ក្រសួងបរិស្ថានបានបញ្ជាឲ្យអភិបាលខេត្តកោះកុង អន្តរាគមន៍ផ្អាកជាបន្ទាន់ ការបង្កើតទីតាំងកែច្នៃវល្លិ៍រមៀតក្នុងស្រុកថ្មបាំង និងការគ្រោងប្រមូលវល្លិ៍រមៀតនៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តកោះកុង។
ចំណាត់ការរបស់ក្រសួងនេះ គឺបន្ទាប់ពីយុវជនមួយក្រុមមកពីស្ថាប័នផ្សេងៗបានស្រាវជ្រាវរកឃើញថា រោងចក្រមួយមានទំហំប្រមាណ១០០ហិកតា កំពុងធ្វើសកម្មភាពកែច្នៃវល្លិ៍រមៀត ជាប្រភេទវល្លិ៍ដែលគេអាចផ្សំធ្វើជាគ្រឿងញៀន បំផ្លាញសុខភាព ដែលរោងចក្រនេះបើកជាទ្រង់ទ្រាយធំនៅក្នុងស្រុកថ្មបាំង។
លិខិតក្រសួងបរិស្ថាននៅថ្ងៃសុក្រនេះក្រសួងបានទទួលស្គាល់ថា ពិតជាមានសកម្មភាពដូច្នេះមែន ហើយស្នើបន្ថែមឲ្យបន្តត្រួតពិនិត្យនិងចាត់វិធានការជាក់ស្តែងតាមនីតិវិធីច្បាប់ទៅលើក្រុមហ៊ុន ជីងយ័ន ហួង លាន និងក្រុមហ៊ុន ឆៃ ជីងហ៊ាង។
VOD មិនអាចសុំការឆ្លើយតបពីលោក ប៊ុន លើត អភិបាលខេត្តកោះកុងបានទេ ដោយទូរសព្ទជាប់រវល់។ ចំណែក លោក សំឃិត វៀន ស្នងការនគរបាលខេត្តកោះកុង បដិសេធមិនផ្តល់សំភាសន៍តាមទូរសព្ទឡើយ។
លោក អ៊ូច ឡេង ដែលទើបតែទទួលបានបានងារជា វីរជនបរិស្ថានពិភពលោកឆ្នាំ២០១៦ មានប្រសាសន៍ថា លោកសុំឲ្យរដ្ឋាភិបាលមានវិធានការចំពោះបញ្ហាមួយចំនួនដូចជា ការផ្តល់អាជ្ញារប័ណ្ណរបស់ក្រសួងទៅក្រុមហ៊ុនចិន ហើយមុននឹងផ្តល់អាជ្ញារប័ណ្ណ ត្រូវមានការពិភាក្សាឲ្យបានច្បាល់លាស់។
សូមបញ្ជាក់ថា រដ្ឋាភិបាលធ្លាប់បានបិទរោងចក្រវល្លិ៍រមៀតរបស់ឧកញ្ញា ទ្រី ភាព នៅខេត្តពោធិសាត់ម្តងរួចមកហើយកាលពីឆ្នាំ២០១៤។ ករណីមួយមួយទៀត គឺ លោក ឈុត វុទ្ធី ត្រូវបានបាត់បង់ជីវិតនៅក្នុងបេសកកម្មស៊ើបអង្កេតអាជីវកម្មវល្លិ៍រមៀតនៅខេត្តកោះកុងកាលពីឆ្នាំ២០១២កន្លងទៅ៕