ម៉ូតូជាច្រើនគ្រឿងកំពុងចតតំរៀបជាជួរ នៅពីខាងមុខអាគារផ្ទះល្វែងចាស់មួយ លើចិញ្ចើមផ្លូវលេខ១៥៤។ នៅផ្នែកខាងលើនៃច្រកចូលនៃអាគារផ្ទះល្វែង គេសង្គេតឃើញមានបដាពណ៌លឿង ដែលចងភ្ជាប់ពីដងទង់ជាតិខ្មែរទៅនឹងដើមឈើម្ខាងទៀត ដែលបញ្ជាក់ពីព័ត៌មាននៃពេលវេលាចុះឈ្មោះបោះឆ្នោត។
កន្លែងនេះគឺ សាលាសង្កាត់ជ័យជំនះ ដែលស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ មនុស្សជាច្រើនកំពុងរង់ចាំចុះឈ្មោះ រួមទាំងព្រះសង្ឃផង ខ្លះឈរ ខ្លះទៀតអង្គុយលើកៅអីជ័រដែលមានដាក់សងខាងនៅពីមុខច្រកទ្វារចូលការិយាល័យនេះ។
មានវ័យចំណាស់ ស្លៀកសំលៀកបំពាក់ពណ៌ខ្មៅមួយឈុត លោកប្រាប់ថា លោកជាចៅសង្កាត់រងទី២។ លោកថា នៅថ្ងៃជិតបញ្ចាប់នេះ អ្នកមកចុះឈ្មោះបោះឆ្នោតមានច្រើន ហើយឯកសារចេះតែខ្វះមុខ ខ្វះក្រោយ ហើយអ្នកសរសេរកើនពីរនាក់ហើយ នៅតែសរសេរមិនទាន់។
លោកថា៖ «សំខាន់បញ្ជាក់ទីលំនៅច្រើន ប៉ាន់ស្មានប្រហែលហុបសិបទៅចិតសិបនាក់ហើយ ទល់ល្ងាចប្រហែលជាងមួយរយ។ នៅនេះមានវត្តពីរ វត្តឧណ្ណាលោមមួយ វត្តសារ៉ាវន្តតេជោមួយ។ ពីមុនលោកមិនសូវនិមន្តមកចុះទេ តែឥឡូវច្រើន។ សំរាប់ព្រះសង្ឃ គឺត្រូវបំពេញបែបបទយូរ»។
ព្រះតេជគុណ តឹក ហុកនី គង់នៅវណ្ណឧណ្ណាលោម ទើបតែនិមន្តចេញពីក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត ដោយមានទាំងកាន់ចុងសន្លឹកក្នុងព្រះហស្តផង មានសង្ឃដីកាថា៖ «ព្រះអង្គគិតថាថ្ងៃចុងក្រោយមានមនុស្សតិច ដោយសារគេកំណត់ពេលបីខែទៅហើយ តែខុសពីការគិត គឺមានមនុស្សច្រើន»។
ព្រះសង្ឃមួយអង្គទៀត ដែលគង់ស្នាក់អាស្រ័យនៅវត្តឧណ្ណាលោមដូចគ្នានោះ មានសង្ឃដីកាថា ព្រះអង្គទើបតែនិមន្តមកចុះឈ្មោះនៅថ្ងៃនេះ គឺដោយសារតែខ្វះឯកសារ។
ព្រះអង្គថា៖ «មន្ត្រីសង្ឃ លោកទើបតែឲ្យក្រដាសស្នាមចុះឈ្មោះ និងប្រកាសតាមកុដ្ឋ មេកុដ្ឋលោកក៏ប្រាប់ឲ្យមកចុះឈ្មោះ»។
ថ្វីត្បិតតែអាកាសធាតុរាងក្តៅបន្តិច ស្របពេលទ្រនិចនាឡិចកាចង្អុលប្រាប់ថា ម៉ោងប្រមាណជាង២រសៀលក៏ដោយ ចំនួនពលរដ្ឋមកចុះឈ្មោះបោះឆ្នោតនៅសាលាសង្កាត់ជ័យជំនះនេះ បន្តមកឥតដាច់។ ស្ត្រីវ័យចំណាស់ម្នាក់ទៀត ដែលនាំទាំងកូនពីរនាក់មកជាមួយផង ប្រាប់ថា ដោយសារតែគាត់រវល់រឿងផ្លាស់ប្តូរផ្ទះ ទើបគាត់សម្រេចមកចុះឈ្មោះនៅថ្ងៃជិតបញ្ចប់នេះ។
មកអង្គុយរង់ចាំតាំងពីព្រឹកព្រលឹមម្តងហើយ បងស្រីម្នាក់ទៀតឈ្មោះ ចន្ធី ទើបតែត្រឡប់មកការិយាល័យចុះឈ្មោះម្តងទៀត បន្ទាប់ពីខកខានដោយសារមនុស្សច្រើន។
អ្នកស្រីថា៖ «នឹកឃើញមិនទាន់ដល់កៀកថ្ងៃ ផ្ទះនៅជិតហ្នឹង បើមក មួយភ្លែតរួចហើយ។ ព្រឹកមិញមកមួយសារហើយ តែមនុស្សច្រើន»។
បើក្រឡេកមើលទៅក្នុងសាលាសង្កាត់ជ័យជំនះ ដែលនៅពេលនេះជាការិយាល័យចុះឈ្មោះបោះឆ្នោត ក្រុមការងារកំពុងមមាញឹកខ្លាំង យើងអាចមើលឃើញមានប្រធានម្នាក់ ជំនួយការប្រធានពីរនាក់ ការីកុំព្យូទ័រពីរនាក់ រួមទាំងអ្នកសង្កេតការមកពីគណបក្សនយោបាយនានាផង។
បុរសសំបុរស្រអែមម្នាក់ ដែលមានរាងទាប តែមាឌក្រអាញ ពោរពេញដោយទឹកមុខមាំ ហើយមានបង់កក្រម៉ាផងនោះ គឺជាអ្នកសង្កេតការណ៍ មកពីគណបក្សសង្គ្រោះជាតិ។
លោកបានបង្ហាញការចាប់អារម្មណ៍ថា៖ «ពលរដ្ឋខ្មែរយើងច្រើនតែមិនខ្វល់ តែដល់កៀកទីបញ្ចប់បានរួសរាន់។ មិនអីទេ គ្រាន់តែប្រញ៉ាប់ដៃប្រញាប់ជើងដែរ»។

ងាកមកចំហៀងខាងមុខការិយាល័យវិញ ស្ត្រីចំណាស់ម្នាក់ ដែលមានរាងល្អិត អង្គុយនៅក្បែតុមួយដែលចោមរោមដោយមនុស្សជុំជិត ហាក់កំពុងញាប់ដៃជួយសរសេរបំពេញសំណៅឯកសារនានពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត។ ដោយរវល់សរសេរបណ្តើរ អ្នកស្រីមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានវីអូឌីថា៖ «សុំទោសក្មួយ! គេជេរខ្ញុំឥឡូវហើយ ខ្ញុំមកជួយសរសេរហើយនៀក…»។
ម៉ោងជិតប្រាំល្ងាចទៅហើយ ស្ត្រីវ័យកណ្តាលម្នាក់ កំពុងដើរចេញពីក្នុងការិយាល័យចុះឈ្មោះ ដោយនៅលើមេដៃមានប្រថាប់ថ្នាំផ្តិតពណ៌ក្រហម បញ្ជាក់ថាអ្នកស្រីទើបតែធ្វើលិខិតបញ្ជាក់ អត្តសញ្ញាណ និងបានចុះឈ្មោះបោះឆ្នោតហើយ។
អ្នកស្រីថា និយាយដោយទឹកមុខរីករាយថា៖ «ខ្ញុំទើបឆ្លងទន្លេបានមួយខែកន្លះ ទើបឆ្លៀតមកបាន»។
បើទោះជាជិតដល់ម៉ោងបិទការិយាល័យចុះឈ្មោះទៅហើយក្តី ក៏គេសង្កេតឃើញនៅមានប្រជាពលរដ្ឋម្នាក់ប្រមាណបួនទៅប្រាំនាក់ទៀត បន្តមករកចុះឈ្មោះបោះឆ្នោតនៅឡើយ។
ឋិតក្នុងសម្លៀកបំពាក់ អាវស ខោស និងមានពាក់វ៉ែនតាផងនោះ លោក ចាន់ តារា គឺជាប្រធានការិយាល័យចុះឈ្មោះបោះឆ្នោត។ លោកឲ្យដឹងថា ថ្ងៃនេះលោកនិងក្រុមការងាររបស់លោក ហាក់មានភាពមមាញឹកនិងហត់ខ្លាំង ដោយតែពលរដ្ឋនៅសង្កាត់របស់លោកបានសម្រុកមកចុះឈ្មោះច្រើន។
លោកថា៖ «ខ្ញុំធ្វើការសៅរ៍អាទិត្យ គាត់ថាគាត់មកអត់ដែលឃើញធ្វើការ។ កំហុសនេះអត់ត្រូវសោះ។ តាំងពីបុណ្យអុំទូកខ្ញុំធ្វើការជាប់រហូត។ សូមអំពាវនាវបើលើកក្រោយ សូមមកចុះឈ្មោះឲ្យបានរូតរះ…»។
បើផ្អែកតាមប្រក្រតិទិន គ.ជ.ប បាននិងកំពុងរៀបចំចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋរៀងរាល់ថ្ងៃ គឺចាប់ពីដើមខែកញ្ញារហូតដល់ចុងខែវិច្ឆិកានេះ។
បើតាម គ.ជ.ប លទ្ធផលបណ្ដោះអាសន្ននៃការចុះឈ្មោះបោះឆ្នោតរហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា នេះបានបង្ហាញថា គ.ជ.ប បានចុះបញ្ជីប្រជាពលរដ្ឋបានជាង៧លាន៦៩ម៉ឺននាក់ ឬស្មើនឹង៨០ភាគរយ នៃចំនួនពលរដ្ឋគ្រប់អាយុបោះឆ្នោតសរុបជាង៩លាន៦៦ម៉ឺននាក់នៅទូទាំងប្រទេស។
ទោះជាយ៉ាងណា ចំនួនពលរដ្ឋចុះឈ្មោះបោះឆ្នោតប្រចាំថ្ងៃ បានធ្លាក់ចុះជាបន្តបន្ទាប់មកនៅក្រោម៥ម៉ឺននាក់ប៉ុណ្ណោះ នៅក្នុងខែវិច្ឆិកានេះ ដែលនាំឲ្យមានក្ដីបារម្ភថា ការចុះបញ្ជីពលរដ្ឋមិនអាចសម្រេចតាមការគ្រោងទុករបស់ គ.ជ.ប.។ ទោះជាយ៉ាងណា គេសង្កេតឃើញថា នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតមួយចំនួន មានប្រជាពលរដ្ឋសំរុកមកចុះឈ្មោះយ៉ាងច្រើនកុះករនៅថ្ងៃជិតបិទបញ្ចាប់ ហើយ គ.ជ.ប នៅព្រឹកថ្ងៃទី២៩ វិច្ឆិកានេះ បានប្រកាសសម្រេចបន្ថែមពេលវេលាចំនួន «មួយថ្ងៃ» ទៀត គឺថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ដើម្បីឲ្យពលរដ្ឋមានឱកាសបន្តទៅចុះឈ្មោះបោះឆ្នោតបាន៕