កម្ពុជា វៀតណាម ឡាវ រួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ចនិងធនធានធម្មជាតិនៅតាមព្រំដែន

កិច្ចប្រជុំទី៩ ស្តីពីការអភិវឌ្ឍន៍តំបន់ត្រីកោណនៃបីប្រទេស កម្ពុជា វៀតណាម និងប្រទេសឡាវ

មន្ដ្រីរដ្ឋាភិបាលកម្ពុជាថ្លែងថា ប្រទេសកម្ពុជា វៀតណាម និងឡាវ បានឯកភាពរួមគ្នាអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច ផ្នែកទេសចរណ៍ ធនធានធម្មជាតិ នៅតាមតំបន់ព្រំដែន ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋនៃប្រទេសទាំងបី។

ថ្លែងបែបនេះ នៅក្នុងសន្នីសីទសារព័ត៌មាន ស្ដីពីកិច្ចប្រជុំការអភិវឌ្ឍតំបន់ត្រីកោណ នៅខេត្ដសៀមរាប នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកានេះ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា កញ្ញា សឹង សុផារី អះអាងថា ប្រមុខរដ្ឋាភិបាលរវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម បានឯកភាពគ្នាអភិវឌ្ឍសក្ដានុពលផ្នែកសេដ្ឋកិច្ចនៅតាមព្រំដែន ឲ្យមានភាពល្អប្រសើរ ដូចជាការបើកឲ្យមានការធ្វើចរាចរទំនិញ ការអភិវឌ្ឍផ្លូវថ្នល់ ដើម្បីឲ្យពលរដ្ឋនៅតាមព្រំដែន នៃប្រទេសទាំងបីមានភាពរីកចំរើនស្មើៗគ្នា។

អ្នកនាំពាក្យរូបនោះបន្ដថា ប្រទេសទាំងបីនោះក៏បានសហការគ្នាគ្រប់គ្រងធនធានធម្មជាតិនិងបង្កើនធនធានមនុស្សផងដែរ ដែលកញ្ញាថា ការអភិវឌ្ឍសេដ្ឋសង្គមរួមគ្នានេះ ធ្វើឲ្យប្រទេសនីមួយៗអាចទាក់ទាញភ្ញៀវទេសចណ៍ឲ្យកាន់តែប្រសើរឡើងផងដែរ។ កញ្ញាថា៖ “ប្រទេសទាំងបីនឹងសហការគ្នាអភិវឌ្ឍតំបន់ព្រំដែនដែលនៅជាប់គ្នារូមគ្នា បានន័យថាតំបន់ហ្នឹងនៅឆ្នាយពីតំបន់អភិវឌ្ឍន៍ផ្សេងៗនៃប្រទេសទាំងបីធម្មតាមានសក្ដានុពលផ្សេងៗ ដូចយើងមានសៀមរាបមានសក្ដានុពលផ្នែកទេសចរណ៍ ចឹងយើងចង់ជម្រុញឲ្យខេត្ដរតនគិរី ស្ទឹងត្រែង មណ្លលគិរី អាចមានវិស័យហ្នឹងមានសក្ដានុពល។ យើងរុញឲ្យប្រទេសជិតខាងបានដើររួមគ្នាទាញផលប្រយោជន៍នៅប្រទេសជាប់គ្នាហ្នឹងជម្រុញឲ្យវិស័យសេដ្ឋកិច្ចឲ្យប្រជាជនរីកចំរើន“។

កញ្ញាបន្ថែមថា ខេត្ដដែលនៅជាប់តំបន់ការអភិវឌ្ឍនេះមានខេត្ដចំនួន១៣ រួមមានខេត្ដស្ទឹងត្រែង ខេត្ដរតនគិរី ខេត្ដមណ្ឌលគិរី និងខេត្ដក្រចេះប្រទេសកម្ពុជា។ ចំណែកប្រទេសឡាវ មានខេត្ដអាន់តាពី ខេត្ដសាឡាវាន់ ខេត្ដសេកុង និងខេត្ដចំប៉ាសាក់ និងប្រទេសវៀតណាម មានខេត្ដកន់ទំយ៉ាឡាយ ខេត្ដដាក់ឡាក់ ខេត្ដដាក់ណុង និងខេត្ដប៊ិញភឿក។

កាលពីម្សិលមិញនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន បានបង្ហើបថា កម្ពុជានឹងស្វែងរកថវិកាពីប្រទេសចិនបន្ថែមទៀតសម្រាប់ធ្វើផ្លូវខ្សែក្រវ៉ាត់ព្រំដែនមួយចំនួន ជាប់ប្រទេសវៀតណាមនិងឡាវ ដែលលោកថា តាមយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ