មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធវិស័យសិទ្ធិមនុស្ស និង ការអភិវឌ្ឍន៍ជំរុញឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់សហការជាមួយស្ថាប័នពាក់ព័ន្ធពង្រឹងប្រព័ន្ធយុត្តិធម៌ ដើម្បីឲ្យសង្គមកាន់តែមានសុខសន្តិភាព អាចអភិវឌ្ឍន៍ទាន់ប្រទេសជិតខាង។
ព្រឹកថ្ងៃទី៣០ វិច្ឆិកា ២០១៦ នេះ ប្រជាសហគមន៍ មន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីរដ្ឋាភិបាលបានជួបជុំគ្នាធ្វើសន្និសីទតស៊ូមតិថ្នាក់ជាតិលើកទី១០ ស្តីអំពី «ធ្វើការរួមគ្នាដើម្បីយុត្តិធម៌សង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព»។
សន្និសីទតស៊ូមតិថ្នាក់ជាតិលើកទី១០នេះ បានសហការរៀបចំឡើងដោយបណ្តាញអង្គការសង្គមស៊ីវិល ចំនួន៥៩អង្គការ ដោយមានអ្នកចូលរួមប្រមាណ៤០០នាក់ មកពីសហគមន៍ទូទាំងប្រទេស វិស័យឯកជន សាកលវិទ្យាល័យនានា រាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធិសភា ។
នាយកប្រតិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា លោក តឹក វណ្ណារ៉ា មានប្រសាសន៍ក្នុងសន្និសីទនេះថា បញ្ហាប្រឈមធំៗមួយចំនួននៅតែកើតមាន ដូចជាមានការចោទប្រកាន់ និងចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន ការបាញ់សម្លាប់លោកបណ្ឌិតកែម ឡី។ ក្នុងឱកាសនោះ លោកក៏បានជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់រួមទាំងរដ្ឋាភិបាល បក្សនយោបាយ និង អង្គការសង្គមស៊ីវិលវិលធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាទាំងនេះ។
លោកបន្តថា៖ «ភាពមិនចុះសម្រុងគ្នារវាងគណៈបក្សទាំងពីរដែលមានអាសនៈនៅក្នុងរដ្ឋសភា ដែលនាំឲ្យមានការលំបាកដល់កិច្ចសហប្រតិបត្តិការងាររបស់អង្គការសង្គមស៊ីវិល និងរដ្ឋសភា
និងការពឹងពាក់របស់ជនរងគ្រោះទៅកាន់រដ្ឋសភាជាតិ បញ្ហាធុរកិច្ច និងសិទ្ធិមនុស្ស និងភាពទទួលខុសត្រូវសង្គមរបស់សាជីវកម្ម ប្រជាជនមួយចំនួនពុំទាន់មានជំនឿលើប្រពន្ធតុលាការ។ល។…»។
លោក តឹក វណ្ណារ៉ា ក៏បានលើកឡើងដែរ កម្ពុជាបច្ចុប្បន្នកំពុងមានចំណូលទាបជាង បណ្តាលប្រទេសក្នុងតំបន់អាស៊ាន។
នាយកមជ្ឍមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និង សន្តិភាព លោក យង់ គឹមអេង បានផ្តោតសំខាន់ទៅលើសេរីភាពបញ្ចេញមតិក្នុងសន្និសីទនេះដែរថា បើគ្មានសេរីភាព នោះការអភិវឌ្ឍប្រកបដោយចីរភាពនឹងគ្មានឡើយ។
លោកអំពាវនាវថា៖ «សូមបើកចិត្តទទួលយកនូវការរិះគន់ដើម្បីភាពរុងរឿង ក៏ដូចជាការលើកកម្ពស់សេរីភាពបញ្ចេញមតិក្នុងន័យលើកស្ទួយការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា»។
ក្នុងសន្និសីទនេះក៍មានប្រជាសហគមន៍ការពារព្រៃឈើ សហគមន៍មានជម្លោះដីធ្លី សហគមន៍ការពារធនធានធម្មជាតិផងដែរ គឺពួកគេបានលើកឡើងពីបញ្ហារំលោភសិទ្ធិ អយុត្តិធម៌ក្នុងសង្គម ដែលធ្វើឲ្យពួកគាត់ជួបការលំបាកក្នុងការរស់នៅ និង ប្រកបរបរចិញ្ចឹមជីវិត។
ក្នុងសន្និសីទនោះតំណាងរដ្ឋាភិបាល លោក ទី សុគន្ធ ជារដ្ឋលេខាធិការករសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទថ្លែងថា ការតស៊ូមតិគឺជាអំពើល្អមួយសំរាប់ជួយកែរលំអរពិភពលោក។ លោកបង្ហាញជំហរ គាំទ្រឲ្យមានការតស៊ូដើម្បីយុត្តិធម៌សង្គម ដោយជំរុញឲ្យមានការបណ្តុះបណ្តាលឲ្យចេះតស៊ូមតិ ដើម្បីអភិវឌ្ឍន៍ជិវភាពខ្លួនឯង។
លោកបន្ថែមថា៖ «ការតស៊ូមតិដ៏មានប្រសិទ្ធិភាពបំផុត គឺការអប់រំផ្សព្វផ្សាយបណ្តុះបណ្តាលឲ្យប្រជាពលរដ្ឋទាំងអស់គ្នាមានការយល់ដឹងគ្រាប់យ៉ាងរាប់តាំងពីបទបញ្ញតិច្បាប់ ការអនុវត្តច្បាប់ និងការបណ្តុះគំនិតឲ្យមានទស្សនៈត្រឹមត្រូវ ចេះស្ថាបនាខ្លួនឯង ខ្លួនទីពឹខ្លួន មិនរំពឹងតែលើការជួយពីអ្នកដទៃ ព្រមជាមួយការពង្រឹងសម្ថភាពចិញ្ចឹមជីវិតនៅក្នុងសម័យសកលភាវូបនីយកម្ម»។
ការសិក្សារបស់សមាគមសេដ្ឋកិច្ចកម្ពុជាចេញផ្សាយកាលពីខែតុលា ឆ្នាំ២០១៦បង្ហាញថា សេដ្ឋកិច្ចកម្ពុជាមានកំណើនជាមធ្យមជាង៨ភាគរយក្នុងរយះពេលជិត២០ឆ្នាំចុងក្រោយ ហើយចំណូលជាមធ្យមរបស់ប្រជាពលរដ្ឋម្នាក់ក្នុងមួយឆ្នាំបានកើនឡើងបួនដង បានដល់១២២៨ដុល្លារ។ ការសិក្សាបង្ហាញទៀតថា ចំណូលនេះទាបជាងប្រទេសជិតខាង ដែលត្រូវពេលពី១០ទៅជាង២០ឆ្នាំ ដើម្បីឲ្យទាន់ប្រទេសជិតខាង។









