លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហើបថា កម្ពុជានឹងស្វែងរកថវិកាពីប្រទេសចិនបន្ថែមទៀត សម្រាប់ធ្វើផ្លូវ ខ្សែក្រវ៉ាត់ព្រំដែនមួយចំនួន ជាប់ប្រទេសវៀតណាមនិងឡាវ ដែលលោកថា តាមយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាល។
ក្នុងពិធីសម្ពោធផ្លូវជាតិមួយខ្សែនៅខេត្តរតនគិរី នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ លោក ហ៊ុន សែន បានថ្លែងដោយលើកទឹកចិត្តប្រទេសចិន ដែលថាតែងតែជួយកម្ពុជាដល់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាផ្លូវថ្នល់និងស្ពានជាដើម ខណៈពិធីសម្ពោធនោះមានវត្តមានមន្ត្រីជាន់ខ្ពស់ចិនចូលរួម។
លោក ហ៊ុន សែន ថ្លែងទៀតថា ក្រៅពីប្រកាសបើកឲ្យប្រើប្រាស់ផ្លូវជាតិលេខ៧៦ ដែលឧបត្ថម្ភដោយប្រទេសចិននូវថវិការមួយចំនួននេះ លោកថាកម្ពុជាត្រូវការទុនមួយចំនួនទៀតពីប្រទេសចិន សម្រាប់ធ្វើផ្លូវមួយចំនួនទៀតពីខេត្តរតនគិរី ក្រចេះ និងស្ទឹងត្រែង ដូចជាពីបានលុងទៅតំបន់មុំបី ដែលផ្លូវនោះជាប់ព្រំដែនវៀតណាម និងឡាវ និងផ្លូវមួយចំនួនទៀត។
លោកថា៖ «ពីសែនមនោរម្យកាត់ទៅក្រចេះមួយទៀត ហើយកាត់ពីសែនមនោរម្យ កាត់ស្រុកពិជ្រាដា[ខេត្តមណ្ឌលគិរី]ទៅជាប់ព្រំដែនវៀតណាមទៀត។ អញ្ចឹងការរៀបចំប្រព័ន្ធផ្លូវជាបន្ថែមរបស់យើងនេះ នៅមានបន្ត ដែលយើងត្រូវការទុនពីសាធារណរដ្ឋប្រជាមានិតចិនជាបន្តទៀតនិងដៃគូអភិវឌ្ឍដទៃទៀត។ ក៏ប៉ុន្តែការសង្ឃឹមច្រើនរបស់យើង គឺសង្ឃឹមទៅលើមិត្តចិន ដែលអាចមានលទ្ធភាពជួយយើង នៅក្នុងការតភ្ជាប់ផ្ទៃក្នុងជាបន្ត»។
ក្រៅពីប្រកាសរកជំនួយផ្នែកថវិកាពីចិន ដើម្បីធ្វើផ្លូវជាប់ព្រំដែន លោក ហ៊ុន សែន ក៏បញ្ជាឲ្យមន្ត្រីក្រោមឱវាទ បន្តចាត់វិធានការទៅលើរថយន្តដឹកលើសទម្ងន់ និងរថយន្តកែឆ្នៃខុសបច្ចេកទេស ដែលលោកថា ជាដើមចមបំផ្លាញផ្លូវ។
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិធានទប់ស្កាត់រថយន្តកែច្នៃខុសបច្ចេកទេសនេះ បានដាក់ចេញយូរហើយ ប៉ុន្តែលោកថាការអនុវត្តហាក់គ្មានប្រសិទ្ធភាព។
លោកថា៖ «ទ្បានគឺគេធ្វើស្តង់ដា ចេញពីរោងចក្រមក១២ម៉ែត្រ ឯងយកមកត១៥ម៉ែត្រ វាមិនខុសក្បួន អាហ្នឹងវាគ្រោះថ្នាក់។ មិនត្រឹមតែបំផ្លាញទេ វាថែមទាំងបង្កើតគ្រោះថ្នាក់[គ្រោះថ្នាក់ចរាចរណ៍]។ អញ្ចឹងទេ អំពាវនាវឲ្យមានការដឹកជញ្ជូន មានការធ្វើចរាចរ ដោយគោរពច្បាប់ចរាចរណ៍ មិនត្រូវដឹកលើសទម្ងន់ ហើយមិនត្រូវតរថយន្តនោះទេ។ ឥឡូវចាប់ឲ្យអស់ ប្រមូលអាឡានហ្នឹង កុំឲ្យមាននៅលើផ្លូវ សហការជាមួយនគរបាល ដើម្បីប្រមូលអាឡានហ្នឹង ដើម្បីយកទៅកាត់។ បើមិនកាត់ទេ ទុកចោល ទុកចោលនៅកន្លែងហ្នឹង កុំទៅខ្វល់អី»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា បានស្វាគមន៍ពីគម្រោងស្វែងរកថវិកាសម្រាប់ធ្វើផ្លូវជាប់ព្រំដែននេះ។ ប៉ុន្តែលោកព្រួយបារម្ភថា ពលរដ្ឋក្រីក្រនឹងបន្តរងគ្រោះ ពីការខ្ចីបុលលុយពីបរទេសនេះ បើការប្រើប្រាស់លុយកម្ចីនោះ គ្មានតម្លាភាព ហើយមានអំពើពុករលួយនោះ។
លោកថា៖ «យើងជំពាក់គេ យើងថាមានប្រមាណជា៥ទៅ៦ពាន់លាន អញ្ចឹងការខ្ចីបុលបរទេស បើយើងពិនិត្យមើលទៅ យើងនៅមានលទ្ធភាពខ្ចី។ ក៏ប៉ុន្តែអ្វីដែលខ្ញុំចង់ឃើញ គឺការខ្ចីនោះ យកមកចាយវាយឲ្យមានតម្លាភាព ហើយឲ្យមានអត្ថប្រយោជន៍ពិតប្រាកដ។ មានន័យថា យកមកធ្វើផ្លូវ ចង់ឃើញផ្លូវហ្នឹង ធ្វើហើយជាប់ ធ្វើហើយមានគុណភាព មិនមែនយកមកធ្វើហើយ បានតែមួយភ្លែតរួចបាត់គុណភាពនោះទៅវិញទេ»។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ លើកឡើងថា ដើម្បីការពារពីគុណភាពផ្លូវ លោកថា មិនមែនគ្រាន់តែការអំពាវនាវទេ គឺរដ្ឋាភិបាលត្រូវចាត់វិធានការផ្លូវច្បាប់ ឲ្យមានប្រសិទ្ធភាព ទប់ស្កាត់អំពើពុករលួយដល់មន្ត្រីពាក់ព័ន្ធ ដូចជាការកឹបកេងថវិកាជាតិ ធ្វើផ្លូវខុសស្តង់ដា ការឃុបឃិតគ្នា របស់មន្ត្រីជំនាញតាមដងផ្លូវមួយចំនួនទៀត។
លោកបន្ថែមថា៖ «ពុករលួយហ្នឹង វាមានជាប្រព័ន្ធដែរណាស់ ដូចជា តើប៉ូលីសចរាចរណ៍ហ្នឹង គាត់ដឹងថា ការដឹកហ្នឹង វាលើសចំណុះឬក៏អត់? ប៉ូលីសដឹងថា ឡានហ្នឹងខុសបច្ចេកទេសឬក៏អត់? ទី១ជួនកាល ប៉ូលីសឲ្យរួច ប៉ុន្តែដោយសាតែសូកលុយ។ ទី២ អាឡានដឹកលើសទម្ងន់ហ្នឹង វាដឹកលើសដោយសារមន្ត្រីជញ្ជីង ព្រោះមន្ត្រីជញ្ជីងហ្នឹង ជាវិធានការរបស់ក្រសួងសាធារណៈការដឹកជញ្ជូនហ្នឹង គេឲ្យទប់ស្កាត់ការដឹក»។
ទោះជាយ៉ាងណាអ្នកវិភាគធ្លាប់ព្រមានថា កម្ពុជានឹងជួបវិបត្តិដូចពីអតីតកាល បើរដ្ឋាភិបាលងាកខ្លាំងទៅពឹងមហាអំណាចចិនតែម្នាក់ ហើយភ្លេចគិតពីទំនាក់ទំនងល្អជាមួយសហគមន៍អន្តរជាតិ ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ និងជាទីផ្សារដ៏សំខាន់ សម្រាប់ទទួលទិញផលិតផលកាត់ដេរនិងផលិតផលកសិកម្មនោះ៕