ្នាក់លេខ៤ ឬ 3rd Runner Up  បានទៅលើបេក្ខនារី Raquel Maria Guevara Avila  មកពីប្រទេសកូស្ដារីកា   និងចំណាត់ថ្នាក់លេខ៥ ឬ 4th Runner up បានទៅលើបេក្ខនារី Zuun Jia មកពីប្រទេសចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ