មនុស្សយ៉ាងតិច ៦៧នាក់ បានស្លាប់នៅពេលសំណង់ស្ថានីយ៍អគ្គិសនីមួយកន្លែង បានបាក់រលំកាលពីថ្ងៃម្សិលមិញនេះ ដែលនេះគឺជាគ្រោះថ្នាក់ក្នុងវិស័យឧស្សាហកម្មថ្មីបំផុតនៅក្នុងប្រទេសចិន ដែលមានប្រវត្តិអាក្រក់ខាងសុវត្ថិភាព។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលបានដកស្រង់ការចុះផ្សាយរបស់សារព័ត៌មានចិន។
ទីភ្នាក់ងារព័ត៌មានស៊ិនហួ បានផ្សាយថា តួម៉មរក្សាកម្ដៅមួយ បានដួលទៅលើដី ដោយបានសង្កត់ទៅលើមនុស្សជាច្រើននាក់។
ចំណែកទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា មានមនុស្សស្លាប់ដល់ទៅ ៦៧នាក់ ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដទៃទៀត និយាយថា មនុស្សម្នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ ហើយមនុស្ស ២នាក់ទៀតរងរបួស។
រូបភាពពីកន្លែងកើតហេតុនៅទីក្រុងហ្វឹងឆឹង ស្ថិតក្នុងខេត្តជាំងស៊ី ភាគកណ្ដាលប្រទេសចិន បានបង្ហាញនូវគំនរបាក់បែកនៃប្លង់សេ និងបង្គោលដែកដួលរញ៉េរញ៉ៃនៅលើដី។
មន្ទីរអគ្គិភ័យខេត្តជាំងស៊ី បាននិយាយថា វិស្វករខាងភ្លើងចំនួន ៣២នាក់ និងបុគ្គលិកយោធាចំនួន ២១២នាក់ ត្រូវគេដាក់ពង្រាយនៅកន្លែងកើតហេតុនោះ។
ការសាងសង់រោងចក្រថាមពលដើរដោយធ្យូងថ្មមួយនេះ បានចាប់ផ្ដើមឡើងកាលពីខែកក្កដាឆ្នាំមុន ហើយគ្រោងបញ្ចប់នៅដើមឆ្នាំ២០១៨។
ការសាងសង់ពង្រីករោងចក្រថាមពលនេះ ត្រូវបានគេគ្រោងចំណាយប្រាក់ដល់ទៅ ១.១ពាន់លានដុល្លារ៕









