រដ្ឋាភិបាលស៊ុយអែត បានផ្តល់ជំនួយឥតសំណងដល់គណៈកម្មាធិការទន្លេមេគង្គ ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រ ចាប់ពីឆ្នាំ ២០១៦ ដល់ ឆ្នាំ ២០២០ ចំនួន ៥,៣ ដុល្លា។ នេះដោយយោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយនៅលើគេហទំព័ររបស់ស្ថាប័នអន្តររដ្ឋាភិបាលមួយនេះ។
សេចក្ដីប្រកាសព័ត៌មានដដែលនេះ បានឲ្យដឹងថា កិច្ចព្រមព្រៀងផ្ដល់ជំនួយនេះ ត្រូវបានចុះហត្ថលេខាដោយប្រធានផ្នែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រចាំស្ថានទូតស៊ុតអែតនៅក្នុងប្រទេសថៃ អ្នកស្រី Anne-Charlotte Malm និងនាយកប្រតិបត្តិនៃគណៈកម្មាធិការទន្លេមេគង្គ លោក Pham Tuan កាលពីថ្ងៃទី២៣ ខែវិច្ឆិកា នៅឯខេត្តប៉ាក់សេ ប្រទេសឡាវ។
បើតាមលោក Pham Tuan យុទ្ធសាស្ត្ររបស់គណៈកម្មាធិការទន្លេមេគង្គសម្រាប់រយៈពេល ៤ឆ្នាំទៅ គ្រោងនឹងផ្ដោតទៅលើវិស័យ ៤សំខាន់ៗ ក្នុងនោះមាន ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការកែលម្អការតាមដាន និងទំនាក់ទំនងនៃលក្ខខណ្ឌក្នុងអាងទន្លមេគង្គ ការលើកកម្ពស់គម្រោង និងផែនការនៅថ្នាក់ជាតិ និងការកែប្រែស្ថាប័នអន្តររដ្ឋាភិបាលមួយនេះ ឲ្យទៅជាអង្គការទន្លេមួយប្រកបដោយប្រសិទ្ធភាព។
ផ្អែកតាមសេចក្ដីប្រកាសព័ត៌មាននេះ រដ្ឋាភិបាលស៊ុយអ៊ែត បានផ្ដល់ជំនួយជាអ ៣១លានដុល្លារហើយ ដល់ស្ថាប័នអន្តររដ្ឋាភិបាលមួយនេះ គិតចាប់តាំងពីឆ្នាំ១៩៩៥មក៕