មាស សុខសោភា អះអាងថា​បទ​​​​​​​​​​ Original ខ្លួន​ផ្ទុះខ្លាំង​​ជាងគូ​ប្រជែង

កញ្ញា​មាស​ សុ​ខសោភា​(រូបថត៖ វង្ស សុម៉ាលីន)

ខណៈដែលមហាជនភាគច្រើនបានកត់សម្គាល់ថាបទនិពន្ធថ្មី ឬ Original Song របស់តារាចម្រៀងពេជ្រ សោភា ល្បីសុះសាយច្រើនជាង តារាចម្រៀងនាង មាស សុខសោភា បានអះអាងថាបើធៀបនឹងគូប្រជែង គឺបទនិពន្ធថ្មីរបស់នាងក្រៅពីមិនចាញ់ គឺមានសន្ទុះខ្លាំងជាងនោះផងដែរ។ នាងអះអាងថាបទ Original  របស់នាង ល្បីកក្រើកតាំងពី៣ឆ្នាំមុន ដោយគ្រាន់តែនាងមិនបានអួតថាជាបទផ្ទុះរបស់ខ្លួនជាស្នាដៃនិពន្ធថ្មីប៉ុណ្ណោះ។

ក្នុងជំនួបដោយផ្ទាល់នៅលើវេទិកាច្រៀងរាំនៅប៉ុស្ដិ៍លេខ៥កាលពីយប់ថ្ងៃទី២៥ វិច្ឆិកា នៅសាលតន្ត្រីជ្រោយចង្វារថា កញ្ញាលែងច្រៀងបទចម្លងចំនួន៣ឆ្នាំមកហើយ ដោយនាងនៅតែមានបទផ្ទុះជាហូរហែរក្នុងការវាយលុកទីផ្សារ ដែលមានន័យថាទីផ្សារបទ Original របស់នាងមិនបានចាញ់ប្រៀបតារាណាម្នាក់នោះឡើយ។

ឆ្លើយតបនឹងការលើកឡើងថានាងច្រៀងបទនិពន្ធថ្មីចំនួន៣ឆ្នាំ តែហាក់ដូចជាចាញ់ប្រៀបតារាចម្រៀងពេជ្រ សោភា ដែលបានផ្ទុះខ្លាំងជាមួយនឹងបទជាច្រើនកាលពីអំឡុងចូលឆ្នាំ និងពេលបន្តបន្ទាប់ នាងថាបើធៀបនឹងទំហ៊ំនៃការគាំទ្រនាងថាបទថ្មីរបស់ខ្លួនគឺមានតែមានប្រៀបជាងគេ។

នាងបានពន្យល់ថាដូចជាបទ«១នាទី» បទ«ហត់នឿយ» បទ«ហេតុអ្វីបងនៅធ្វើល្អ» បទ«ដំបូលរហែក» បទ«ដឹងថាបងនៅនឹកគេ» និងបទ«លើលោកហ្នឹងស្រឡាញ់ម៉ាក់ខ្ញុំជាងគេ» ជាដើម នាងថាសុទ្ធតែជាបទស្នាដៃផ្ទាល់ខ្លួន ដែលបានផ្ទុះខ្លាំងក្នុងស្រទាប់យុវវ័យ ដោយនាងបញ្ជាក់ថាបើធៀបនឹងបទOriginal របស់តារាចម្រៀងខ្លះ គឺបទនាងល្បីជាង និងមានអាយុកាលយូរជាង។

នាងថាហេតុផលដែលបទOriginal  របស់នាងផ្ទុះខ្លាំង ហើយគេមិនសូវចាប់អារម្មណ៍ថាជាបទនិពន្ធថ្មី គឺដោយសារតែមហាជនភាគច្រើនស្មានថាបទនោះជាបទចម្លង  និងអាចមកពីខាងក្រុមហ៊ុនក៏មិនដែលប្រកាសថាបទនិពន្ធថ្មី។

នាងនិយាយថា៖ « Original Song របស់ខ្ញុំ ខ្ញុំគិតថាអត់ទាន់ចាញ់ណាគេផង ព្រោះលូវហ្នឹងខ្ញុំអត់ទាន់ចេញបទពេញផងផង មានអ្នកទស្សនា រាប់លានអ្នកហើយហ្នឹង ហើយបើធៀបបទរបស់ខ្ញុំកន្លងមក ខ្ញុំថាបទខ្ញុំផ្ទុះខ្លាំងជាងបទគេផង ប៉ុន្តែមកពីខ្ញុំអត់អួតថាបទទាំងនោះ Original Song ទើបអ្នកខ្លះអត់ដឹង!»។

ខណៈដែលគេកត់សម្គាល់ថាពេជ្រ សោភា បានផ្ទុះនឹងបទបន្តបន្ទាប់ ដូចជាបទ«អូនទៅហើយ» និងបទ«ហុយ!ហុយ!»នាពេលចុងក្រោយ នាងថាអត់មានការបារម្ភនោះទេ ដោយសារតែបទនិពន្ធថ្មីដែលនាងត្រៀមបើកឆាកទីផ្សារនៅចុងឆ្នាំ និងដើមឆ្នាំ២០១៧ខាងមុខ យ៉ាងហោចក៏មានពី២ទៅ៣បទនឹងផ្ទុះក្នុងស្រទាប់មហាជន។

មាស សុខសោភា បន្តថានាងទើបនឹងបានជ្រើសយកអ្នករ៉េបវ័យក្មេង២រូបអោយច្រៀងជាដៃគូផ្ទាល់ខ្លួន តែនាងបានបដិសេធថានោះមិនមែនជាការធ្វើតាមលំនាំពេជ្រ សោភា ដែលមានលោកដេវីដ ជាដៃគូរ៉េបនោះឡើយ។ នាងនិយាយថាដៃគូរ៉េបបែបនេះ នាងបានធ្វើច្រើនឆ្នាំមកហើយដូចជាការចាប់ដៃជាមួយឌីជេក្លិបនាពេលមុនជាដើម។

នាងថាជម្រើសថ្មីក្នុងការចាប់ដៃគូរ៉េបជាមួយតារាចម្រៀងវ័យក្មេងថ្មីដែលនាងទើបបង្ហាញ នឹងធ្វើអោយបទចម្រៀង Original របស់ខ្លួនមានការចាប់អារម្មណ៍ខ្ពស់ ដើម្បីប្រកួតប្រជែងទីផ្សារចម្រៀងបទនិពន្ធថ្មីជាមួយតារាចម្រៀងក្រៅទ្រនំ។ ក្នុងនោះស្ទីលរាំក៏នាងប្រឹងប្រែងបំបែកអោយប្លែក និងរស់រវើកផងដែរ ទើបនាងនៅតែអះអាងបទនិពន្ធថ្មីរបស់នាងក្រៅពីមិនចាញ់គូប្រជែងណាម្នាក់ គឺមានតែលោតល្អជាង។

នាងថារាល់ថ្ងៃ នាងបានចំណាយលុយធ្វើការជាមួយជនជាតិបរទេសដែលមានជំនាញផ្នែកផលិតចម្រៀង និងធ្វើបទភ្លេងប្លែកៗអោយនាង ដោយជនបរទេសម្នាក់នោះ គឺនាងបានចាត់ទុកថាជាអ្នកចាត់ការក្នុងវិស័យចម្រៀងរបស់នាង។

ជាមួយនឹងការអះអាងនេះហើយ ទើបគេឃើញការបង្ហាញខ្លួនក្នុងវេទិកាប្រគុំតន្ត្រីនៅប៉ុស្ដិ៍លេខ៥ក្នុងកម្មវិធី«តន្ត្រីខ្មែរញញឹម»របស់នាង គឺតារាស្រីរូបនេះមានស្ទីលច្រៀងរាំបានល្អ ជាពិសេសនៅពេលដែលនាងបញ្ចេញស្ទីលរាំ និងច្រៀងរ៉េបជាមួយនឹងតារាវ័យក្មេង២រូប។

នាងថាខ្លួនចូលចិត្តច្រៀងបទ Original Song ជាជាងបទចម្លង ដោយសារតែបទទាំងនោះឆ្លុះបញ្ចាំងពីអារម្មណ៍ និងភាគច្រើនជាបទដែលតម្រូវតាមទឹកដមសំឡេង បើធៀបនឹងបទដែលខាងផលិតកម្មតម្រូវអោយច្រៀង។

យ៉ាងណាមិញនាងថាមិនមានសម្ពាធណាមួយ អោយនាងច្រៀងបទចម្លងទៀតទេ ដោយសារតែខាងផលិតកម្មថោនក៏មានគោលការណ៍ពង្រឹងបទនិពន្ធថ្មីអោយនាង ហើយរូបនាងផ្ទាល់ក៏មានក្រុមការងារផលិតបទផ្ទាល់ខ្លួន ដែលមិនភ័យរឿងខ្វះបទច្រៀងដូចមុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ