អ្នកជំនាញថាការកែលម្អទីក្រុងភ្នំពេញត្រូវចូលរួមសហប្រតិបត្តិការវាងរដ្ឋនិងវិស័យឯកជន

ទិដ្ឋភាពទីក្រុងភ្នំពេញ (មាស មុនី)

ក្រុមអ្នកជំនាញនៃបណ្តុំអង្គការសង្គមស៊ិវិលមួយចំនួនបានផ្ដល់អនុសាសន៍នៅក្នុងសន្និសីទថា ដើម្បីកែលម្អនិងដោះស្រាយបញ្ហាប្រឈមក្នុងទីក្រុងភ្នំពេញ គឺត្រូវការជាចាំបាច់នូវកិច្ចសហប្រតិបត្តិការវាងរដ្ឋនិងវិស័យឯកជន។

នៅក្នុងសន្និសិទស្ដីអំពី «ទីក្រុងយើងទាំងអស់គ្នា» ដែលប្រព្រឹត្តធ្វើនៅអង្គការឌាយកូនៀរ នាថ្ងៃទី២៣ ខែវិច្ឆិកា នៅទីក្រុងភ្នំពេញ បានផ្ដោតសំខាន់លើប្រធានបទចំនួន៣ ដើម្បីកែលម្អស្ថានភាពទូទៅក្នុងទីក្រុងភ្នំពេញ គឺ ១-ទីក្រុងដែលមានភាពធន់ ២-តម្រូវការចាំបាច់សម្រាប់ទីក្រុង និង ៣-លំនៅដ្ឋានសមរម្យ។

អ្នកជំនាញបានលើកឡើងនៅក្នុងសន្និសិទនេះថាទីក្រុងភ្នំពេញកំពុងជួបបញ្ហាស្មុគស្មាញជាច្រើនដែលពិបាកដោះស្រាយ ដូចជា ភាពក្រីក្រ អគ្គិភ័យ ការបំពុលបរិយាកាស និងបំពុលខ្យល់ ការបាក់ច្រាំងទន្លេ ការគ្រប់គ្រងប្រព័ន្ធលូ ទឹក និងកាកសំណល់ ជាដើម។

លោក Fouad Bendimerad ទីប្រឹក្សាផ្នែកគ្រប់គ្រង់ហានិភ័យនៅអង្គការ Earthquake Megacities Initiative សង្កត់ធ្ងន់ថាដើម្បីអភិវឌ្ឍទីក្រុងភ្នំពេញឲ្យកាន់តែល្អប្រសើរ គឺត្រូវការជាចាំបាច់នូវកិច្ចសហប្រតិបត្តិការវាងរដ្ឋ និងវិស័យឯកជន តាមរយៈការជម្រុញឲ្យមានក្រុមហ៊ុនធានារ៉ាប់រងកាន់តែច្រើន ការពង្រឹងប្រព័ន្ធអប់រំ និងការបណ្ដុះបណ្ដាល ការគោរពច្បាប់ ការកាត់បន្ថយហានិភ័យនៅទីក្រុង និងបង្កើនការវិនិយោគបរទេស។

លោក អៀង អូនី អភិបាលរងរាជធានីភ្នំពេញឲ្យដឹងដែរថាកម្ពុជាមានបញ្ហាមួយចំនួនត្រូវដោះស្រាយជាបន្ទាន់ រួមមាន បញ្ហាកកស្ទះចរាចរ បញ្ហាសំរាម និងកាកសំណស់ ជម្លោះដីធ្លីរាំរ៉ៃ ការគ្រប់គ្រងប្រព័ន្ធលូ និងទឹកស្អាត ព្រមទាំងកង្វះការយល់ដឹងរបស់ពលរដ្ឋ។

លោកអះអាងថារដ្ឋាភិបាលកម្ពុជាបាន និងកំពុងចាត់វិធានការដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ ដោយថាគម្រោងអភិវឌ្ឍដែលរដ្ឋាភិបាលដាក់ចេញអាចសម្រេចទៅបានដោយសារការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងការគោរពច្បាប់ទាំងអស់គ្នា។

លោកថា៖ «ទី១ គឺអាជ្ញាធរមូលដ្ឋានហ្នឹងហើយដែលជាអ្នកម្ចាស់គម្រោង ជម្រុញការអនុវត្ត ទី២ ប្រជាពលរដ្ឋដែលកំពុងរស់ក្នុងទីក្រុង»។

ក្រៅពីនេះ វាគ្មិនមួយចំនួនលើកឡើងដូចគ្នាដោយទទូចឲ្យសាលាក្រុងភ្នំពេញគួរមានប្លង់មេគ្រប់គ្រងដីធ្លីឲ្យបានត្រឹមត្រូវ អនុវត្តក្របខ័ណ្ឌច្បាប់ការពារសហគមន៍ ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងដំណោះស្រាយទឹកស្អាតជូនដល់ពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ