​អូស្ត្រាលី​អះ​អាង​ថា ភេរវជន​ឈាម​ជ័រ​ខ្មែរ​នៅរស់​នៅ​ឡើយ តែ​ត្រូវ​ចាប់​ខ្លួន​នៅ​តួកគី

ភេរវជន Neil Prakash ដែល​អូស្ត្រាលី​តាម​ស្វែង​រក​ចាប់​បំផុត(រូបភាពពីទីភ្នាក់ងារ​ABC)

ភេរវជន Neil Prakash ដែលអូស្ត្រាលីតាមស្វែងរកចាប់បំផុតនោះ ត្រូវបានគេបញ្ជាក់ថា នៅរស់នៅឡើយទេ ហើយត្រូវបានគេចាប់ខ្លួននៅឯប្រទេសតួកគី។ នេះដោយយោងតាមការផ្សាយរបស់សារព័ត៌មាន ABC របស់អូស្ត្រាលី តាមរយៈការដកស្រង់សម្ដីមន្ត្រីជាន់ខ្ពស់អូស្ត្រាលី និងតួកគី។

មន្ត្រីតួកគីម្នាក់ បានប្រាប់ ABC ថា ភេរវជនជាន់ខ្ពស់ម្នាក់ដែលទទួលខុសត្រូវលើការជ្រើសរើសមនុស្សសម្រាប់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម និងជាអ្នករៀបចំផែនការភេរវកម្មនោះ ត្រូវបានគេចាប់ខ្លួនបានជាច្រើនសប្ដាហ៍មុនកន្លងមកហើយ បន្ទាប់ពីអាជ្ញាធរអូស្ត្រាលីទាក់ទងទៅខាងប្រទេសតួកគី ដែលនិយាយថា ពួកគេទទួលបានព័ត៌មានសម្ងាត់ថា ជននេះមានបំណងចូលប្រទេសអូស្ត្រាលី។

ABC បានផ្សាយថា Neil Prakash ដែលមានម្ដាយដើមកំណើតខ្មែរ និងឪពុកដើមកំណើតហ្វីជីនោះ ត្រូវបានអាជ្ញាធរតួកគីចាប់ខ្លួន ពេលគេព្យាយាមឆ្លងដែនប្រទេសស៊ីរី ចូលទៅប្រទេសតួកគី ដោយប្រើឯកសារ និងឈ្មោះក្លែងក្លាយ។

ABC បន្តថា ពេលនេះ តួកគីកំពុងតែចរចាជាមួយបណ្ដាប្រទេសនានា ដែលចង់សួរចម្លើយលើភេរវជនរូបនេះ។

ប៉ូលិសសហព័ន្ធអូស្ត្រាលី បានចេញដីកាស្វែងរកចាប់ខ្លួន Neil Prakash លើកដំបូងកាលពីខែសីហា ឆ្នាំ២០១៥កន្លងមក។

កាលពីខែឧសភាកន្លងមកនេះ រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសថា Neil Prakash ត្រូវបានកងទ័ពអាកាសអាមេរិកបាញ់សម្លាប់នៅទីក្រុងមូស៊ុល ប្រទេសអ៊ីរ៉ាក់ ដោយអូស្ត្រាលីចាត់ទុកជាជោគជ័យដ៏ធំក្នុងការកម្ចាត់អ្នកទទួលខុសត្រូវលើការជ្រើសរើសមនុស្សចូលក្រុមរដ្ឋអ៊ីស្លាម ប៉ុន្តែ ក្រោយមក វាដំណឹងថា Neil Prakash គ្រាន់តែរងរបួសប៉ុណ្ណោះ។

ជនជ្រុលនិយមមានប្រភពមកពីទីក្រុងមែលប៊នរូបនេះ គឺជាបុគ្គលសំខាន់ក្នុងជំរុញឲ្យមានភេរវកម្មនៅអូស្ត្រាលី។ Prakash បានដូរឈ្មោះទៅជា Abu Khaled al-Cambodi ចាប់តាំងពីបានចូលរួមក្នុងក្រុមភេរវកម្ម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ