ក្រោយ​រញ្ជួយ​ដី​ថ្ងៃ​នេះ ជប៉ុន​ព្រមាន​ពី​រលក​យក្ស​ស៊ូណាមិ

រញ្ជួយដីកម្រិត ៦.៩រ៉ិចទ័រ បានវាយប្រហារទៅលើភាគខាងជើងប្រទេសជប៉ុននៅថ្ងៃនេះ ដោយបង្កទៅជារលកស៊ូណាមិវាយប្រហារឆ្នេរសមុទ្រភាគខាងជើងរបស់ប្រទេសនេះ។ នេះដោយយោងតាមការផ្សាយរបស់ Channel News Asia។

ទីភ្នាក់ងារវាស់ស្ទង់ភូមិសាស្ត្រអាមេរិក ដំបូងឡើយ បានកំណត់ថា រញ្ជួយដីនោះមានកម្រិតដល់ទៅ ៧.៣រ៉ិចទ័រ ប៉ុន្តែ បានបន្ថយមកនៅត្រឹម ៦.៩រ៉ិចទ័រវិញ។ ទីភ្នាក់ងារឧតុនិយមជប៉ុន បានវាយតម្លៃថា រញ្ជួយដីនោះមានកម្លាំងដល់ទៅ ៧.៤រ៉ិចទ័រ។

ទីភ្នាក់ងារដដែលនេះ បានឲ្យដឹងថា រញ្ជួយដីនេះ ដែលញ័រដល់ទីក្រុងតូក្យូនោះ កើតឡើងចំឆ្នេរសមុទ្រខេត្តហ្វ៊ូគូហ្ស៊ីម៉ា ក្នុងជម្រៅដី ១០គីឡូម៉ែត្រ និងញ័ររញ្ជួយនៅម៉ោង ៦ព្រឹកម៉ោងនៅប្រទេសជប៉ុន ឬត្រូវនឹងម៉ោង ៥ព្រឹកម៉ោងនៅសិង្ហបុរី។

ទូរទស្សន៍ជប៉ុន NHK បានផ្សាយថា រញ្ជួយដីនោះ បានបង្កឲ្យមានរលកស៊ូណាមិមានកម្ពស់ចាប់ពី ៦០សង់ទីម៉ែត្រ ទៅ ៩០សង់ទីម៉ែត្រ។ ទីក្រុងហ៊្វូគូហ្ស៊ីម៉ា ធ្លាប់ទទួលរងការវាយប្រហារពីរលកយក្សស៊ូណាមិនៅក្រោយរញ្ជួយដីកាលពីឆ្នាំ២០១១កន្លងមក។

ប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានផ្សាយថា ការព្រមានពីរលកយក្សស៊ូណាមិកម្ពស់ដល់ទៅ ៣ម៉ែត្រ ត្រូវបានគេប្រកាសឲ្យ និងជំរុញឲ្យពលរដ្ឋនៅតាមតំបន់ឆ្នេរ ភៀសខ្លួនទៅកាន់ទីទួលខ្ពស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ