មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក៤រូបនិងមន្ត្រី គ.ជ.ប ១រូប ត្រូវបានសមត្ថកិច្ចនាំមកដល់តុលាការកំពូលនៅព្រឹកនេះ ដើម្បីបើកសវនាការទាក់ទងនឹងបណ្តឹងសុំនៅក្រៅឃុំ។
សមត្ថកិច្ចបាននាំខ្លួនមន្ត្រីទាំង៥រូបមកដល់តុលាការកំពូលនៅម៉ោង៨ព្រឹកនេះ។ ក្នុងសម្លៀកបំពាក់ពណ៌ទឹកក្រូចនិងដៃមានជាប់ខ្នោះ អ្នកទាំង៥រូបត្រូវបានសមត្ថកិច្ចអមសងខាងបញ្ជូនទៅបន្ទប់សវនាការ។
មន្ត្រីទាំង៥រូបត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាំងពីដើមខែឧសភា ដោយចោទថាជាប់ពាក់ព័ន្ធសូកប៉ាន់សាក្សីរឿងស្នេហាលោក កឹម សុខា។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលនិងអ្នកតស៊ូមតិមួយចំនួន ហៅការចោទប្រកាន់នេះថា ជាការបិទសំឡេងអ្នករិះគន់ ព្រោះអ្នកទាំងនោះជាអ្នកដែលហ៊ានចេញមុខរិះគន់រដ្ឋាភិបាលដើម្បីស្ថាបនា៕