សង្ឃ ប៊ុត ប៊ុនតិញ ត្រូវ​តុលាការ​កោះ​ហៅ​ជា​ថ្មី​តាម​បណ្ដឹង​លោក ម៉ម សូណង់ដូ

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ក្នុងបន្ទប់ផ្សាយ ​VOD កាល​ពីពេល​កន្លង​មក

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកនៃបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម និងជាសង្ឃសកម្មក្នុងកិច្ចការពារបរិស្ថាននោះ ត្រូវបានតុលាការកោះហៅជាលើកទីពីរ ទៅតាមបណ្ដឹងរបស់មេបក្សសំបុកឃ្មុំ លោក ម៉ម សូណង់ដូ។

ក្នុងដីកាចេញនៅថ្ងៃទី២១ ខែវិច្ឆិកា លោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងសាលាដំបូងភ្នំពេញ បង្គាប់ទៅព្រះតេជគុណ ប៊ុត ប៊ុនតិញ ឲ្យនិមន្តចូលទៅតុលាការរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែធ្នូខាងមុខនេះ ដើម្បីសាកសួរជុំវិញបណ្តឹងបរិហារកេរ្តិ៍ជាសាធារណៈ ដែលប្ដឹងដោយលោក ម៉ម សូណង់ដូ។

នៅលើទំព័រហ្វេសប៊ុករបស់ព្រះអង្គ ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានបង្ហាញការអាក់អន់ចិត្តចំពោះតុលាការរាជធានីភ្នំពេញ ដែលមិនបានប្រើប្រាស់សង្ឃស័ព្ទនៅក្នុងដីកាកោះហៅនោះ។

ព្រះតេជគុណបានបញ្ជាក់ថា៖ “តុលាខ្មែរប្រមាថវប្បធម៌របស់ខ្លួន ប្រើប្រាស់អំណាចរបស់ខ្លួនដោយមិនគិតពីតម្លៃវប្បធម៌របស់ជាតិ។ គ្រាន់តែពាក្យនិមន្តមួយម៉ាត់ តុលាការមិនចេះប្រើផង តើតុលាការមានសមត្ថភាពឯណាទៅរកយុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរមួយប្រទេសនេះ”។

ទោះជាយ៉ាងណាក៍ដោយ ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានបញ្ជាក់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកដដែលនេះថាព្រះអង្គនឹងនិមន្តចូលទៅបំភ្លឺរឿងនេះតាមការកោះហៅរបស់សាលាដំបូង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ