សង្គមស៊ីវិល​ជំរុញទៅរដ្ឋាភិបាលពង្រឹងការអប់រំ​និង​អនុវត្តច្បាប់ចរាចរណ៍ថ្មី ដើម្បីកាត់បន្ថយគ្រោះថ្នាក់

គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ពេល​កន្លងមក (រូបថតពីបណ្តាញសង្គម​​)

អង្គការសង្គមស៊ីវិលជំរុញទៅរដ្ឋាភិបាលឲ្យពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងធ្វើការផ្សព្វផ្សាយព័ត៌មានចល័តឲ្យបានទូលំទូលាយ ដោយថា បទល្មើសចរាចរណ៍នៅតែបន្តកើតមាន ខណៈពលរដ្ឋភាគច្រើនមិនសូវស្គាល់រូបសញ្ញាចរាចរណ៍។

ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា នៅថ្ងៃ២៩ ខែវិច្ឆិកា នេះ នាយកប្រតិបត្តិវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) លោក ណែប ស៊ីនថៃ បានប្រាប់អ្នក សារព័ត៌មានថា តួរលេខអ្នកគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ជាងគេគឺយុវវ័យ និងកសិករ បើទោះជាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះក៏ដោយ។

លោក ណែប ស៊ីនថៃ បន្តថា ផ្អែកតាមលទ្ធផលស្រាវជ្រាវរបស់វិទ្យាស្ថាន (API) ដែលបានធ្វើការសាកសួរទៅកាន់ប្រជាពលរដ្ឋចូលរួមប្រមាណជា១ពាន់៤រយនាក់ជាង បានបង្ហាញថា ក្នុងចំណោម៦សញ្ញាចរាចរណ៍ ពួកគេឆ្លើយត្រូវយ៉ាងច្រើនតែ៣ផ្លាកតែប៉ុណ្ណោះ។ ករណីនេះ លោកជំរុញទៅឲ្យរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធត្រូវធ្វើការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងច្បាប់ចរាចរណ៍ឲ្យបានទូលំទូលាយជូនប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ដាច់ស្រយាល ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាជាងធ្វើការផាកពិន័យដោយមិនបានអប់រំពួកគេ៖ «រដ្ឋាភិបាលត្រូវតែគិតថា កុំគិតតែទៅលើពិន័យ បង់លុយហើយមិនបានពន្យល់ណែនាំត្រូវធ្វើម៉េចទៀត វាមិនមែនជារឿងមួយល្អដែរ នេះគឺជាលទ្ធផលនៃការសឺវ៉េ ដែលយើងរកឃើញថា ការអប់រំមិនអាចអត់បាន ភ្ជាប់ជាមួយការអនុវត្ត បើសិនជាការអនុវត្តដោយគ្មានការអប់រំ ក៏អត់មានប្រសិទ្ធិភាពដែរ ការអប់រំ និងការអនុវត្តច្បាប់ត្រូវដើរទទឹមគ្នា នេះគឺជាយុទ្ធសាស្ត្ររួមរបស់អង្គការសង្គមស៊ីវិល ដែលយើងបានរកឃើញ»។

លើសពីនេះទៀត លោក ណែប ស៊ីនថៃ បានបញ្ជាក់ថាជនរងគ្រោះថ្នាក់ចរាចរណ៍ ក៏កើតចេញពីការបើកបរហួសល្បឿនកំណត់ ការបើកបរក្រោមកឥទ្ធិពលគ្រឿងស្រវឹង ការមិនពាក់មួកសុវត្ថិភាព ឬមិនដាក់ខ្សែក្រវាត់សុវត្ថិភាពជាដើម។

តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃលោក ឡុង ធូ បានថ្លែងថា ក្នុងរយៈពេលជាង១០ខែមកនេះ ក្រសួងបានអប់រំ និងផ្សព្វផ្សាយតាមទូរទស្សន៍ វិទ្យុ គេហទំព័រក្រសួង ក្រុមហ៊ុនដឹកអ្នកដំណើរ គ្រូបង្រៀន សិស្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទំាងប្រទេសផងដែរ។ តែលោកបញ្ជាក់ថា  អ្វីដែលគួរឲ្យកត់សំគាល់នោះ ការចុះអប់រំ ផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដល់សហគមន៍នៅតាមមូលដ្ឋានមិនទទួលបានជោគជ័យនៅឡើយ ដោយថាអ្នកដែលចូលរួមមិនបាន   យកចិត្តទុកដាក់ស្តាប់ពីមន្ត្រីជំនាញ៖ «យើងអប់រំដល់សហគមន៍មូលដ្ឋានបរាជ័យហើយ អ្នកណាថាជោគជ័យអត់ជោគជ័យទេ ពីព្រោះនៅពេលមានវេទិកា ផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោកមានតែអ្នកបីកូនខ្ចីមក ចាស់ជរា កូនក្មេង សួរថាវ័យនេះជាអ្នកព្យាយាមយល់ទេ អត់ទេ វ័យហ្នឹងនៅកន្លែងភ្នាល់បាល់ នៅកន្លែងផឹកកាហ្វេ កន្លែងបាល់ទាត់ កន្លែងចាក់កន្ទុយលេខ កន្លែងរត់តុកតុកតាក់ស៊ី យើងអប់រំអត់បានដល់ហ្នឹង ទៅដល់តែប្រពន្ធ ដល់ពេលគេហៅទៅ អញមិនទៅប្រជុំទេ ឯងទៅប្រជូំជំនួយខ្ញុំទៅ ប្តីដេកក៏មានដែរ ដ៏ពេលគេប្រជុំចប់ ឡើងប្រែន(ជិះម៉ូ) ស្រាប់តែមកដល់ថ្នល់ អត់ពាក់មួកប្រាវស្លាប់»។

ក្នុងរបាយការណ៍ស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនៅកម្ពុជាបានបង្ហាញថា ជារៀងរាល់ថ្ងៃ យ៉ាងហោចណាស់មានមនុស្សចំនួន៦នាក់បានស្លាប់ និង១៧នាក់បានរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទំាងប្រទេសកម្ពុជា។ ចំនួនអ្នកស្លាប់នេះ ច្រើនជាង៣០ដង នៃចំនួនសរុបនៃអ្នកស្លាប់ដោយសារជំងឺគ្រុញចាញ់ គ្រុនឈាម និងគ្រាប់មីនរួមបញ្ជូលគ្នាផងដែរ។

តាមរបាយការណ៍ ក្រសួងមហាផ្ទៃបានឲ្យដឹងថា បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥និងឆ្នាំ២០១៦នេះ គ្រោះថ្នាក់ចរាចរណ៍ថយចំនួន២៧១លើក ស្មើ១២,៥% អ្នកស្លាប់ថយចំនួន១០០នាក់ ស្មើស១២% និងអ្នករបួសថយចំនួន៤៥១នាក់ ស្មើ ១២%៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ