អ្នក​ឃ្លាំមើល​ព្រំដែន​​ជំទាស់ផែនការ​ផ្ទេរ​ផែនទី​របស់​រដ្ឋាភិបាល​កម្ពុជា

លោក ហ៊ុន សែន (ស្តាំ) និង លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងជំនួបប្រជុំទ្វេភាគីនៃកិច្ចប្រជុំ CLV កាលពីថ្ងៃទី២៣ វិច្ឆិកា ២០១៦ នៅខេត្តសៀមរាប (រូបភាពពីហ្វេសប៊ុក លោក ហ៊ុន សែន)

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានបង្ហាញជំហរជំទាស់ទៅនឹងគម្រោងរដ្ឋាភិបាលកម្ពុជា ដែលគ្រោងផ្ទេរផែនទីខ្នាត ១/១០០,០០០ ទៅផែនទីខ្នាត ១/៥០,០០០ ជាមួយរដ្ឋាភិបាលវៀតណាម។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែវិច្ឆិកាកន្លងមកនេះ បានឲ្យដឹងថា លោក និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វ៊ុក បានឯកភាពគ្នានៅក្នុងជំនួបនៅខេត្តសៀមរាប ទៅលើការផ្ទេរផែនទីខ្នាត ១/១០០,០០០ ទៅផែនទីខ្នាត ១/៥០,០០០វិញ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៥ ខែវិច្ឆិកា លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសន័រវេស៍ បានលើកឡើងថា ក្រុមប្រឹក្សាមួយនេះ នឹងធ្វើសេចក្ដីថ្លែងការណ៍ជំទាស់ទៅនឹងការសម្រេចបែបនេះរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោក ម៉ែន ណាត ចោទថាជា«អំពើក្បត់ជាតិ»។

លោក ម៉ែន ណាត លើកឡើងថា៖ «នៅក្នុងបំណងនៃការផ្ទេរផែនទីនេះ គឺគ្រាន់តែជាការបន្លំភ្នែក និងកាឡៃឯកសារប្រវត្តិសាស្ត្រស្ដីពីព្រំដែនខ្មែរតាំងពីអនុសញ្ញាបារាំង-កម្ពុជា-កូសាំងស៊ីន ឆ្នាំ១៨៨៣»។

ក្រៅពីជំទាស់នឹងការសម្រេចបែបនេះ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានអះអាងថា វាគឺជាការរំលោភបំពានទៅលើមាត្រា ២ នៃរដ្ឋធម្មនុញ្ញកម្ពុជា។

មាត្រា ២ នៃរដ្ឋធម្មនុញ្ញកម្ពុជា បានចែងថា បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០,០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣ និងឆ្នាំ១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣ និងឆ្នាំ១៩៦៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ