សារ​បែក​ធ្លាយ​បង្ហាញ​ថា ធី សុវណ្ណថា ផ្ដល់​យោបល់​ដល់​លោក ហ៊ុន សែន ឲ្យ​រៀបចំ​មហា​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា

កញ្ញា ធី សុវណ្ណថា (ហ្វេសប៊ុក ធី សុវណ្ណថា)

កិច្ចសន្ទនាតាមប្រព័ន្ធ Line ដែលគេសង្ស័យថាជាសារសន្ទនារវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកញ្ញា ធី សុវណ្ណថា នោះ បានបង្ហាញថា នារីម្នាក់ដែលតែងតែហៅខ្លួនឯងថា “ចៅ” នោះ បានជំរុញទៅបុរសម្នាក់ដែលតែងហៅខ្លួនឯងថា “តា” ឲ្យប្រមូលកម្លាំងដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យធ្វើបាតុកម្មប្រឆាំងនឹងលោក កឹម សុខា និងបោះឆ្នោតទម្លាក់មេដឹកនាំបក្សប្រឆាំងរូបនេះ ពីតំណែងអនុប្រធានទី ១ នៃរដ្ឋសភាជាតិ កាលពីចុងខែតុលាឆ្នាំ២០១៥កន្លងមក។

កាលពីចុងខែតុលា ឆ្នាំ២០១៥កន្លងមក ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថិតក្នុងដំណើរបំពេញទស្សនកិច្ចនៅក្នុងប្រទេសបារាំងនោះ នៅឯរាជធានីភ្នំពេញឯណេះវិញ ក្រុមបាតុកររាប់សិបនាក់ បានធ្វើបាតុកម្មនៅមុខរដ្ឋសភា ហើយបាតុកម្មនោះ បានឈានទៅដល់ការផ្ទុះអំពើហិង្សាទៅលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ២រូប ដែលត្រូវក្រុមបាតុករវាយដំឲ្យរងរបួសធ្ងន់ធ្ងរ។

នៅកិច្ចសន្ទនាដែលបែកធ្លាយនោះ បុរសដែលគេសង្ស័យថាជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ បានប្រាប់ទៅនារីដែលគេសង្ស័យថាជាកញ្ញថា ធី សុវណ្ណថា ថា ប្រសិនបើមានបាតុកម្មប្រឆាំងរូបលោកនៅឯទីក្រុងប៉ារីស នឹងមានបាតុកម្មប្រឆាំងនឹងលោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ នៅឯរាជធានីភ្នំពេញ។

នៅក្នុងសារតបទៅវិញ នារីរូបនោះថា បានចាត់ទុកថា នេះគឺជាយុទ្ធសាស្ត្រយកបន្លាជួសបន្លា និងជំរុញទៅបុរសរូបនោះ ឲ្យធ្វើមហាបាតុកម្មប្រឆាំងលោក កឹម សុខា ទាំងនៅមុខរដ្ឋសភា និងនៅគេហដ្ឋានរបស់លោក កឹម សុខា ផងដែរ។

សារសន្ទនា រៀបរាប់ថា៖ “បើធ្វើបាតុកម្ម តាគួរធ្វើឲ្យធំ និងឲ្យខ្លាំង ត្រូវមានដុតកង់ឡាន និងកប់កញ្ចក់ផ្ទះគាត់ឲ្យខ្ទេច ចង់ប្រាប់ទៅលោក កឹម សុខា ថា ចេះឯងឲ្យក្រែងចេះគេ”។

ទាក់ទងការសន្ទនានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា លោកទុកឲ្យអ្នកសារព័ត៌មានជាអ្នកវិនិច្ឆ័យថា ជាពិតឬមិនមែន ព្រោះថាលោកមិនមែនជាអ្នកនៅក្នុងរឿងនេះ។

ទោះជាយ៉ាងណា កាលពីបែកធ្លាយការសន្ទនារវាង ធី សុវណ្ណថា និងលោក ហ៊ុន ម៉ានិត កាលពីថ្ងៃអាទិត្យ លោក សុខ ឥសាន ទទួលស្គាល់ថាជាការពិត ដោយថាបញ្ហានេះមកពីមានការដោះដូរទូរសព្ទ។

VOD នៅមិនទាន់អាចទាក់ទងសុំការឆ្លើយបំភ្លឺពី កញ្ញា ធី សុវណ្ណថា បាននៅទ្បើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ