សកម្មជនដីធ្លីបន្តធ្វើយុទ្ធនាការអាវខ្មៅសុំដោះលែងអ្នកជាប់ឃុំ

ពលរដ្ឋសហគមន៍រងគ្រោះដោយសារការបណ្ដេញចេញនៅរាជធានីភ្នំពេញដែលសកម្មធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ បានជ្រើសរើសវិធីបែបជំនឿសាសនា ក្នុងការជំរុញរកយុត្តិធម៌ឲ្យសង្គស៊ីវិលនិងរកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី ខណៈដែលតុលាការមិនទាន់រកជនដៃដល់ពីក្រោយនិងដោះលែងមន្ត្រីជាប់ឃុំទាំងនោះ។

ពលរដ្ឋសហគមន៍បុរីកីឡាដែលតែងតែធ្វើការយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប សកម្មជនដីធ្លី និងរកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី  អ្នកស្រី ស ស៊ន បានរៀបចំធ្វើសមាធិរយៈពេល១៥នាទី ដោយពួកគាត់អះអាងថា ការធ្វើសមាធិកនេះតាមបែបសាសនាវិញនេះ ដោយសារពួកគាត់អស់ជំនឿទៅលើប្រព័ន្ធយុត្តិធម៌។

អ្នកស្រីថា៖ “តុលាការស្រុកខ្មែរយើងនេះពុំមានភាពយុត្តិធម៌ដល់ពួកយើងទេ សូម្បីតែរឿងដីធ្លីក៏ដោយពួកគាត់ចោទប្រកាន់យើងចេះ ចុះ ស្រេចតែមាត់គាត់ចង់ថាគាត់បានទាំងអស់។ ចឹងបានជាយើងធ្វើតាមបែបសាសនា សូម្បីតែរដ្ឋាភិបាលក៏គាត់កាន់សាសនាដែរ មិនមែនគាត់មិនដែលអុចធូប មិនដែលបន់ស្រន់សូមសេចក្ដីសុខនៅក្នុងក្រុមគ្រួសារទេ។ សូម្បីកូនគាត់ ឈ្មោះ ហ៊ុន កំសត់ ស្លាប់តាំងពីសម័យណាមក ក៏គាត់នៅតែបន់ស្រន់“។

អ្នកស្រីស្នើឲ្យរដ្ឋាភិបាលធ្វើការដោះស្រាយបញ្ហាដីធ្លី ដោះលែងមន្រ្តីសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប សកម្មជនដីធ្លី និងសុំឲ្យសមត្ថកិច្ចបង្ហាញកាំម៉េរ៉ាសុវត្ថិភាពនៅក្នុងស្តារម៉ាត ស្តុបបូកគោ ដែលជាកន្លែងឃាតករសម្លាប់ លោក កែម ឡី ដើម្បីឲ្យប្រជាពលរដ្ឋអស់មន្ទិលសង្ស័យ។

អ្នកស្រីថា៖ “ប្រទេសយើងកាន់លទ្ធិប្រជាធិបតេយ្យ មិនអាចសម្លាប់មនុស្សក្រៅប្រព័ន្ធដូចលោកបណ្ឌិត កែម ឡី លោក ឈុត វុទ្ធី លោក ជា វិជ្ជា អ្នកស្រី ពិសិទ្ធិ ពិលិកា ទេ ពីមុនៗមកបាត់ឈឹងចឹងទេ។ បើសិនរដ្ឋាភិបាលមួយ ដែលមានឆន្ទៈច្បាស់លាស់ ដ៏ល្អប្រសើរសម្រាប់ប្រជាពលរដ្ឋខ្លួនឯង គឺត្រូវតែទទួលខុសត្រូវឲ្យអាជ្ញាធរបង្ហាញកាំម៉ារាមកដល់ប្រជាពលរដ្ឋ ព្រោះអីរដ្ឋាភិបាលបានប្រកាសខ្លួនឯងហើយថា គាត់ជារដ្ឋាភិបាលស្របច្បាប់ ជារដ្ឋាភិបាលជាប់សន្លឹកឆ្នោតពីប្រជាពលរដ្ឋដែលបោះឆ្នោតឲ្យគាត់។ ចឹងគាត់ត្រូវតែធ្វើអ្វីឲ្យប្រជាពលរដ្ឋចង់បានវិញ ដើម្បីឲ្យរដ្ឋាភិបាលគាត់ទទួលខុសត្រូវប្រពលរដ្ឋ“។

ទាក់ទងការធ្វើសមាធិនេះ ព្រះតេជគុណ ប៊ុត ប៊ុនទិញ គាំទ្រការយកវិធីបែបសាសនានេះ ថាជាចំណែកមួយល្អ សម្រាប់ព្យាបាលមនុស្សដែលតែងប្រើអំពើហិង្សា ហើយដើម្បីបានយុត្តិធម៌ ព្រោះប្រជាពលរដ្ឋអស់សង្ឃឹមទៅលើប្រព័ន្ធតុលាការបច្ចុប្បន្ន។

ព្រះអង្គមានថេរដីកាថា៖ “ពលរដ្ឋដែលមានការអប់រំចិត្តបានល្អ មានការធ្វើកិច្ចការបានច្រើន ហើយអ្នកដែលធ្វើអំពើអាក្រក់ ខ្លាចរអា ហើយអ្នកនៅស្រុកយើងនេះ ……គេសប្បាយចិត្តនឹងធ្វើអំពើអាក្រក់ ដូចជា គេចូលចិត្តនិង មិនពេញចិត្តធ្វើអំពើល្អប៉ុន្មានទេ។ ការពេញចិត្តធ្វើអំពើល្អ មិនមែនបង្រ្កាប់គេ មិនមែនប្រើប្រាស់អំពើហិង្សាមិនមែនចាប់គេដាក់គុកទេ អាហ្នឹងសុទ្ធតែជារឿងមួយមិនត្រឹមត្រូវ ហើយកុំអាងយកពាក្យអនុវត្តច្បាប់ ពង្រឹងនីតិរដ្ឋ មិនមែននីតិប្រភេទមាត់អ្នកដឹកនាំហ្នឹងទេ។ ចឹងហើយវិធីហ្នឹង អាត្មាគាំទ្រថាល្អ ហើយអាចជួយបានប្រយោជន៍ពីរ ទី១ ឲ្យសង្គមយើងស្ងប់ស្ងាត់ ឲ្យមនុស្សយើងមានចិត្តល្អ មានមេត្តាដល់គ្នាហ្នឹងគ្នា ទី២ យកឥទ្ធិពលនៃការធ្វើអំពើល្អហ្នឹងហើយ ទៅបង្ហាញពួកអ្នកដឹកនាំដែលមិនល្អ ឲ្យងាកខ្លួនមកធ្វើអំពើល្អ“។

ពលរដ្ឋសហគមន៍សហគមបុរីកីឡានិងសហគមន៍ន៍បឹងកក់ តែងតែធ្វើយុទ្ធការអាវខ្មៅនៅសហគន៍របស់ពួកគេជារៀងរាល់ថ្ងៃចន្ទ ដើម្បីទាមទារឲ្យដោះលេងមន្រ្តីសិទ្ធិមនុស្ស មន្រ្តី គ.ជ.ប តំណាងរបស់ពួកគេគឺអ្នកស្រី ទេព វន្នី និងរកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី។

ថ្ងៃចន្ទ ទី២១ ខែវិច្ឆិកានេះ ជាសប្តាហ៍ទី២៩ហើយ ដែលសកម្មជនដីធ្លី សង្គមស៊ីវិល និងប្រជាពលរដ្ឋធ្វើយុទ្ធនាការអាវខ្មៅ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប មន្ត្រី គ.ជ.ប លោក នី ចរិយា សកម្មជនបឹងកក់អ្នកស្រី ទេព វន្នី និងទាមទារឲ្យរកយុត្តិធម៌ករណីសម្លាប់ លោក កែម ឡី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ