រញ្ជួយដីកម្រិត ៥.៤រ៉ិចទ័រ បានវាយប្រហារកោះតៃវ៉ាន់ នៅព្រឹកថ្ងៃសុក្រនេះ ប៉ុន្តែ មិនមានសេចក្ដីរាយការណ៍ពីមហន្តរាយ ឬការបាត់បង់ជីវិតនោះឡើយ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
AFP បានដកស្រង់សម្ដីទីភ្នាក់ងារវាស់ស្ទង់ភូមិសាស្ត្រអាមេរិក ដែលបាននិយាយថា រញ្ជួយដីនោះ បានកើតឡើងនៅម៉ោង ៥:៥៥នាទីព្រឹកម៉ោងនៅតៃវ៉ាន់ និងចម្ងាយ ៨១គីឡូម៉ែត្រភាគខាងកើងទីក្រុងហួរលាន ក្នុងជម្រៅដី ១០គីឡូម៉ែត្រ។
រញ្ជួយនេះ បានកើតឡើងបន្ទាប់ពីរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ កាលពីខែកុម្ភៈកន្លងមក ដោយបណ្ដាលឲ្យមនុស្ស ១១៧នាក់ស្លាប់ នៅពេលអគារលំនៅឋានមួយកន្លែងដួលរលំ នៅភាគខាងត្បូងនៃទីក្រុងតៃណាន។ រញ្ជួយដីនៅពេលនោះ ក៏បានបង្កឲ្យមានចំណោទលើកឡើងជុំវិញគុណភាពសំណង់ ដែលនាំទៅរកការចោទប្រកាន់មនុស្ស ៥នាក់ ជុំវិញការដួលរលំអគារនោះ។
កោះតៃវ៉ាន់ ស្ថិតនៅជិតចំណុចប្រសព្វនៃផ្លាកតិចតូនិចចំនួន ២ ហើយតែងតែរងរញ្ជួយដីជាញឹកញាប់។
រញ្ជួយដីកម្លាំង ៦.៣រ៉ិចទ័រ ដែលបានវាយប្រហារភាគកណ្ដាលកោះតៃវ៉ាន់កាលពីខែមិថុនា ឆ្នាំ២០១៣កន្លងមក បានសម្លាប់មនុស្ស ៤នាក់ និងបង្កឲ្យបាក់ដីយ៉ាងធំធេង។
គ្រោះមហន្តរាយរញ្ជួយដីអាក្រក់បំផុតវាយប្រហារដែនដីកោះនេះ បានកើតឡើងកាលពីខែកញ្ញា ឆ្នាំ១៩៩៩ ដោយសម្លាប់មនុស្សប្រហែល ២៤០០នាក់៕









