ក្រសួងសេដ្ឋកិច្ច និងបក្សប្រឆាំងផ្ដល់យុទ្ធសាស្ដ្ររៀបចំថវិកាជាតិឆ្នាំ២០១៧

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញអំពីយុទ្ធសាស្ដ្រដើម្បីរៀបចំគម្រោងចំណាយថវិកាជាតិឲ្យមានកាន់តែមានប្រសិទ្ធិភាពខ្ពស់ ខណៈបក្សប្រឆាំងជំរុញឲ្យ ប្រើថវិកាជាតិប្រកបដោយមានតម្លាភាព។

សេចក្តីព្រាងច្បាប់ស្ដីពីថវិកាជាតិឆ្នាំ២០១៧ ត្រូវបានរដ្ឋសភាអនុម័តដោយទទួលបានសំឡេង៦៦លើ១០៦រូប កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមិនមានការគាំទ្រពីបក្សប្រឆាំងនោះទេ។

នៅក្នុងសេចក្ដីប្រកាសចេញផ្សាយនៅថ្ងៃពុធ ម្សិលមិញ ក្រសួងសេដ្ឋកិច្ចបានគូសបញ្ជាក់ថាដើម្បីរៀបចំច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០១៧ ឲ្យកាន់តែមានប្រសិទ្ធិភាព រដ្ឋាភិបាលត្រូវរកប្រភពចំណូល ឱ្យអស់លទ្ធភាព និងរៀបចំគម្រោងចំណាយឱ្យចំទិសដៅ និងសន្សំសំចៃខ្ពស់ និងត្រូវខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកានិងសេដ្ឋកិច្ចអាចទ្រទ្រង់បាន ហើយត្រូវប្រើប្រាស់ឥណទានទាំងនោះប្រកបដោយតម្លាភាព។

លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិបានចូលរួមផ្ដល់អនុសាសន៍ចំនួន៤ផងដែរ ដោយលោកទទូចឲ្យការប្រើប្រាស់ថវិកាជាតិឆ្នាំ២០១៧ គួរធ្វើដោយមានតម្លាភាព និងគណនេយ្យភាព។ នេះដោយតាមការចុះផ្សាយលើហ្វេសប៊ុករបស់លោក។

នៅក្នុងអនុសាសន៍ស្ដីពីការគ្រប់គ្រង់បំណុល លោក កឹម សុខា លើកឡើងថា៖ «ការប្រើប្រាស់ថវិកាចំណូលដោយការខ្ចីបំណុល ត្រូវផ្ដោតទៅលើការវិនិយោគទៅលើប្រព័ន្ធសំខាន់ៗ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធអប់រំ ការស្រាវជ្រាវ និងពង្រឹងវិស័យសេដ្ឋកិច្ច […] ថវិកាចំណូលដោយការខ្ចីបំណុលពុំគួរយកមកប្រើប្រាស់ទៅលើការិយាល័យធិបតេយ្យ និងខ្ទង់ចំណាយណាដែលមិនអាចបង្កើតចំណូលជូនជាតិ និងប្រជាពលរដ្ឋ ព្រោះប្រាក់កម្ចីគួរតែប្រើប្រាស់ទៅការវិនិយោគ មិនមែនសម្រាប់បំប៉នការិយាល័យធិបតេយ្យ»

អនុប្រធានបក្សប្រឆាំងរូបនេះបន្ថែមថា សម្រាប់ការគ្រប់គ្រង់ថវិកាជាតិ រដ្ឋាភិបាលត្រូវទប់ស្កាត់បទល្មើសគេចពន្ធ បង្កើនប្រសិទ្ធិភាព និងតម្លាភាពក្នុងការប្រមូលពន្ធដារ និងបង្កើនប្រសិទ្ធិភាពក្នុងការប្រមូលថវិកាពីសម្បទានធនធានជាតិនានា ជាដើម។

ពាក់ព័ន្ធនឹងការបែងចែកថវិកា លោកថាត្រូវផ្ដោតលើចក្ខុវិស័យវែងឆ្ងាយក្នុងការប្រកួតប្រជែង និងអភិវឌ្ឍន៍សេដ្ឋកិច្ចដែលមាននិរន្តរភាព ដូចជា ការអភិវឌ្ឍន៍ធនធានមនុស្ស និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អភិវឌ្ឍ និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័នរដ្ឋ។

គួរបញ្ជាក់ថាច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ មានចំនួនប្រមាណ៥ពាន់លានដុល្លារអាមេរិក ខណៈនៅឆ្នាំ២០១៦ ថវិកាជាតិត្រូវចំណាយប្រហែល៤ ៣០០លានដុល្លារប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ